ភ្នំពេញ ៖ ឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា រដ្ឋមន្ត្រីការបរទេសខ្មែរ បានលើកឡើងពីការប្តេជ្ញាចិត្តឥតងាករេ បស់កម្ពុជាក្នុងការផ្តល់អំណាចដល់ស្ត្រី និងទទួលស្គាល់នូវតួនាទីដ៏សកម្មរបស់ស្ត្រីក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ។
នេះជាការលើកឡើងរបស់ឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា ជាមួយលោកស្រី Jacqueline Jean O’Neil ឯកអគ្គរដ្ឋទូតសម្រាប់ស្ត្រី សន្តិភាព និងសន្តិសុខ នៃកិច្ចការពិភពលោក របស់ប្រទេសកាណាដា នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤ ដែលពិភាក្សាពីការ លើកកម្ពស់សមភាពយេនឌ័រ ។
លោកឧបនាយករដ្ឋមន្ត្រី និងលោកស្រីឯកអគ្គរដ្ឋទូត ក៏បានលើកឡើងផងដែរ នូវប្រវត្តិសាស្រ្តដ៏សម្បូរបែប ក្នុងការចូល រួមរបស់ស្ត្រី នៅក្នុងសង្គមកម្ពុជា និងបានគូសបញ្ជាក់ ពីកិច្ចប្រឹងប្រែង ឥតឈប់ឈរ របស់កម្ពុជា ក្នុងការថែរក្សាកេរ្តិ៍ដំណែលនេះ ។
ជាមួយគ្នានោះ ភាគីទាំងពីរក៏បានពិភាក្សាផងដែរ ពីការចូលរួមដ៏សកម្មរបស់កម្ពុជា ក្នុងប្រតិបត្តិការរក្សាសន្តិភាព របស់អង្គការសហប្រជាជាតិ និងតួនាទីដ៏សកម្មរបស់កម្ពុជា ក្នុងសកម្មភាពមនុស្សធម៌នានា ៕