ព័ត៌មានជាតិ

រដ្ឋមន្រ្តីការបរទេសថៃ ប្ដេជ្ញាបន្តពង្រឹងកិច្ចសហប្រតិបត្តិការ ជាមួយកម្ពុជា ឲ្យកាន់តែរឹងមាំបន្ថែមទៀត

ភ្នំពេញ ៖ ក្នុងជំនួបពិភាក្សាការងារជាមួយ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជា នាថ្ងៃ២៧ មិថុនា លោក Maris SANGIAMPONGSA រដ្ឋមន្ត្រីការបរទេសថៃ បានប្ដេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឲ្យកាន់តែរឹងមាំបន្ថែមទៀត។

ក្នុងជំនួប លោករដ្ឋមន្ត្រីការបរទេសថៃ បានគោរពជម្រាបជូនសម្ដេចធិបតីថា «ក្នុងតួនាទីជារដ្ឋមន្រ្តីការបរទេស ឯកឧត្តមនឹងខិតខំពង្រឹង ទំនាក់ទំនងរវាងប្រទេសទាំងពីរឲ្យកាន់តែរឹងមាំ ក៏ដូចជាជំរុញ និងពង្រីកកិច្ចសហប្រតិបត្តិការថៃ-កម្ពុជា ឲ្យកាន់តែរីកចម្រើនបន្ថែមទៀត ព្រមទាំងបានត្រៀមជាស្រេច ក្នុងការបំពេញការងារយ៉ាងជិតស្និទ្ធជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីជាផលប្រយោជន៍ទៅវិញទៅមកសម្រាប់ប្រជាជន និងប្រទេសទាំងពីរ» ។

ជាការឆ្លើយតប សម្ដេចធិបតីថា នៅឆ្នាំក្រោយ គឺជាខួបអនុស្សាវរីយ៍លើកទី៧៥ នៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ ហើយកម្ពុជា-ថៃ ក៏បានដំឡើងកម្រិត ទំនាក់ទំនងទ្វេភាគីទៅជា «ភាពជាដៃគូយុទ្ធសាស្ត្រ» ដែលនេះបង្ហាញពីទំនាក់ទំនងដ៏រឹងមាំ និងកិច្ចសហប្រតិបត្តិការដ៏យូរអង្វែង។

សម្តេចធិបតី បានវាយតម្លៃខ្ពស់ ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏រឹងមាំរវាងប្រទេសទាំងពីរ ហើយតាមរយៈទំនាក់ទំនងដ៏ល្អនេះ កិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរលើវិស័យជាច្រើនត្រូវ បានពង្រឹងនិងពង្រីក ជាបន្តបន្ទាប់និងបន្ថែមទៀត។

បន្ថែមលើនេះ សម្តេចធិបតី ក៏បានសម្តែងការពេញចិត្តចំពោះ រាជរដ្ឋាភិបាលថៃដែលបានផ្តល់ការលើកលែងថ្លៃទិដ្ឋាការ ចេញ-ចូលសម្រាប់ពលករកម្ពុជា តាមច្រកព្រំដែនកម្ពុជា-ថៃ ក្នុងអំឡុងពេលចូលឆ្នាំថ្មីប្រពៃណីជាតិកន្លងមកនេះ។ ជាមួយគ្នានេះសម្តេចធិបតី និងរដ្ឋមន្រ្តីការបរទេសថៃ ក៏បានសម្តែងក្តីរីករាយ និងវាយតម្លៃខ្ពស់ចំពោះការរៀបចំបង្កើតស្ថានអគ្គកុងស៊ុលរវាងប្រទេសទាំងពីរ នៅខេត្តសៀមរាប និងនៅខេត្តសុងក្លា ដើម្បី សម្របសម្រួលដល់ប្រជាពលរដ្ឋនៃប្រទេសទាំងពីរ។

ឆ្លៀតក្នុងឱកាសនៃជំនួបនេះ សម្តេចធិបតី និង លោករដ្ឋមន្រ្តីការបរទេសថៃ ក៏បានពិភាក្សាលើការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ លើវិស័យជាច្រើនរួមមាន ៖ សេដ្ឋកិច្ច ពាណិជ្ជកម្ម ការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន ទេសចរណ៍ សន្តិសុខថាមពល និងកិច្ចសហប្រតិបត្តិការ លើសកម្មភាពបោសសម្អាតមីន ៕

To Top