ព័ត៌មានជាតិ

អ្នកជំនាញ ថ្កោលទោស ភាពគ្មានវិជ្ជាជីវៈ នៃរបាយការណ៍ របស់សង់ត្រាល់ ដែលប៉ះពាល់ វិស័យកាត់ដេរធ្ងន់ធ្ងរ

ភ្នំពេញ ៖ អ្នកជំនាញធ្វើរបាយការណ៍ បានរិះគន់ខ្លាំងៗចំពោះការធ្វើរបាយការណ៍ ដែលគ្មានជំនាញវិជ្ជាជីវៈច្បាស់លាស់របស់អង្គការសង់ត្រាល់ ដែលគិតតែពីប្រយោជន៍បុគ្គល អាត្មានិយម បម្រើមហិច្ឆតាបរទេស ដោយបំប៉ោងការពិត នាំឱ្យមានបញ្ហាប៉ះពាល់ធ្ងន់ធ្ងរ ដល់ការងារកម្មករ ក្នុងវិស័យកាត់ដេរ ប្រមាណ១លាននាក់នៅកម្ពុជា ។

លោកបណ្ឌិត ហុង វណ្ណ: អ្នកជំនាញសេដ្ឋកិច្ច នៃរាជបណ្ឌិត្យសភាកម្ពុជា លើកឡើងថា គោលការណ៍នៃការស្រាវជ្រាវ និងធ្វើរបាយការណ៍ ត្រូវប្រកាន់ខ្ជាប់នូវក្រមសីលធម៌ នៃការឆ្លើយសំណួរដោយស្ម័គ្រចិត្ត និងគ្មានការបង្ខិតបង្ខំអ្វីទាំងអស់។ ជាមួយគ្នានេះ លោកនិយាយថាវាត្រូវមានភាពប្រាកដប្រជា ចំពោះរបកគំហើញដែលជាលទ្ធផលនៃការស្រាវជ្រាវនោះ។
ទោះបីជាយ៉ាងណា លោកបណ្ឌិត ហុង វណ្ណ: កត់សម្គាល់ថាអង្គការសង់ត្រាល់ ដែលបានទទួលជំនួយបរទេសធ្វើខុសក្រមសីលធម៌វិជ្ជាជីវៈនៃការស្រាវជ្រាវ បង្កើតរបកគំហើញ បំភ្លៃសំណាក ដោយបំពានឯកជនភាពរបស់សហជីព និងកម្មករនិយោជិត។

លោកថ្លែងថា៖«ការបំប្លែងការពិតនេះគឺប៉ះពាល់ធ្ងន់ធ្ងរដល់ដំណើរការអភិវឌ្ឍប្រទេសជាតិជារួម ជាពិសេសរោងចក្រផលិតសម្លៀកបំពាក់ ស្បែកជើង សម្ភារៈសម្រាប់ធ្វើដំណើរទាំងអស់ ដែលបង្កើតការងារប្រហែលជា១លាននាក់ជូនពលរដ្ឋកម្ពុជា និងនាំប្រាក់ចំណូលដល់ជាតិ ប្រហែលជា១៧ពាន់លានក្នុង១ឆ្នាំៗ ហ្នឹងគឺជាការប៉ះពាល់ធ្ងន់ធ្ងរ»។
អ្នកជំនាញរូបនេះបានពន្យល់ថា បើសិនជាមានការបំពាន និងរិតត្បិតសិទ្ធិ សេរីភាពកម្មករនៅកម្ពុជាមែននោះ សហជីពមូលដ្ឋាន ដែលតំណាងឱ្យកម្មករ និយោជិត ក៏ដូចជាកម្មករនិយោជិតខ្លួនឯង ដែលទទួលបានចំណេះដឹង ផ្នែកច្បាប់ និងសុខុមាលភាព តាមរយៈអង្កការផ្សេងៗ ដែលបានចុះទៅបង្ហាត់ បង្ហាញនោះ នឹងចេញតវ៉ាដោយខ្លួនឯង ដោយមិនចាំបាច់អង្គការសង់ត្រាល់ ចេញរបាយការណ៍នោះទេ។

ដូចគ្នានេះដែរ លោកបណ្ឌិតឈត ប៊ុនថង អ្នកទស្សនៈវិជ្ជា និងជាអ្នកស្រាវជ្រាវ នៃរាជបណ្ឌិត្យសភាកម្ពុជា យល់ស្របជាមួយលោកបណ្ឌិត ហុង វណ្ណ: ថា ភាពគ្មានជំនាញវិជ្ជាជីវៈរបស់អង្គការសង់ត្រាល់ ដែលចេញរបាយការណ៍មិនឆ្លុះបញ្ចាំងការពិត និងជារបាយការណ៍ដែលមិនទទួលបានទិន្នន័យពេញលេញ គ្មានសច្ចភាព ធ្វើឱ្យមានការយល់ច្រឡំ ដែលបង្កឱ្យមានការបះបោរចលាចល ដោយកម្មករនិយោជិត ឬអ្នកដែលឈឺឆ្អាលក្នុងរឿងកម្មករនិយោជិតក្នុងសង្គម។

លោកនិយាយថា របាយការណ៍បំប៉ោងការពិតរបស់សង់ត្រាល់ ក៏ប៉ះពាល់ដល់វិនិយោគិន អ្នកបញ្ជាទិញ លែងចង់ដាក់ទុនរកស៊ីបន្តទៀតនៅកម្ពុជាផងដែរ។ មិនតែប៉ុណ្ណោះ លោកបន្ថែមថា បណ្តាប្រទេសផ្សេងៗទៀត នៅសហគមន៍អឺរ៉ុប និង ដាក់សម្ពាធលើកម្ពុជា ព្រោះតែយល់ច្រឡំអំពី ការអនុវត្តន៍សិទ្ធិសេរីភាពកម្មករនិយោជិត។

លោកលោកបណ្ឌិត ឈត ប៊ុនថង គូសបញ្ជាក់ថា៖«របាយការណ៍មួយប៉ះពាល់ដល់សង្គមទាំងមូល ដូច្នេះទាមទារឱ្យមានការបង្ហាញការពិត ដែលជាសច្ចៈភាព មិនមែនចេះតែធ្វើឡើងដោយទ្វេសប្រហែសបានទេ ព្រោះកាលណាចេញទៅវាប៉ះពាល់ផលប្រយយោជន៍ជាតិ ប៉ះពាល់ផលប្រយោជន៍ថៅកែ ប៉ះពាល់ផលប្រយោជន៍សេចក្តីថ្លៃថ្នូររបស់ស្ថាប័នជាតិពាក់ព័ន្ធនឹងវិស័យការងារជាដើម»។

គួរបញ្ជាក់ថា ក្នុងសេចក្តីថ្លែងការណ៍ ចេញផ្សាយយប់ថ្ងៃទី២៦ ខែមិថុនា អង្គការសង់ត្រាល់បានទទួលស្គាល់ថា ទំហំសំណាកនៃការស្រាវជ្រាវ របស់ខ្លួននៅមានកម្រិត ហើយគ្មានលក្ខណៈតំណាងឱ្យបទពិសោធន៍ ជាក់ស្តែងរបស់កម្មករនិយោជិត នៅកម្ពុជាទេ។ ការបកស្រាយបំភ្លឺនេះ ផ្ទុយពីរបាយការណ៍របស់ខ្លួន ដែលចេញផ្សាយ កាលពីថ្ងៃទី៤ ខែមិថុនា ថាសរីភាព របស់សហជីពនៅកម្ពុជា ទាំងមូលត្រូវបានបំផ្លិចបំផ្លាញនោះ ៕

To Top