ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងអំណរគុណដល់ប្រទេសថៃ ដែលបានបង្កលក្ខណៈងាយស្រួល ដល់ពលរដ្ឋ និងពលករកម្ពុជាបានទៅធ្វើការក្នុងប្រទេសថៃ ដោយបានបង្កើនរយៈពេលស្នាក់នៅមិនចាំបាច់មានទិដ្ឋាការ ពីរយៈពេល៤០ថ្ងៃ ទៅ៦០ថ្ងៃ។
សម្ដេចបញ្ជាក់ថា ការបង្កភាពងាយស្រួលនេះ មិនត្រឹមតែបានអនុញ្ញាត ឱ្យពលករកម្ពុជា មានចំណូលប៉ុណ្ណោះទេ ថែមទាំងទទួលបាននូវ ជំនាញថែមទៀតផងដែរ ព្រមទាំងផ្ដល់ឱកាស ឱ្យប្រជាជននៃប្រទេសទាំងពីរ មានទំនាក់ទំនងកាន់តែស៊ីជម្រៅ ទាំងវិស័យវិនិយោគ និងទេសចរណ៍។
ការលើកឡើងនេះ ធ្វើឡើងក្នុងឱកាសសម្ដេចតេជោ អនុញ្ញាតឱ្យ លោក Maris SANGIAMPONGSA រដ្ឋមន្ត្រីការបរទេសនៃព្រះរាជាណាចក្រថៃ ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤ ។
ក្នុងជំនួបនេះ សម្ដេចតេជោ ហ៊ុន សែន បានអបអរសាទរចំពោះ លោក Maris SANGIAMPONGSA ដែលត្រូវបានជ្រើសតាំងជារដ្ឋមន្ត្រីការបរទេសថៃ។
សម្ដេចតេជោ បានអរគុណ និងស្វាគមន៍ចំពោះ លោក ដែលបានជ្រើសរើសកម្ពុជា ជាទីកន្លែងបំពេញទស្សនកិច្ច លើកដំបូង នាពេលនេះ។
សម្ដេចតេជោសង្ឃឹមថា ដំណើរទស្សនកិច្ចរបស់លោករដ្ឋមន្រ្តី និងពង្រឹង នូវទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរ ឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត។ សម្តេចតេជោ ក៏បានផ្ដាំផ្ញើសួរសុខទុក្ខដល់ នាយករដ្ឋមន្ត្រីថៃ និងថ្នាក់ដឹកនាំថៃ ដទៃទៀតផងដែរ។
លោករដ្ឋមន្ត្រីការបរទេសថៃ បានថ្លែងអំណរគុណចំពោះសម្ដេចតេជោ ដែលបានអនុញ្ញាតឱ្យលោក បានចូលជួបសម្ដែងការគួរសមនៅពេលនេះ ដែលជាសេចក្តីប៉ងប្រាថ្នារបស់លោកជាយូរមកហើយ។ លោកបានគូសបញ្ជាក់ថា ប្រទេសថៃ បានចាត់ទុកប្រទេសកម្ពុជា ជាប្រទេសសំខាន់ ដោយប្រទេសយើងទាំងពីរ មានព្រំដែនជាប់គ្នា ហើយរាជរដ្ឋាភិបាលថៃ តែងតែផ្ដល់អាទិភាពខ្ពស់ ក្នុងទំនាក់ទំនងជាមួយព្រះរាជាណាចក្រកម្ពុជា។
លោកបានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់ លោក សេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្ត្រីថៃ ជូនចំពោះសម្ដេចតេជោផងដែរ។ លោករដ្ឋមន្ត្រីការបរទេសថៃ បានជម្រាបជូនសម្ដេចតេជោថា លោកបានទទួលការណែនាំ ពីរាជរដ្ឋាភិបាលថៃ ក្នុងឋានៈជារដ្ឋមន្ត្រីការបរទេស ត្រូវខិតខំប្រឹងប្រែងឱ្យអស់លទ្ធភាព ដើម្បីពង្រឹងពង្រីកទំនាក់ទំនង ដែលមានស្រាប់រវាងប្រទេសទាំងពីរ ហើយនិងប្តេជ្ញាឱ្យទំនាក់ទំនងនេះ កាន់តែរឹងមាំស៊ីជម្រៅលើគ្រប់វិស័យ។
លោកក៏បានវាយតម្លៃខ្ពស់ចំពោះការគាំទ្រ និងជំនួយសព្វបែបយ៉ាង ដែលរាជរដ្ឋាភិបាលកម្ពុជា បានជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរ ជាពិសេសការតភ្ជាប់រវាងប្រជាជន និងប្រជាជននិង ទំនាក់ទំនងរវាងវិស័យឯកជន និងវិស័យឯកជន។
លោក ក៏បានលើកឡើង ពីការសម្រេចចិត្ត របស់សម្តេចធិបតី និង នាយករដ្ឋមន្ត្រី សេដ្ឋា ថាវីស៊ីន ដែលគាំទ្រអនុញ្ញាតឱ្យបើកស្ថានអគ្គកុងស៊ុល នៅខេត្តសៀមរាប និងស្ថានអគ្គកុងស៊ុលកម្ពុជា នៅខេត្តសុងក្លា ។ លោក សង្ឃឹមថា បន្ទាប់ពីបើកឱ្យដំណើរការ ស្ថានអគ្គកុងស៊ុលទាំងពីរនេះ នឹងជំរុញថែមទៀតនៅការតភ្ជាប់ រវាងប្រជាជននិងប្រជាជន ជាពិសេស ការវិនិយោគផ្សេងៗ ។ លោករដ្ឋមន្ត្រីការបរទេសថៃ បានលើកជាយោបល់ថា នាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរ អាចនឹងផ្ដល់កិត្តិយស ចូលរួមក្នុងការបើកអគ្គកុងស៊ុល នៅប្រទេសទាំងពីរ ដើម្បីជានិម្មិតរូបបង្ហាញថា រាជរដ្ឋាភិបាលនៃប្រទេសទាំងពីរ ធ្វើការជាមួយគ្នាយ៉ាងជិតស្និទ្ធ ដើម្បីជំរុញការតភ្ជាប់ រវាងប្រជាជន និងប្រជាជន។
លោករដ្ឋមន្រ្តីក៏បានជម្រាបជូន សម្ដេចតេជោពីក្តីរីករាយ ដែលរដ្ឋាភិបាលថៃ បានបង្កើតនូវវិធាន និងបទបញ្ញត្តិដែលអនុគ្រោះ និងសម្រួលឱ្យពលរដ្ឋខ្មែរ ធ្វើដំណើរចូលទៅកាន់ប្រទេសថៃ និងស្នាក់នៅ ដោយពុំចាំបាច់មានទិដ្ឋាការ រហូតដល់រយៈពេល៦០ថ្ងៃ ដែលកាលពីមុន មានរយៈពេល ត្រឹមតែ៤០ថ្ងៃប៉ុណ្ណោះ ។ ទាំងនេះជាការលើកទឹកចិត្ត ឱ្យប្រជាជនកម្ពុជា បានចូលរួមក្នុងវិស័យពាណិជ្ជកម្ម នៅតាមព្រំដែន និងការធ្វើដំណើរ កំសាន្តទេសចរណ៍ជាដើម ។ រាជរដ្ឋាភិបាលថៃ ក៏បានជំរុញឱ្យវិស័យឯកជន បានចូលរួមជាមួយរាជរដ្ឋាភិបាល នៃប្រទេសទាំងពីរ ក្នុងការជំរុញការ វិនិយោគលើវិស័យសំខាន់ៗ ជាច្រើន។ រាជរដ្ឋាភិបាលថៃ មើលឃើញថា ទំហំទេសចរណ៍បរទេស ចូលទៅទស្សនាប្រទេសថៃ មានចំនួនច្រើន ដូច្នេះ ភ្ញៀវទេសចរណ៍បរទេសទាំងអស់នោះ ក៏អាចបន្តមកទស្សនាប្រទេសកម្ពុជា បានផងដែរ ដើម្បីរួមចំណែកទាំងអស់គ្នា ក្នុងភាពរីកចម្រើន នៃវិស័យទេសចរណ៍ ។
សម្តេចតេជោ បានបន្ថែមថា ប្រទេសថៃ ជាគោលដៅមួយ ដែលពលរដ្ឋខ្មែរតែងតែទៅពិនិត្យសុខភាព។ សម្ដេច សង្ឃឹមថា ភាពរីកចម្រើន ក្នុងវិស័យវេជ្ជសាស្ត្ររបស់ថៃ អាចនឹងជួយសម្រួលដល់ ប្រជាជនប្រទេសជិតខាង មានកម្ពុជា ឡាវ មីយ៉ាន់ម៉ា ដែលនឹងទៅស្វែងរក សេវាសុខាភិបាលនេះ។
សម្ដេចតេជោ បន្តថា ឆ្នាំ២០២៥ ជាខួបលើកទី៧៥ នៃការបង្កើតទំនាក់ទំនងការទូត រវាងប្រទេសទាំងពីរ ហើយសម្ដេចជំរុញ ឱ្យមានការរៀបចំកម្មវិធីរំលឹកខួប ទំនាក់ទំនងនេះឱ្យបានច្រើនផងដែរ ។ សម្ដេចតេជោ ប្រធានព្រឹទ្ធសភា ក៏ជំរុញឱ្យអ្នកវិនិយោគថៃ មកវិនិយោគនៅកម្ពុជា ឱ្យបានកាន់តែច្រើនថែមទៀត៕