ភ្នំពេញ ៖ ថ្លែងក្នុងសន្និសីទសារព័ត៌មាន រៀបចំដោយ ក្រុមអ្នកនាំពាក្យ ក្រសួងមហាផ្ទៃ នាពេលថ្មីៗនេះ លោកឧត្តមសេនីយ៍ឯក ចេវ ហាក់ អគ្គស្នងការរង ទទួលផែនចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាន នគរបាលជាតិ បានពន្យល់ច្បាស់អំពីបច្ចេកទេស នៃការកសាងសំណុំរឿង គ្រោះថ្នាក់ចរាចរណ៍ ទាំងការវាស់វែង និង ការស្រាវជ្រាវរបស់មន្រ្តីជំនាញ ដោយផ្អែកលើអង្គហេតុបានកើតឡើង ពោលគឺគ្មានឡើយការ ប្រកាន់ទស្សនៈបែបសន្មត់ថា «អាធំចាំតែខុស អាតូចដឹងតែពីត្រូវ» ដូចដែលមហាជនមួយចំនួនបាននិយាយតៗគ្នានោះឡើយ។

បើតាម លោកឧត្តមសេនីយ៍ឯក ចេវ ហាក់ ការសន្មត់ថា «អាធំចាំតែខុស អាតូចដឹងតែពីត្រូវ» គឺជាការយល់ខុសបណ្ដាល មកពីកង្វះការយល់ដឹង លើការបំពេញតួនាទីរបស់មន្រ្តី ជំនាញ ដូចជាការចុះទៅវាស់វែង ការស្រាវជ្រាវ ការធ្វើរបាយការណ៍ និងការរៀបចំសំណុំរឿង នៃករណីគ្រោះថ្នាក់ចរាចរណ៍ ដែលបានកើតឡើង ។
លោកឧត្តមសេនីយ៍ឯក បញ្ជាក់ថា «ខ្ញុំសូមបញ្ជាក់ជូនសាធារណជនថា គ្រោះថ្នាក់ចរាចរណ៍ជារឿងសត្យានុម័ត គឺហេតុបែបណា ផលបែបហ្នឹង! អ៊ីចឹងសមត្ថកិច្ចមិនមែនអនុវត្តដូចគាត់ថា ឡានធំដឹងតែពីខុសនោះទេ! អង្គហេតុនៃគ្រោះថ្នាក់នឹងបញ្ជាក់ច្បាស់ថាគ្រោះថ្នាក់វាកើតឡើងយ៉ាងម៉េច»? តើមន្រ្តីនគរបាលចរាចរណ៍ កសាងសំណុំរឿងគ្រោះថ្នាក់ចរាចរណ៍យ៉ាងដូចម្ដេច?»។

លោកឧត្តមសេនីយ៍ឯក ចេវ ហាក់ បានបញ្ជាក់ត្រួសៗថា មានឯកសារចំនួន៣៦ ដែលមន្រ្តីត្រូវបំពេញ ជាអាទិ៍ ស្ថានភាពនៃការបើកបរ ការប្រើប្រាស់បណ្ណបើកបរ ការបើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹង និងគ្រឿងញៀន រួមទាំងការធ្វើតេស្តនិងការវាស់វែងនៅហ្នឹងកន្លែងជាដើម។
លោកឧត្តមសេនីយឯក បន្ថែមថា «ការវាស់វែង គឺដើម្បីដឹងថាគាត់បើកបរត្រឹមត្រូវឬអត់? ចូលចំណែកផ្លូវគេឬអត់? ប្រើល្បឿនកម្រិតណា? ដើម្បីដឹងពីល្បឿនបើកបរ សមត្ថកិច្ចនឹងគណនាទំហំ នៃការខូចខាត ស្នាមហ្វ្រាំងលើផ្លូវក៏អាចគណនាដឹងពីល្បឿនដែរ គឺមិនដូចបងប្អូនថា ឡានធំដឹងតែខុសនោះទេ» ។

ទន្ទឹមនឹងភាពច្បាស់លាស់នៃការបំពេញសំណុំរឿងគ្រោះថ្នាក់ចរាចរណ៍ដោយមន្រ្តីជំនាញ លោកឧត្តមសេនីយ៍ឯក ចេវ ហាក់ ក៏បានព្រលយឱ្យដែរថា នៅពេលឡើងដល់ស្ថាប័នតុលាការ ចៅក្រម ក៏មិនសម្រេចសេចក្ដីអាស្រ័យ លើយានយន្តតូចឬធំនោះដែរ ពោលគឺការវិនិច្ឆ័យក៏ផ្អែកលើអង្គហេតុ ដែលសមត្ថកិច្ចបានកសាងបញ្ជូនទៅ រួមទាំងការប្រមូលព័ត៌មានពីសាក្សី និងភស្តុតាងពាក់ព័ន្ធ។
លោក បន្តថា «ទន្ទឹមនេះ ក្នុងចំណែកនៃការបង្កើនភាពច្បាស់លាស់ យើងក៏អាចប្រមូលព័ត៌មានចេញពីកាមេរ៉ាសុវត្ថិភាព និងកាមេរ៉ាបំពាក់តាមយានយន្ត ទាំងយានយន្តជួបគ្រោះថ្នាក់ និងយានយន្តផ្សេងទៀតដែលឆ្លងកាត់» ៕
