ភ្នំពេញ ៖សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជាមិនលូកដៃនៅក្នុងវិស័យឯកជន ហើយកត្តាធំបំផុតនោះ រាជរដ្ឋាភិបាលធានាសុខសន្ដិភាព សម្រាប់វិស័យឯកជន។
នាឱកាសអញ្ជើញសំណេះសំណាល និងពិសាភោជនាហារសាមគ្គី មហាគ្រួសារសហគ្រាសធុនតូច មធ្យម និងសិប្បកម្មកម្ពុជា ក្នុងឱកាសអបអរ ទិវាសហគ្រាសធុនមីក្រូតូច និងមធ្យម នាល្ងាចថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤ សម្ដេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា «រដ្ឋាភិបាល មិនលូកដៃ នៅក្នុងវិស័យឯកជន រដ្ឋាភិបាល មិនចាំបាច់មានក្រុមហ៊ុនដែលរដ្ឋ គ្រប់គ្រងនោះទេ ។ ពិតណាស់ យើងមានគ្រឹះស្ថាន សិក្សាសាធារណៈរបស់រដ្ឋមួយចំនួន យើងមានសហគ្រាសសាធារណៈរបស់រដ្ឋមួយចំនួន ដូចជា៖ EDC រដ្ឋាករទឹក ដែលយើងគ្រប់គ្រងមួយចំនួនទេ»។
សម្ដេចធិបតី បន្ដថា វិស័យសំខាន់ជាច្រើន មានវិស័យឯកជនសឹងទាំងអស់ ក្នុងការគ្រប់គ្រង។ អ្វីដែលរាជរដ្ឋាភិបាល ត្រូវធានានោះ ទីមួយ វិស័យឯកជនខ្លាចជាងគេបំផុត គឺស្ថេរភាពត្រូវបាត់បង់ទាំងវិនិយោគិនមក វិនិយោគស្រុកខ្មែរ និងវិនិយោគិនក្នុងស្រុក បើត្រូវការអភិវឌ្ឍបន្ថែម ត្រូវគិតអំពីស្ថេរភាព។
សម្ដេចធិបតី បន្ថែមថា ដូច្នេះការធានាធំមួយរបស់រាជរដ្ឋាភិបាល សម្រាប់វិស័យឯកជន គឺការធានាសុខសន្ដិភាព សន្ដិសុខ និងសេ្ថរភាពសង្គម ដែលត្រូវការពារឲ្យបានដាច់ខាត ទោះនៅក្នុងតម្លៃណាក៏ដោយ ដើម្បីធានាសិទ្ធិសេរីភាពរបស់វិស័យឯកជន នៅក្នុងការដើរតួនាទី ក្នុងការបង្កើតការងារ និងជួយជំរុញជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។ សម្ដេច បន្ដថា បញ្ហា ទីពីរ នោះ គឺថែរក្សាសេ្ថរភាពម៉ាក្រូសេដ្ឋកិច្ច។
យោងតាមរបាយការណ៍ថ្នាក់ជាតិ ស្តីពីលទ្ធផលចុងក្រោយនៃជំរឿនសេដ្ឋកិច្ច នៅព្រះរាជាណាចក្រកម្ពុជា ឆ្នាំ២០២២ របស់វិទ្យាស្ថានជាតិស្ថិតិ នៃក្រសួងផែនការ កម្ពុជាមានសហគ្រាសធុនមីក្រូ តូច និងមធ្យមចំនួន ៧៥៣,៦៧០ មូលដ្ឋាន មានកម្លាំងពលកម្មសរុប ២,៩៨០,៥៦៩នាក់ ក្នុងនោះស្រ្តីមាន១,៨៤១,៣៦២នាក់ ។ លទ្ធផលជំរឿន បានបង្ហាញថា វិស័យ សហគ្រាសធុនមីក្រូ តូច និងមធ្យម បានចូលរួមក្នុងផលិតផល ក្នុងស្រុកសរុបស្មើ៦៣% និងផ្តល់ការងារលើសពី៧០% (ដោយមិនរាប់បញ្ចូល វិស័យកសិកម្ម)៕