ភ្នំពេញ ៖ ក្រុមមន្រ្តី នៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានចូលរួមក្នុងកម្មវិធីសំណេះសំណាល និងពិសាភោជនាហារសាមគ្គីមហាគ្រួសារ សហគ្រាសធុនតូច មធ្យម និងសិប្បកម្មកម្ពុជា ក្នុងឱកាសអបអរសាទរ ទិវាសហគ្រាស ធុនមីក្រូ តូច និងមធ្យម ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា នាល្ងាចថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤ ។
ក្នុងឱកាសដ៏វិសេសវិសាលនេះផងដែរ សម្តេចធិបតីបានថ្លែងនូវសុន្ទរកថា ដ៏មានអត្ថន័យ និងខ្លឹមសារ ដោយបានលើកឡើង នូវចំណុចសំខាន់ៗមួយចំនួន រួមមាន ៖
១. រាជរដ្ឋាភិបាល ត្រូវតែបន្ដធានាដល់ស្ថិរភាព ដើម្បីបន្ដអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងកុំឲ្យវិស័យឯកជនមានការព្រួយបារម្ភ,
២. រយៈពេល១០ខែនេះ រាជរដ្ឋាភិបាលនីតិកាលថ្មីធានាបាននូវម៉ាក្រូសេដ្ឋកិច្ច ខណៈពិភពលោកស្ថិតក្នុងភាពមិនច្បាស់លាស់
៣. ការអភិវឌ្ឍប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ មិនអាចពឹងផ្អែកតែរដ្ឋបាននោះទេ ពោលត្រូវការចូលរួមពីវិស័យឯកជន
៤. លើកទឹកចិត្តឱ្យមានជំនួបធុរកិច្ច នៅក្រៅប្រទេសរវាងវិស័យឯកជនក្នុងស្រុក និងក្រៅស្រុកឱ្យបានច្រើន ដើម្បីទំនាក់ទំនងគ្នាដោយផ្ទាល់ ឈានទៅដល់ការទាក់ទាញ វិនិយោគិនបរទេសមកកម្ពុជា
៥. បន្ដគាំទ្រដល់វិស័យឯកជន និងសូមផ្ដាំវិស័យឯកជន កុំរក្សាផ្នត់គំនិតថា រដ្ឋផ្ដល់ការអនុគ្រោះរហូត ព្រោះការអនុគ្រោះពីរដ្ឋរហូត នឹងមិនផ្ដល់ការរីកចម្រើននោះឡើយ។
ក្នុងការចូលរួមកម្មវិធីនេះ, ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ក៏បានឆ្លៀតឱកាស ក្នុងការផ្សព្វផ្សាយអំពីតួនាទី របស់ធនាគារ ដែលជាធនាគារអនុវត្តគោលនយោបាយ របស់រាជរដ្ឋាភិបាល និងបង្ហាញពីការចូលរួមចំណែក ក្នុងការផ្តល់ហិរញ្ញប្បទាន ដល់សហគ្រាសធុនតូច មធ្យម និងធំ ក្នុងវិស័យកសិកម្ម និងកសិ-ឧស្សាហកម្ម៕