ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានព្រមានកម្ទេចចោល រាល់អង្គការចាត់តាំង ឬគណបក្សនយោបាយណា នៅក្នុងប្រទេសកម្ពុជា ដែលមានទំនាក់ទំនង ទៅនឹងគម្រោងបង្កើតរដ្ឋាភិបាល និរទេស ដែលមានទីតាំង នៅក្រៅប្រទេស។
ថ្លែងចេញពីអង្គមីទ្ទិញអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៧៣ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជានៅព្រឹកថ្ងៃទី២៨ មិថុនា សម្ដេចតេជោបានមានប្រសាសន៍ថា ចលនាជ្រុលនិយម នៅកម្ពុជានៅតែបន្តមានសកម្មភាព ហើយចលនាជ្រុលនិយមនេះ គឺជាឬគល់និងជាគ្រោះថ្នាក់សម្រាប់ប្រទេសជាតិ។ ដូច្នេះសម្ដេចបានបង្ហើបឲ្យដឹងថា ការផ្ដួចផ្ដើមគំនិតដើម្បីបង្កើតរដ្ឋាភិបាលនិរទេសនៅក្រៅប្រទេសកំពុងចាប់ផ្ដើម។
សម្ដេចតេជោប្រធានបក្ស កាន់អំណាចបញ្ជាក់ថា «បក្សណាក៏ដោយ អ្នកណាក៏ដោយ ដែលមានទំនាក់ទំនង ជាមួយនឹងរដ្ឋាភិបាលនិរទេស ដែលគ្រោងនឹងបង្កើតនេះ យើងត្រូវតែកំចាត់ចោលភ្លាម រំសាយចោលភ្លាម នូវអង្គការចាត់តាំង ឬបក្សនយោបាយណា ក៏ដោយដែលនៅក្នុងប្រទេស»។
សម្ដេចអះអាងថា មិនអាចឲ្យក្រុមនេះ មានក្បាលម៉ាស៊ីន ជារដ្ឋាភិបាលនៅក្រៅប្រទេស ហើយមានសមាជិកធ្វើសកម្មភាព នៅក្នុងប្រទេសបានទេ។
ក្នុងករណីនេះ សម្ដេចតេជោបានអំពាវនាវ ចំពោះរាជរដ្ឋាភិបាលអាណត្តិទី៧ ដែលដឹកនាំដោយសម្ដេចធិបតី ហ៊ុន ម៉ាណែត ឲ្យពិនិត្យពិចារណា ធ្វើវិសោធនកម្មច្បាប់ ទាក់ទងនឹងការបង្កើតគណបក្សនយោបាយ និងច្បាប់ដ៏ទៃទៀត ប្រសិនបើក្រុមនេះ បង្កើតនូវរដ្ឋាភិបាលនិរទេស ៕