ព័ត៌មានជាតិ

បារាំង-កម្ពុជា នឹងរៀបចំវេទិកាធុរកិច្ច ឆ្នាំ២០២៤ ដើម្បីលើកកម្ពស់ការវិនិយោគ និងពាណិជ្ជកម្ម

ភ្នំពេញ ៖ សភាពាណិជ្ជកម្ម និងឧស្សាហកម្មបារាំង-កម្ពុជា (CCIFC) នឹងរៀបចំវេទិកាធុរកិច្ចបារាំង-កម្ពុជាលើកទី២ ចាប់ពីថ្ងៃទី៨-១០ កក្កដាខាងមុខ។ ពិធីបើកវេទិកានេះ នឹងប្រព្រឹត្តទៅនៅរាជធានីភ្នំពេញ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។

វេទិកាធុរកិច្ចនេះធ្វើឡើងក្រោមកិច្ចសហការ ជាមួយគណៈកម្មាធិការទីប្រឹក្សាពាណិជ្ជកម្ម ក្រៅប្រទេសបារាំងប្រចាំនៅកម្ពុជា (CCEF) និង សភាពាណិជ្ជកម្មកម្ពុជា (CCC) ជាមួយការគាំទ្រពីស្ថានទូត បារាំងប្រចាំកម្ពុជា សហព័ន្ធនិយោជកបារាំង អន្តរជាតិ (MEDEF) និងសមាគមឧកញ៉ាកម្ពុជា។

ព្រឹត្តិការណ៍នេះ នឹងមានការចូលរួម ពីសមាជិកសហគមន៍ ធុរកិច្ចបារាំងនៅកម្ពុជា ក៏ដូចជាតំណាងក្រុមហ៊ុន បារាំងនៅក្នុងតំបន់ ដែលមានបំណងស្វែងយល់ឲ្យកាន់តែច្បាស់ពីទីផ្សារកម្ពុជា ។ តំណាងមកពីក្រុមហ៊ុនសំខាន់ៗ ជាច្រើននឹងមានវត្តមាន ដូច ជាក្រុមហ៊ុនសំណង់ និងហេដ្ឋារចនាសម្ព័ន្ធ ឌីជីថល សុខាភិបាល ថាមពល នគរូបនីយកម្ម ទេសចរណ៍ ឡូជីស្លឹក ដឹកជញ្ជូន កសិកម្ម និងកសិអាហារ ក៏ដូចជាការអភិវឌ្ឍ ប្រកបដោយចីរភាព និងបរិស្ថាន ។ វេទិកាធុរកិច្ចលើកទី២នេះនឹងជួយពង្រឹងទំនាក់ ទំនងសេដ្ឋកិច្ច បារាំង-កម្ពុជា និងជាឱកាសពិសេសមួយ សម្រាប់ក្រុមហ៊ុន អ្នកប្រកបវិជ្ជាជីវៈ និងអ្នកមានចំណាប់ អារម្មណ៍អំពីការ អភិវឌ្ឍសេដ្ឋកិច្ច ក្នុងការស្វែងយល់ពីសក្តានុពល ជាច្រើនដែលកម្ពុជាផ្តល់ឲ្យ។ វេទិកានេះក៏ជាពេលវេលាសម្រាប់បង្កើតទំនាក់ ទំនងជាមួយដៃគូយុទ្ធសាស្ត្រ ថ្នាក់ដឹកនាំនយោបាយ និងអ្នកជំនាញនៅកម្ពុជាផងដែរ ។

ថ្ងៃទី៣នៃវេទិកានឹងប្រព្រឹត្តទៅនៅក្រុងព្រះសីហនុ ដើម្បីផ្តល់ឱកាសដល់អ្នកចូលរួមស្វែងយល់អំពីទីតាំងសេដ្ឋកិច្ច សំខាន់ៗនៅក្រុងព្រះសីហនុ និងជួបជាមួយតំណាងរាជរដ្ឋាភិបាលកម្ពុជានៅទីនោះ។ វេទិកាធុរកិច្ចបារាំង-កម្ពុជាឆ្នាំ២០២៤ គឺ ជាកាតាលីករមួយនៃកិច្ចសហការសេដ្ឋកិច្ចទ្វេភាគីថ្មីៗ សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាពនៃប្រទេសទាំងពីរ ។

អស់រយៈពេលប្រមាណ២ឆ្នាំមកហើយ ទំនាក់ទំនងទ្វេភាគីបារាំង-កម្ពុជាមានលក្ខណៈរស់រវើកជាប់ជានិច្ច តាមរយៈដំណើរ ទស្សនកិច្ចផ្លូវការ របស់ថ្នាក់ដឹកនាំជាន់ខ្ពស់កម្ពុជា ជាច្រើនរូបនៅប្រទេសបារាំង ក្នុងនោះមានដំណើរទស្សនកិច្ច របស់សម្តេចធិបតី ហ៊ុន ម៉ាណែត កាលពីថ្ងៃទី១៨ និងទី១៩ ខែមករា ឆ្នាំ២០២៤កន្លងទៅ ។ ក្នុងអំឡុងដំណើរទស្សនកិច្ចនេះ កិច្ចព្រមព្រៀងចំនួន៧ត្រូវបានចុះហត្ថលេខាក្នុងវិស័យគន្លឹះ ដូចជាថាមពល ហេដ្ឋារចនាសម្ព័ន្ធ និងការចែកចាយ ដែលឆ្លុះបញ្ចាំងពី សករាជថ្មីមួយនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសបារាំង និងកម្ពុជា ។ កិច្ចព្រមព្រៀងខាងលើក៏បង្ហាញ ឱ្យឃើញផងដែរពីការ ប្តេជ្ញាចិត្ត របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់ការ ពង្រឹងវិស័យឯកជន ។

ទំហំនៃបម្ចាស់ប្តូរពាណិជ្ជកម្មរវាងបារាំង និងកម្ពុជាមានចំនួន ១ ៣៦៣ លានអឺរ៉ូ កាលពីឆ្នាំ២០២៣។ បច្ចុប្បន្ន ប្រទេសបារាំងគឺ ជាដៃគូពាណិជ្ជកម្មទី២របស់កម្ពុជានៅអឺរ៉ុប បន្ទាប់ពីប្រទេសអាល្លឺម៉ង់ ។ ការនាំចេញរបស់បារាំងមកកម្ពុជាកាលពីឆ្នាំ២០២៣ បានកើនឡើង យ៉ាងខ្លាំង ពោលគឺ៣១% ធៀបនឹងឆ្នាំ២០២២ ជាពិសេសផលិតផលកសិអាហារ ឱសថ និងផលិតផលលោហៈ ។ ចំណែកការនាំចេញរបស់កម្ពុជា ទៅកាន់ប្រទេសបារាំងវិញមានទំហំទឹកប្រាក់ ១ ១៩២ លានអឺរ៉ូ កាលពីឆ្នាំ២០២៣ ជាពិសេស ក្នុងវិស័យវាយនភ័ណ្ឌ ផលិតផលកសិអាហារ និងទោចក្រយាន។

ក្នុងទំហំប្រមាណ៥៦០លានអឺរ៉ូ ការវិនិយោគរបស់បារាំងនៅកម្ពុជាក៏មានការកើនឡើងផងដែរ ជាពិសេសក្នុងវិស័យសំណង់ កសិឧស្សាហកម្ម និងសេវា ។ ក្រៅពីបុត្រសម្ព័ន្ធ នៃក្រុមហ៊ុនបារាំងធំៗ វត្តមានដ៏ច្រើន នៃក្រុមហ៊ុន ក្នុងស្រុក របស់ជនជាតិ បារាំង នៅកម្ពុជា (ជាង៤០០ក្រុមហ៊ុន) បង្ហាញ ឱ្យឃើញអំពីការវិនិយោគ ក៏ដូចជាវត្តមានរឹងមាំ របស់បារាំង នៅកម្ពុជា ។ តួលេខទាំងនេះ ឆ្លុះបញ្ចាំងឱ្យឃើញពីភាព រស់រវើក នៃទំនាក់ទំនង សេដ្ឋកិច្ចបារាំង-កម្ពុជា ដែលផ្តល់ អត្ថប្រយោជន៍ ដល់ក្រុមហ៊ុននៃប្រទេសទាំង ពីរ និងចូលរួមចំណែកក្នុង ការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា ៕

To Top