កំពង់ស្ពឺ ៖ ដោយមើលឃើញ អំពីភាពចាំបាច់ ក្នុងកិច្ចប្រតិបត្តិការ ការពារសន្តិសុខ រក្សាសុវត្ថិភាពជូនប្រជាពលរដ្ឋ រាល់បេសកកម្មនានាក្នុងមូលដ្ឋាន កងកម្លាំងតែងតែខ្វះខាតសម្ភារៈមធ្យោបាយចល័ត ក្នុងការរឹតបណ្តឹងបញ្ហាសន្តិសុខ ភូមិ-ឃុំមានសុវត្ថិភាពនោះ សប្បុរសជនចំនួន ១២នាក់បានរួមគ្នា បរិច្ចាគថវិកាទិញរថយន្ត និងម៉ូតូ ផ្តល់ជូនអង្គភាពបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤ ។

លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការកងរាជអាវុធហត្ថ ខេត្តកំពង់ស្ពឺ មានប្រសាសន៍ក្នុងពិធីទទួលនោះថា ដើម្បីឆ្លើយតបទៅនិងភារកិច្ច ចាំបាច់ចំពោះមុខ និងអនុវត្តរាល់ បទបញ្ជា របស់នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស អង្គភាពពិតជានៅខ្វះខាត នៅមធ្យោបាយជាច្រើន សម្រាប់ការងារប្រតិបត្តិការ បង្ការ បង្ក្រាប និងសង្គ្រោះ ។

មេបញ្ជាការបន្ថែមថា តបតាមសេចក្តីត្រូវការនេះហើយ ទើបសប្បុរសជនបានរួមសហការគ្នា បរិច្ចាគនូវថវិកា និងទិញសម្ភារ:មកប្រគល់ជូនចំពោះអង្គភាព ។

លោកមេបញ្ជាការលើកឡើងទៀតថា ក្នុងនាមមេបញ្ជាការ នឹងយកសម្ភារៈ និងមធ្យោបាយនេះ ទៅប្រើប្រាស់ក្នុងកិច្ចប្រតិបត្តិការ ល្បាត ការពារសន្តិសុខ រក្សាសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ឲ្យស្របទៅតាមគោលការណ៍ របស់រាជរដ្ឋាភិបាល ភូមិ-ឃុំ មានសុវត្ថិភាព បង្ក្រាបក្រុមចោរកម្ម លួច ឆក់ ប្លន់ និងក្មេងទំនើង ដើម្បីផ្តល់សេចក្តីសុខដុមរម្យនាជូនពលរដ្ឋ ឲ្យស្របទៅនិងអនុសាសន៍របស់នាយឧត្តមសេនីយ៍ សៅ សុខា នូវទិសស្លោក “ចំពោះប្រទេសជាតិត្រូវការពារ ចំពោះប្រជាជាតិត្រូវតែបម្រើច្បាប់ ត្រូវតែគោរព បទល្មើសត្រូវតែបង្ក្រាប” ។

លោកមេបញ្ជាការ ក៏បានប្តេជ្ញាថែរក្សាមធ្យោបាយទាំងនេះទុកដាក់ និងជួលជុលឲ្យគង់វង្សជាប្រយោជន៍រួម និងបម្រើរាល់គ្រប់កិច្ចប្រតិបត្តិការក្នុងមូលដ្ឋាន ៕





