ព័ត៌មានជាតិ

ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ស សុខា រួមចំណែកផ្ដល់ភាពកក់ក្ដៅ ផ្នែកសេវាសុខភាព ជូនពលរដ្ឋ ស្របតាមគោល នយោបាយរាជរដ្ឋាភិបាល

ព្រៃវែង ៖ លោកឧបនាយករដ្ឋមន្ដ្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានថ្លែងថា បេសកកម្មរបស់ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ស សុខា គឺដើម្បីចូលរួមចំណែកផ្ដល់ភាពកក់ក្ដៅ ជូនប្រជាពលរដ្ឋលើផ្នែកសេវាសុខភាព ស្របតាមគោលនយោបាយ របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃរបស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។

លោកឧបនាយករដ្ឋមន្ដ្រី ស សុខា បានលើកឡើងបែបនេះ នាឱកាសអញ្ជើញជួប ពិធីសំណេះសំណាល ជាមួយប្រជាពលរដ្ឋ ប្រមាណ ២ ០០០នាក់ ដែលមកទទួលសេវាពិនិត្យ និងព្យាបាលជំងឺពីក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ស សុខា ដោយឥតគិតថ្លៃ នៅស្រុកស៊ីធរកណ្ដាល នាថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៤នេះ ។

ភ្ជាប់នឹងគោលនយោបាយ សម្ដេចធិបតី ប្រមុខរាជរដ្ឋាភិបាល, លោកឧបនាយករដ្ឋមន្ដ្រី ស សុខា បានគូសបញ្ជាក់ អំពីយុទ្ធសាស្ត្រ បញ្ចកោណ ដំណាក់កាលទី១ ដែលផ្តោតការយកចិត្តដាក់ទៅលើវិស័យអាទិភាពមួយចំនួន បន្តពីយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាលអាណត្តិមុន ក្នុងនោះគោលនយោបាយអាទិភាពទី១ គឺការពង្រីកសេវាថែទាំសុខភាព ឆ្ពោះទៅរកការគ្រប ដណ្តប់សុខភាពជាសកល។

លោកឧបនាយករដ្ឋមន្ដ្រី បានបន្ថែមថា រាជរដ្ឋាភិបាល ក៏បាន និងកំពុងធ្វើទំនើបកម្ម និងពង្រឹងសមត្ថភាព ក្នុងការផ្ដល់សេវាព្យាបាល ជំងឺគ្រប់ប្រភេទ ជាពិសេសជំងឺកម្រិតធ្ងន់ៗ រួមទាំងពង្រឹងគុណភាព ព្យាបាលនៅ តាមមណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែកស្រុក ដែលជាចំណុចសំខាន់ដើម្បីផ្តល់សេវាសង្គ្រោះបឋម និងជំងឺផ្សេងៗទៀត ។

លោកឧបនាយករដ្ឋមន្ដ្រី ក៏បានលើកទឹកចិត្ត លោកយាយ លោកតា ពុកម៉ែ អ៊ុំ មីងមា និងប្រជាពលរដ្ឋ លើកកម្ពស់ សុខុមាលភាពផ្ទាល់ខ្លួន គ្រួសារ និងសហគមន៍ ត្រូវចេះស្រឡាញ់ និងយកចិត្តទុកដាក់ថែរក្សាសុខភាព តាមរយៈការអនុវត្តឱ្យបានខ្ជាប់ ខ្ជួននូវការហូបស្អាត ផឹកស្អាត និងរស់នៅស្អាត និងត្រូវតាមដានត្រួតពិនិត្យ សុខភាពជាប្រចាំ។

ជាមួយគ្នានេះ លោកឧបនាយករដ្ឋមន្ដ្រី ក៏បានរម្លឹកជូនប្រជាពលរដ្ឋអំពីសារៈសំខាន់នៃការអនុវត្តរបស់អាជ្ញាធរ និងការចូលរួមគាំទ្ររបស់ប្រជាពលរដ្ឋ នូវគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ដូចជា៖ គ្មានបទល្មើសលួច ឆក់ ប្លន់ គ្រឿងញៀន និងល្បែងស៊ីសងខុសច្បាប់ និងបទល្មើសគ្រប់ប្រភេទ មានសណ្តាប់ធ្នាប់សាធារណៈល្អ ជាពិសេសគ្មានគ្រោះថ្នាក់ចរាចរណ៍ដែលសុទ្ធតែពាក់ព័ន្ធទៅនឹងសុវត្ថិភាព និងអាយុជីវិតប្រជាពលរដ្ឋ។

សូមបញ្ជាក់ថា ការពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ស សុខា នាឱកាសនោះ រួមមាន៖ ការពិនិត្យនិងព្យាបាលជំងឺទូទៅ អប់រំសុខភាព ជំងឺផ្លូវចិត្ត ជំងឺកុមារ ជំងឺរោគស្ត្រី ជំងឺឬសដូងបាត ជំងឺសួតក្រពះ ពោះវៀន ជំងឺផ្លូវដង្ហើម ជំងឺប្រដាប់រំលាយអាហារ ជំងឺសើស្បែក ជំងឺដង្កូវព្រូន ជំងឺស្លេកស្លាំង ជំងឺសន្លាក់ឆ្អឹង ជំងឺរលាកថ្លើម ជំងឺកាមរោគ ជំងឺគ្រុនចាញ់ ជំងឺគ្រុនឈាម ជំងឺភ្នែក វាស់ភ្នែក ចែកវែនតា សុខភាពមាត់ធ្មេញ ជំងឺទឹកនោមផ្អែម ជំងឺបេះដូង លើសឈាម ជំងឺត្រចៀក ច្រមុះ បំពង់ក ជំងឺតម្រងនោម ពិនិត្យអេកូសាស្ត្រ វាស់ចង្វាក់បេះដូង មន្ទីរពិសោធន៍ (វិភាគឈាម) វះកាត់តូចនិងព្យាបាលរបួសជាដើម ៕

To Top