ព័ត៌មានជាតិ

ក្រសួងមហាផ្ទៃ ទុកពេល៣០ថ្ងៃ ឱ្យអង្គការសង់ត្រាល់ បង្ហាញគណនីធនាគារ របស់ខ្លួន នៅកម្ពុជា ក្រោយកម្មកររាប់ម៉ឺននាក់ ដាក់ញត្តិប្តឹង

ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានជម្រាបមកលោក មឿន តុលា ប្រធានអង្គការ មជ្ឈមណ្ឌលសម្ព័ន្ធភាព ការងារ និងសិទ្ធិមនុស្សកម្ពុជា (សង់ត្រាល់) ឱ្យផ្ដល់ព័ត៌មានរាល់គណនី ដែលបានបើក សម្រាប់កិច្ចប្រតិបត្តិការ នៅធនាគារក្នុងព្រះរាជាណាចក្រកម្ពុជា ក្នុងរយៈពេល៣០ថ្ងៃ ក្រោយមានបណ្តឹង ពីកម្មកររាប់ម៉ឺននាក់ ។ នេះបើយោងតាមលិខិត ដែលត្រូវបានចុះហត្ថលេខា ដោយអភិសន្តិបណ្ឌិតស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលបានចុះហត្ថលេខា កាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤ម្សិលមិញ ។

លិខិតបានគូសបញ្ជាក់ថា៖”អង្គការលោកត្រូវផ្ដល់ ព័ត៌មានរាល់គណនី ដែលបានបើក សម្រាប់កិច្ចប្រតិបត្តិការនៅធនាគារ ក្នុងព្រះរាជាណាចក្រកម្ពុជា មកក្រសួង មហាផ្ទៃក្នុងរយៈពេល៣០ថ្ងៃ គិតចាប់ពីថ្ងៃជូនដំណឹងនេះជាកំណត់” ។
បន្ថែមពីនេះ ក្នុងករណីអង្គការ មិនបានបំពេញកាតព្វកិច្ច តាមសេចក្តីជូនដំណឹងនេះ នឹងត្រូវរងវិធានការ តាមផ្លូវច្បាប់ស្រប តាមបទប្បញ្ញត្តិ នៃច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល និងលិខិតបទដ្ឋាន គតិយុត្តជាធរមាន។

ផ្ទាំងពាណិជ្ជកម្ម

សូមបញ្ជាក់ថា ការចេញលិខិត របស់ក្រសួងមហាផ្ទៃនេះ គឺធ្វើឡើង បន្ទាប់ពីក្រសួងមហាផ្ទៃ បានទទួលនូវពាក្យបណ្ដឹង និងសេចក្តីថ្លែងការណ៍ របស់បណ្ដាសហជីព សម្ព័ន្ធសហជីព សហព័ន្ធសហជីព និង សមាគមជាច្រើន ពាក់ព័ន្ធនឹងការធ្វើសកម្មភាព និងការចេញរបាយការណ៍ របស់អង្គការមជ្ឈមណ្ឌលសម្ព័ន្ធភាព ការងារនិងសិទ្ធិមនុស្សកម្ពុជា (សង់ត្រាល់) ដែលមានចំណងជើងថា «ឧបសគ្គរារាំងភាពជាតំណាង ៖ សេរីភាព សហជីពនៅកម្ពុជា» ដែលត្រូវបានរិះគន់ថា មានលក្ខណៈលម្អៀង ពុំយុត្តិធម៌ យកមតិភាគតិច មកវាយតម្លៃ ស្ថានភាពទាំងមូល ដោយពុំបានឆ្លុះបញ្ចាំង ពីការពិតនៃស្ថានភាព សេរីភាពសហជីពនៅកម្ពុជាធ្វើឱ្យប៉ះពាល់ដល់ កិត្តិយសជាតិ និង ជះឥទ្ធិពលមិនល្អដល់ស្ថិរភាពការងារ និងផលប្រយោជន៍រួម របស់កម្មករ និយោជិតនៅក្នុងប្រទេសកម្ពុជាទាំងមូល ។

ជាមួយគ្នានេះ ក្រសួងមហាផ្ទៃ បានរំលឹកអង្គការសង់ត្រាល់ថា “អនុវត្តតាមស្មារតីនៃមាត្រា៣០ នៃច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ក្រសួងមហាផ្ទៃសូមក្រើនរំលឹកចំពោះអង្គការសង់ត្រាល់ ត្រូវអនុវត្តឱ្យបានត្រឹមត្រូវ តាមលក្ខន្តិកៈរបស់អង្គការ ដែលបានតម្កល់ទុកនៅក្រសួងមហាផ្ទៃ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន”

To Top