បន្ទាយមានជ័យ÷ នៅវេលាម៉ោង០៥និង០០នាទី ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយលោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានបេីកប្រតិបតតិការបង្ក្រាបនិងឃាត់ខ្លួនក្មេងទំនេីងចំនួន០៨នាក់ ១.ឈ្មោះធី ចាន់ទី ភេទប្រុស ២៤ឆ្នាំ បច្ចុប្បន្ននៅភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត, ២.ឈ្មោះ អ៊ីម ណារ៉ូ ភេទប្រុស អាយុ១៦ឆ្នាំ បច្ចុប្បន្ននៅភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត, ៣.ឈ្មោះ ព្រែក វ៉ែន ភេទប្រុស អាយុ២០ឆ្នាំ បច្ចុប្បន្ននៅភូមិទំនប់ក៥ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត, ៤.ឈ្មោះភាព សុភី ភេទប្រុស អាយុ១៦ឆ្នាំ បច្ចុប្បន្ននៅភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត,៥.ឈ្មោះ នឿត មិនា(យ៉ា) ភេទប្រុស អាយុ១៧ឆ្នាំ បច្ចុប្បន្ននៅភូមិទំនប់ក៥ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត, ៦.ឈ្មោះ លៀង សុខលាភ ភេទប្រុស អាយុ១៧ឆ្នាំ បច្ចុប្បន្ននៅភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត,៧.ឈ្មោះ ណាក់ ណាង ភេទប្រុស អាយុ១៦ឆ្នាំ បច្ចុប្បន្ននៅភូមិអូរជ្រៅ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត, ៨.ឈ្មោះ ផេង ម៉េងលី (តុ) ភេទប្រុស អាយុ២៤ឆ្នាំ បច្ចុប្បន្ននៅភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត។
ការឃាត់ខ្លួនក្មេងទំនេីងទាំង៨នាក់ខាងលេីពាក់ព័ន្ធករណីកាន់កាប់ ឬដឹកជញ្ជូនអាវុធដោយគ្មានការអនុញ្ញាត និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ដែលប្រព្រឹត្តកាលពីវេលាម៉ោង០៤និង៣០នាទី ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤ នៅចំណុចក្បែរមន្ទីរពេទ្យបង្អែកក្រុងប៉ោយប៉ែត ស្ថិតក្នុងភូមិប្រជាធម្មកើត សង្កាត់អូរឬស្សី ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ក្នុងប្រតិបត្តិការកម្លាំងបានដកហូតវត្ថុតាងរួមមាន ១.ម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ផលិតឆ្នាំ២០២២ ពាក់ផ្លាកលេខ បន្ទាយមានជ័យ1W-9101 ចំនួន០១គ្រឿង, ២.កាំបិតកែច្នៃ ប្រវែង៥៨សង់ទីម៉ែត្រ ចំនួន០១ដើម, ៣.ដំបងឈើ ប្រវែង៩៧សង់ទីម៉ែត្រ ចំនួន០១ដើម។
លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងបានឱ្យដឹងថា កាលពីវេលាកេីតហេតុកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានទទួលព័ត៍មានពីក្រុមសង្គ្រោះបន្ទាន់ក្រុងប៉ោយប៉ែត មានករណីក្រុមក្មេងទំនើងពីរក្រុម ដេញវាយគ្នានៅចំណុចក្បែរមន្ទីរពេទ្យបង្អែកក្រុងប៉ោយប៉ែត ភ្លាមៗនោះលោកបានដឹកនាំកម្លាំងចុះទៅដល់កន្លែងកើតហេតុហើយឃាត់ខ្លួនក្មេងទំនេីង២នាក់រួមទាំងវត្ថុតាងមួយចំនួនយកមកកាន់មូលដ្ឋានកងរាជអាវុធហត្ថក្រុងដើម្បីសួរនាំ ដោយពួកគេ និងបក្ខពួក គឺជាក្រុមTB (តាប៊ន) នៅក្នុងក្រុងប៉ោយប៉ែត មានជម្លោះជាមួយក្រុមOMB (អូរអំបិល) ក្រុងសិរីសោភ័ណ ហើយបានណាត់វាយគ្នានៅទីតាំងកើតហេតុ។ ក្នុងនោះកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានបន្តស្រាវជ្រាវ និងឃាត់ខ្លួនជាបន្តបន្ទាប់បានចំនួន០៦នាក់បន្ថែមទៀត ហើយនាំមកកាន់មូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត និងបានធ្វើតេស្តទឹកនោមរកសារធាតុញៀន ជាលទ្ធផលគឺវិជ្ជមានចំនួន០៣នាក់ អវិជ្ជមានចំនួន០៥នាក់។ លោកបន្តថា ក្រុមTB (តាប៊ន)ដែលបង្ក្រាបបាន ពួកគេបានចងជាគ្រុប និងទំនាក់ទំនងគ្នាតាមប្រព័ន្ធMessenger ហើយច្រើនប្រមូលផ្តុំ និងណាត់ជួបគ្នា នៅម្ដុំបូរីសានហូរ ក្រុមនេះច្រើនមានគូរជម្លោះជាមួយក្រុមOMB (អូរអំបិល ក្រុងសិរីសោភ័ណ) និងក្រុមJKH (ជើងកន្ត្រៃហោះ) ក្រុងប៉ោយប៉ែត។
ក្រោយឃាត់ខ្លួន និងសួរចម្លេីយក្មេងទំនេីងទាំងអស់បានឆ្លើយសារភាពថា ពួកខ្លួនពិតជាបានប្រមូលផ្តុំគ្នីគ្នាផឹកស៊ីជាក្រុម និងបានប្រមូលបក្ខពួកមានទាំងដំបង និងកាំបិតដេញកាប់ទៅក្រុមOMB ពិតប្រាកដមែន។ ដោយផ្អែកលេីចម្លេីយសារភាពនិងវត្ថុតាងជាក់ស្តែងកម្លាំងមូលដ្ឋានអាវុធហត្ថក្រុង កសាងសំណុំរឿងបញ្ជូនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្តតាមនីតិវិធី។
លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវនិងបង្ក្រាបបទល្មេីសបានឱ្យដឹងថា ការបង្ក្រាបករណីខាងលើនេះ ក៏ទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តផងដែរ។
បច្ចុប្បន្ន ក្មេងទំនេីងទាំង៨នាក់ ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្តហើយ នៅសៀលថ្ងៃសៅរ៍ ទី២៩ ខែមិថុនា ឆ្នាំ២០២៤នេះ ដើម្បីអនុវត្តតាមនីតិវិធី ៕