ព័ត៌មានជាតិ

រដ្ឋមន្ត្រីអភិវឌ្ឍន៍ជនបទ អញ្ជើញពិនិត្យវឌ្ឍនភាពការងារស្ថាបនាផ្លូវ៣ខ្សែ និងស្ពាន៣កន្លែង នៅខេត្តកំពង់ចាម ព្រៃវែង និងត្បូងឃ្មុំ

ភ្នំពេញ៖លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៤ បានដឹកនាំក្រុមការងារបច្ចេកទេសក្រសួង បានអញ្ជើញពិនិត្យវឌ្ឍនភាពការងារស្ថាបនាផ្លូវចំនួន ៤ខ្សែ និងស្ពានចំនួន ៣កន្លែង នៅក្នុងខេត្តព្រៃវែង ខេត្តត្បូងឃ្មុំ និងខេត្តកំពង់ចាម។

ផ្លូវទាំង ៣ខ្សែនោះ មានដូចខាងក្រោម៖
-ខ្សែផ្លូវទី១៖ ផ្លូវក្រាលកៅស៊ូពីរជាន់ប្រភេទ (DBST) និងមានផ្នែកខ្លះជាប្រភេទបេតុងសរសៃដែក មានប្រវែងសរុប ១៥,៥៥០គីឡូម៉ែត្រ ទទឹងខ្នងលើក្រាលកៅស៊ូពីរជាន់ប្រវែង ៦ម៉ែត្រ ចិញ្ចើមសងខាងក្រាលកៅស៊ូមួយជាន់ម្ខាងៗ ១ម៉ែត្រ និងមានសំណង់សិល្បការ្យមួយចំនួន តភ្ជាប់ពីភូមិជោរទីមួយ ឃុំក្រញូង ស្រុកកំចាយមារ ទៅដល់ភូមិត្រពាំងក្រាញ់ ឃុំព្រាល ស្រុកកញ្ជ្រៀចខេត្តព្រៃវែង។ ខ្សែផ្លូវនេះ បានបើកការដ្ឋានសាងសង់នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤ គិតដល់ពេលនេះសម្រេចបាន ២៥% ហើយគ្រោងនឹងបញ្ចប់ការដ្ឋាននៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ ក្នុងក្របខ័ណ្ឌគម្រោងពង្រឹងសមត្ថភាពផលិតភាពជនបទ ដោយប្រើប្រាស់ហិរញ្ញប្បទានពីធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី។

-ខ្សែផ្លូវទី២៖ ជាប្រភេទផ្លូវបេតុង មានប្រវែង ៧,២៥គីឡូម៉ែត្រ ទទឹងខ្នងលើ ៦ម៉ែត្រ និងចិញ្ចើមផ្លូវសងខាងក្រាលល្បាយក្រួសក្រហមម្ខាងៗប្រវែង ១ម៉ែត្រ ឆ្លងកាត់ឃុំចំនួន២ គឺឃុំក្ដឿងរាយ និងឃុំកញ្ជ្រៀច ស្ថិតក្នុងស្រុកកញ្ជ្រៀច ខេត្តព្រៃវែង ដែលបានបើកការដ្ឋានសាងសង់នៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៣ គិតដល់ពេលនេះសម្រេចបាន ៩១% ហើយគ្រោងនឹងបញ្ចប់ការដ្ឋាននៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៥។ ផ្លូវនេះស្ថិតក្នុងក្របខ័ណ្ឌគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធជនបទដែលធន់នឹងការប្រែប្រួលអាកាសធាតុក្រោមហិរញ្ញប្បទានដោយមូលនិធិសហប្រតិបត្តិការអភិវឌ្ឍន៍សេដ្ឋកិច្ចកូរ៉េ។

-ខ្សែផ្លូវទី៣៖ ជាប្រភេទផ្លូវបេតុង មានប្រវែងសរុប ១១,៧៥គីឡូម៉ែត្រ ទទឹង ៦ម៉ែត្រ តភ្ជាប់ពីឃុំមៀន ស្រុកអូរាំងឳ ខេត្តត្បូងឃ្មុំ ទៅភូមដំណាក់ព្រីងកើត ឃុំមហាលាភ ស្រុកកោះសូទិន ខេត្តកំពង់ចាម ដែលបានសាងសង់រួចរាល់ជាស្ថាពរ នៅក្នុងខែកុម្ភៈ ឆ្នាំ២០២២។ ផ្លូវនេះស្ថិតក្នុងក្រមខ័ណ្ឌគម្រោងគ្រប់គ្រងគ្រោះមហន្តរាយនៅកម្ពុជា និងអាស៊ីអាគ្នេយ៍ជំហាន១ ក្រោមហិរញ្ញប្បទានរបស់ធនាគារពិភពលោក ។

បន្ទាប់មក លោករដ្ឋមន្ត្រី បានបន្តអញ្ជើញចុះពិនិត្យការដ្ឋានស្ថាបនា ស្ពានចំនួន ៣កន្លែងទៀតដែលរួមមាន៖
-ស្ពានទី១៖ ស្ពានអណ្តូងប្រេង មានប្រវែង ៣៨,១២ម៉ែត្រ និងទទឹង ៨ម៉ែត្រ នៅភូមិបឹងកណ្តាល ឃុំមៀន ស្រុកអូរាំងឳ ខេត្តត្បូងឃ្មុំ។
-ស្ពានទី២៖ ស្ពានព្រែកសណ្តាយ មានប្រវែង ៣០ម៉ែត្រ និងទទឹង ៨ម៉ែត្រ នៅភូមិដំណាក់ព្រីងកើត ឃុំមហាលាភ ស្រុកកោះសូទិន ខេត្តកំពង់ចាម។
-ស្ពានទី៣៖ ស្ពានអុងកូ មានប្រវែង ៧២,១៥ម៉ែត្រ និងទទឹង ៨ម៉ែត្រ នៅក្នុងភូមិកំពង់ឳជ្រឹង ឃុំពង្រ ស្រុកកោះសូទិន ខេត្តកំពង់ចាម

ស្ពានទាំង ៣កន្លែងនេះ ចាប់ផ្ដើមសាងសង់នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣ ដោយសម្រេចបាន ៩៧% ហើយគ្រោងនឹងបញ្ចប់ការសាងសង់ ជាស្ថាពរក្នុងបំណាច់ខែមិថុនា ឆ្នាំ២០២៤នេះ ស្ថិតក្នុងក្រមខ័ណ្ឌគម្រោងគ្រប់គ្រង គ្រោះមហន្តរាយនៅកម្ពុជា និងអាស៊ីអាគ្នេយ៍ជំហាន២ ក្រោមហិរញ្ញប្បទានរបស់ធនាគារពិភពលោក ។

ក្នុងឱកាសពិនិត្យការដ្ឋានផ្លូវខាងលើ លោករដ្ឋមន្ដ្រី បានណែនាំដល់ទីប្រឹក្សាបច្ចេកទេស និងក្រុមហ៊ុនទទួលការសាងសង់ ប្រចាំការនៅការដ្ឋានផ្ទាល់ យកចិត្តទុកដាក់អនុវត្ត ឱ្យបានត្រឹមត្រូវ តាមបទដ្ឋានបច្ចេកទេស ដើម្បីធានាគុណភាពផ្លូវជាប់ និងប្រើប្រាស់បានយូរអង្វែង។

នាឱកាសនៃការអញ្ជើញចុះត្រួតពិនិត្យវឌ្ឍនភាពគម្រោងនេះផងដែរ លោករដ្ឋមន្ដ្រី ក៏បានអញ្ជើញជួបសំណេះសំណាល និងសាកសួរសុខទុក្ខជាមួយបងប្អូនប្រជាពលរដ្ឋដែលរស់នៅអមសងខាងផ្លូវខាងលើ ដោយបានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសាកសួរសុខទុក្ខ ប្រកបដោយសេចក្តីនឹករលឹក និងអំណោយដ៏ថ្លៃថ្លារបស់សំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ជូនដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ផងដែរ។

លោករដ្ឋមន្ដ្រី បានមានប្រសាសន៍ថា សុខទុក្ខរបស់ប្រជាជន គឺការទទួលខុសត្រូវរបស់សម្ដេច ហើយសមិទ្ធផលទាំងអស់នេះ គឺបានមកពីការខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាល ក្រោមម្លប់សុខសន្ដិភាព ពេញលេញ ដែលបាននិងកំពុងអភិវឌ្ឍប្រទេសជាតិ ឱ្យមានការរីចម្រើនគ្រប់វិស័យ ក្នុងគោលដៅឈានទៅសម្រេចចក្ខុវិស័យកម្ពុជា ជាប្រទេសមាន ប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ក្នុងឆ្នាំ២០៣០ និងមានប្រាក់ចំណូលកម្រិតខ្ពស់ក្នុងឆ្នាំ២០៥០៕

To Top