ភ្នំពេញ៖ នៅកម្ពុជាបច្ចុប្បន្ន គ្រប់តួអង្គទាំងអស់ ទាំងប្រព័ន្ធផ្សព្វផ្សាយរដ្ឋ និងឯកជន ដែលប្រកាន់ខ្ជាប់ក្រមសីលធម៌វិជ្ជាជីវៈនិងគោលការណ៍សុចរិតភាព សុទ្ធសឹងរួមចំណែកក្នុងការលើកកម្ពស់ ការអភិវឌ្ឍវិស័យព័ត៌មាន និងចូលរួមយ៉ាងសកម្ម ក្នុងការលើកតម្កើងសិទ្ធិបញ្ចេញមតិ និងសេរីភាពសារព័ត៌មាននៅកម្ពុជា។
ជាក់ស្តែង អ្នកសារព័ត៌មានចំនួនប្រមាណ៨០% ក្នុងចំណោមអ្នកដែលបានចូលរួមសរុប ក្នុងការស្ទង់មតិឆ្នាំ២០២៤ ស្តីពីស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជា បានអះអាងថា ខ្លួនមានសេរីភាពពេញលេញ ក្នុងការប្រកបអាជីពជាអ្នកសារព័ត៌មាន ដោយមានភាពងាយស្រួល និងសុវត្ថិភាព និងដោយឯករាជ្យភាព ក្នុងការប្រមូលព័ត៌មានពីប្រភពផ្សេងៗ សម្រាប់ការសរសេរ ផលិត និងផ្សព្វផ្សាយព័ត៌មានរបស់ខ្លួនដោយសេរី។ នេះជាប្រសាសន៍របស់អ្នកនាំពាក្យក្រសួងព័ត៌មាន ដែលបានលើកឡើងយ៉ាងដូច្នេះសម្រាប់ជាការឆ្លើយតប ទៅនឹងមតិមួយចំនួនតូច ដែលបានបង្ហាញក្តីបារម្ភ អំពីការធ្លាក់ចុះនូវសារព័ត៌មានឯករាជ្យ។
លោក ទេព អស្នារិទ្ធ អ្នកនាំពាក្យក្រសួងព័ត៌មាន បានពន្យល់បន្ថែមថា ទិន្នន័យឆ្នាំ២០២៣របស់ក្រសួងព័ត៌មាន បានបង្ហាញថា កម្ពុជាសព្វថ្ងៃមានអង្គភាពសារព័ត៌មាន ចំនួនជាងពីរពាន់អង្គភាព ហើយមានអ្នកសារព័ត៌មានចំនួនប្រមាណមួយមុឺននាក់ ទាំងប្រព័ន្ធផ្សព្វផ្សាយប្រពៃណី និងទំនើប បាននិងកំពុងអនុវត្តការងារ ចុះយកព័ត៌មាន ផលិត និងផ្សព្វផ្សាយព័ត៌មានគ្រប់ទម្រង់ ក៏ដូចជាធ្វើសេចក្ដីរាយការណ៍ព័ត៌មាននានា បានដោយសេរី គ្រប់ពេលវេលា ដោយសុវត្ថិភាព តាមវិជ្ជាជីវៈខ្លួនដោយតម្លាភាព ហើយទទួលបានការទុកចិត្ត និងការគាំទ្រពីសាធារណជនទូទៅគ្រប់មជ្ឈដ្ឋានទាំងអស់។
សកម្មភាពទាំងនេះ បាន និងកំពុងចូលរួមយ៉ាងសកម្ម ក្នុងការធានាការទទួលព័ត៌មាន របស់ប្រជាជននៅទូទៅប្រទេស ប្រកបដោយគុណភាព និងសុវត្ថិភាព សម្រាប់ផ្តល់ព័ត៌មានពិត គ្រប់ជ្រុងជ្រោយ ព្រមទាំងផ្តល់ចំណេះដឹងសម្បូណ៌បែបលើគ្រប់វិស័យក្នុងសង្គម ស្របតាមតម្រូវការប្រចាំថ្ងៃ និងគាំទ្រដល់ការធ្វើការសម្រេចចិត្តត្រឹមត្រូវ ក្នុងការលើកកម្ពស់ជីវភាពរស់នៅ បានកាន់តែប្រសើរ។
លោកអ្នកនាំពាក្យក្រសួងព័ត៌មាន បានបញ្ជាក់ទៀតថា ក្នុងឆ្នាំ២០២៤ក្រសួងព័ត៌មានបានចេញផ្សាយ «របាយការណ៍ ស្តីពីស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជា» ក្រោយពីក្រសួងបានចំណាយពេលវេលា ក្នុងការសិក្សាយ៉ាងម៉ត់ចត់ ដោយផ្អែកលើមូលដ្ឋាន និងវិធីសាស្ត្រស្រាវជ្រាវបែបវិទ្យាសាស្ត្រ ដែលមានការទទួលស្គាល់ ព្រមទាំងមានការចូលរួមពីសំណាក់ អ្នកសារព័ត៌មាននៅទូទាំងប្រទេស បុគ្គលសំខាន់ៗ និងតំណាងក្នុងវិស័យព័ត៌មាន ពីគ្រប់មជ្ឈដ្ឋានក្នុងប្រទេសកម្ពុជា។ ការសិក្សានេះ បានទទួលការសាទរ ពីស្ទើរគ្រប់មជ្ឈដ្ឋានក្នុងសង្គម ក៏ដូចជាពីសំណាក់ថ្នាក់ដឹកនាំ ក្នុងស្ថាប័ននីតិបញ្ញត្តិ និងរាជរដ្ឋាភិបាលទៀតផង។
លទ្ធផលនៃការសិក្សានេះ បានបង្ហាញថាអ្នកសារព័ត៌មានចំនួន ៧៩,៨% ក្នុងចំណោមអ្នកចូលរួម ក្នុងការស្ទង់មតិសរុប បានឆ្លើយថាសេរីភាពសារព័ត៌មាន នៅកម្ពុជាមានភាពល្អប្រសើរ និងមានភាពសម្បូណ៌បែប ទាំងប្រព័ន្ធផ្សព្វផ្សាយប្រពៃណីនិងទំនើប។
លោក ទេព អស្នារិទ្ធ បានគូសបញ្ជាក់បន្ថែមផងដែរ អំពីសារៈសំខាន់របស់របាយការណ៍នេះ ដោយបានលើកឡើងថា តាមរយៈការសិក្សានេះ កម្ពុជាបានបង្ហាញភាពជាម្ចាស់លើការអភិវឌ្ឍវិស័យព័ត៌មាន ប្រកបដោយបរិយាបន្ន ព្រោះការសិក្សានេះជាការស្រាវជ្រាវ និងវាយតម្លៃលើស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជា ដោយកម្ពុជាខ្លួនឯងផ្ទាល់ និងដោយមានការចូលរួម ពីអ្នកសារព័ត៌មាន និងតួអង្គពាក់ព័ន្ធទាំងអស់ក្នុងវិស័យព័ត៌មាន។
ដោយឡែកទាក់ទងនឹងសារព័ត៌មានឯករាជ្យ ក៏មានមតិមួយចំនួនផ្សេងទៀត បានចោទសួរវិញដែរថា តើគេមានអីសម្រាប់វាស់វែងដែរឬទេ? ឬវាអាចគ្រាន់តែជាលេសដើម្បីគាំទ្ររបៀបវារៈផ្សេងទៅវិញ ហើយផ្ទុយទៅវិញបានមើលរំលងស្ថានភាពពិត នាពេលបច្ចុប្បន្នរបស់កម្ពុជា ជាពិសេសគឺភាពល្អប្រសើរ នៃស្ថានភាពសេរីភាពសារព័ត៌មាន ក៏ដូចជាហាក់មិនបានផ្តល់តម្លៃ ចំពោះកិច្ចខិតខំរបស់រាជរដ្ឋាភិបាល និងសមិទ្ធផលដែលក្រសួងព័ត៌មានសម្រេចបាន ទាំងក្នុងក្របខណ្ឌ នៃការអនុវត្តគោលនយោបាយអាទិភាពរបស់ក្រសួង និងក្នុងក្របខណ្ឌ នៃកិច្ចសហការជាមួយបណ្តាភាគីរដ្ឋ និងឯកជនពាក់ព័ន្ធទាំងអស់ ក្នុងវិស័យព័ត៌មាន សំដៅគាំទ្រភាពជោគជ័យ លើការអនុវត្តយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល។ រីឯសារព័ត៌មានមួយចំនួន ដែលបានទទួលមូលនិធិពីបរទេស គឺបានបម្រើរបៀបវារៈនយោបាយរបស់បរទេស ដែលផ្តល់មូលនិធិនោះ តែបែរជាមកអះអាងថាខ្លួនជាអ្នកឯករាជ្យ ហើយបានក្រឡៃភាពល្អប្រសើរ នៃសេរីភាពសារព័ត៌មាននៅកម្ពុជា ថាធ្លាក់ចុះទៅវិញ។ តើនេះជារូបភាព៖ គីង្គក់លក់ថ្នាំស្រែងឬ?
ដូចគ្នានេះដែរ ចំពោះការលើកឡើង អំពីស្ថានភាពលំបាកដែលប្រព័ន្ធផ្សព្វផ្សាយ បានជួបប្រទះ បញ្ហានេះមិនមែនជារឿងដោយឡែកសម្រាប់កម្ពុជាទេ ពោលគឺជាក្តីបារម្ភរួមទាំងសម្រាប់កម្ពុជា ក៏ដូចជាបណ្តាប្រទេសនានា ក្នុងតំបន់ផងដែរ ជាពិសេសពាក់ព័ន្ធ នឹងការបិទទ្វារ ឬ ការផ្អាកដំណើរការរបស់សារព័ត៌មានមួយចំនួន ដែលជាផលវិបាកកើតចេញពីរបត់ នៃការវិវត្តក្នុងវិស័យបច្ចេកវិទ្យា និងឥទ្ធិពលនៃបរិវត្តកម្មឌីជីថល។
និន្នាការបែបនេះមិនមែនកើតឡើង តែនៅកម្ពុជាយើងទេ ពោលគឺវាក៏បានកើតឡើង តាមបណ្តាប្រទេសក្នុងតំបន់ និងលើពិភពលោកផងដែរ។
ក្នុងនាមក្រសួងព័ត៌មានលោកអ្នកនាំពាក្យ បានអំពាវនាវដល់អង្គភាពសារព័ត៌មាន និងអ្នកសារព័ត៌មានទាំងអស់ឱ្យបន្តលើកកម្ពស់ការគោរព ក្រមសីលធម៌វិជ្ជាជីវៈ ពង្រឹងការអនុវត្តតួនាទីនិងភារកិច្ចដោយគោរពច្បាប់ ស្តីពីរបបសារព័ត៌មាន ក៏ដូចជាកសាង និងរក្សាទំនាក់ទំនងល្អ ជាមួយប្រភពព័ត៌មាន ក្នុងនោះមានអ្នកនាំពាក្យ តាមក្រសួង-ស្ថាប័ន អាជ្ញាធរមានសមត្ថកិច្ច និងភាគីផ្សេងៗទៀត ដោយត្រូវបំពេញភារកិច្ចខ្លួនក្នុងក្របខណ្ឌដែលច្បាប់កំណត់ ហើយមិនត្រូវអនុវត្តលើសពីតួនាទីខ្លួន ជាអ្នកសារព័ត៌មានឡើយ។ ជាងនេះទៀត អ្នកសារព័ត៌មាន និងអង្គភាពសារព័ត៌មាន ត្រូវបង្កើនភាពធន់នឹងការវិវត្តផ្នែកឌីជីថល បន្តដុសខាត់បន្ថែមទៀតនូវសមត្ថភាពជំនាញ ដើម្បីបន្តចូលរួមយ៉ាងសកម្ម ក្នុងការផ្សព្វផ្សាយព័ត៌មានពិត ជាមួយខ្លឹមសារប្រកបដោយគុណភាព គ្រប់ជ្រុងជ្រោយ មានប្រភពច្បាស់លាស់ និងមានតុល្យភាពព័ត៌មាន ដើម្បីធានាភាពជឿជាក់ និងទុកចិត្តបានពីសំណាក់ប្រជាជន សង្គមជាតិទាំងមូល សម្រាប់រួមចំណែកលើកកម្ពស់វិស័យព័ត៌មាន ជាអំណាចទី៤ក្នុងសង្គម និងគាំទ្រដល់ការការពារថែរក្សាសុខសន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាពនៅកម្ពុជា៕