កំពង់ចាម ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានគូសបញ្ជាក់ថា ការកំណត់យកថ្ងៃ១ កក្កដា ជា“ទិវាមច្ឆជាតិ”ដើម្បីបំផុសនូវចលនាចិញ្ចឹមត្រី ធានាការហូបចុករបស់ប្រជាពលរដ្ឋប្រចាំថ្ងៃ និងទ្រទ្រង់ដល់សន្ដិសុខស្បៀង និងរក្សាលំនឹងតម្លៃកសិផលនៅលើទីផ្សារ។
ការថ្លែងរបស់សម្តេចធិបតីនេះ ក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីអបអរសាទរ“ទិវាមច្ឆជាតិ” លើកទី១៩ ស្ថិតនៅទីតាំងបឹងធំ ក្នុងភូមិកំពង់សំណាញ់ ឃុំមៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម នាព្រឹកថ្ងៃ១ កក្កដា ។
ក្នុងនោះសម្ដេចធិបតីបានលើកទឹកចិត្ដពលរដ្ឋចិញ្ចឹមសត្វគ្រប់ប្រភេទ មាន ត្រី អណ្ដើក កង្កែប បង្កង បង្គា ជាដើម ទាំងសត្វទឹកសាប និងទឹកប្រៃឲ្យបានច្រើន សម្រាប់ផ្គត់ផ្គង់ក្នុងស្រុក និងកែច្នៃសម្រាប់នាំចេញទៅលក់នៅទីផ្សារក្រៅប្រទេស។
ពាក់ព័ន្ធនឹងការងារគ្រប់គ្រង និងអភិរក្សធនធានជលផល ក្រសួងកសិកម្ម បាននិងកំពុងចាត់វិធានការច្បាប់ យ៉ាងម៉ឺងម៉ាត់លើបទល្មើសនេសាទ និងការផលិតចែកចាយឧបករណ៍ នេសាទដែលបំផ្លិចបំផ្លាញធ្ងន់ធ្ងរដល់ធនធានជលផល, ជំរុញចលនាលែងត្រីមេពូជ និងត្រីរងគ្រោះថ្នាក់ចូលក្នុងធម្មជាតិវិញ, ចាត់វិធានការគ្រប់គ្រងម៉ឺងម៉ាត់ ក្នុងរដូវបិទនេសាទ, សាងសង់ជណ្តើរត្រី ដើម្បីជួយសម្រួលដល់ការផ្លាស់ទីរបស់ត្រី និងសង្គ្រោះត្រីមេពូជ នៅតាមកន្លែងអភិរក្សដែលរីងស្ងួត នៅរដូវប្រាំងដោយសារអាកាសធាតុឡើង កម្ដៅខ្លាំង និងអូសបន្លាយពេលយូរ ដោយបានធ្វើការស្តារ បូមទឹកបញ្ចូល ឬជីកប្រឡាយបង្ហូរទឹកចូល។
សូមបញ្ជាក់ថា ចាប់តាំង ពីឆ្នាំ២០០៣មក ក្រសួងកសិកម្ម បានប្រារព្ធទិវាមច្ឆជាតិ ១ កក្កដា ដើម្បីផ្សព្វផ្សាយ និងបំផុសស្មារតីឲ្យប្រជាពលរដ្ឋ នៅទូទាំងប្រទេស ចូលរួមអភិរក្ស និងអភិវឌ្ឍន៍ធនធានជលផល ប្រកបដោយ និរន្តរភាព សំដៅបង្កើនផលស្តុកមច្ឆជាតិ បំពេញសេចក្តីត្រូវការអាហារ មូលដ្ឋានប្រចាំថ្ងៃ ធានាសន្តិសុខស្បៀង និងជួយទ្រទ្រង់ជីវភាពប្រជាពលរដ្ឋ ហើយជារៀងរាល់ឆ្នាំ ត្រីមេពូជ កូនត្រី និងវារីសត្វពូជក្នុងស្រុកប្រមាណ ៥លានក្បាល ត្រូវបានលែងចូលទៅក្នុងដែនទឹកធម្មជាតិ ៕