ព័ត៌មានជាតិ

សម្តេចធិបតី៖ ការបើកការដ្ឋាន ព្រែកជីកហ្វូណនតេជោ ថ្ងៃ៥ សីហា គឺចំថ្ងៃខួបកំណើត សម្តេចតេជោ ជាអ្នកផ្តួចផ្តើមគម្រោងនេះ

ភ្នំពេញ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជា មានប្រសាសន៍ថា ការបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ ខាងមុខនេះ គឺចំថ្ងៃខួបកំណើតរបស់ សម្តេចតេជោ ហ៊ុន សែន ដែលជាអ្នកផ្តួចផ្តើម និងបង្កលក្ខណៈឲ្យគម្រោងចេញជារូបរាង ។

នាឱកាសអញ្ជើញជាអធិបតីអបអរសាទ «ទិវាមច្ឆជាតិ ១ កក្កដា ២០២៤» នៅបឹងធំ ភូមិកំពង់សំណាញ់ ឃុំមៀន ស្រុកព្រៃឈរ នាព្រឹកថ្ងៃទី១ កក្កដា សម្ដេចធិបតី បានថ្លែងអំណរអរគុណចំពោះប្រជាពលរដ្ឋទាំងអស់ បានគាំទ្រនូវគម្រោងព្រែកជីកហ្វូណនតេជោដែលជា គម្រោងមានប្រយោជន៍មហាសាល ហើយគម្រោងនេះ ក៏នឹងផ្ដល់ផងប្រយោជន៍នៅទូទាំងប្រទេសកម្ពុជា។

សម្ដេចធិបតីបន្ដថា ព្រែកជីកហ្វូណនតេជោ គឺជាគម្រោងជាតិនិយម ហើយគម្រោងនេះនឹងបើកការដ្ឋានសាងសង់ នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ ខាងមុខនេះ គឺចំថ្ងៃខួបកំណើត សម្តេចតេជោ ហ៊ុន សែន។

សម្ដេចធិបតីនាយករដ្ឋមន្ដ្រីបញ្ជាក់ថា «ថ្ងៃទី៥ គឺជាថ្ងៃខួបកំណើត សម្ដេចតេជោ ជាថ្ងៃដែលយើងចាប់ផ្ដើមកសាង (កសាងព្រែកជីកហ្វូណនតេជោ) ចំថ្ងៃនៃខួបកំណើត អ្នកផ្ដួចផ្ដើម និងអ្នកបង្កលក្ខណៈ ឲ្យព្រែជីពនេះធ្វើបាន ផ្ដួចផ្ដើមក្នុងការកសាង ដឹកនាំ នៅក្នុងការកសាង និងសម្រេចបាននូវសមិទ្ធផលជាពិសេស សន្ដិភាពតាមនយោបាយឈ្ន-ឈ្នះដែលមានការចូលរួមពីប្រជាជនទូទាំងប្រទេស។ ចឹងហើយការបង្កើតយកថ្ងៃនេះ ដើម្បីធ្វើ»។

ជាមួយគ្នានេះ សម្ដេចធិបតី ក៏បានរំលឹកនូវប្រសាសន៍ សម្ដេចតេជោ ហ៊ុន សែន ឲ្យអាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ នៅទូទាំងប្រទេសនាំគ្នាវាយធុង វាយស្គរ ដើម្បីអបអរសាទចំពោះការ បើកការដ្ឋានព្រែកជីកហ្វូណនតេជោ ព្រោះគម្រោងនេះមិនមែនជា គម្រោងរបស់សម្ដេចតេជោ ក៏មិនមែនជាគម្រោងផ្ដាច់មុខរបស់សម្ដេចផ្តាច់មុខឡើយ គឺជាគម្រោងរបស់ប្រជាពលរដ្ឋកម្ពុជាទាំងមូល។ ដោយសម្តេចថា ព្រែកជីកហ្វូណនតេជោ គឺជាគម្រោងប្រវត្តិសាស្ត្រដោយកូនខ្មែរ ដើម្បីកូនខ្មែរសម្រាប់អនាគតផងដែរ។

គម្រោង «ព្រែកជីកហ្វូណនតេជោ» ប្រវែង១៨០គីឡូម៉ែត្រ ចាប់ពីព្រែកតាកែវនៃទន្លេមេគង្គ ឆ្លងកាត់តាមព្រែកតាឯកនៃទន្លេបាសាក់ រួចចូលតាមព្រែកតាហ៊ីង នៃទន្លេបាសាក់ ស្រុកកោះធំ និងបន្តរហូតដល់សមុទ្រខេត្តកែប ដោយឆ្លងកាត់ខេត្តចំនួន៤ រួមមាន៖ ខេត្តកណ្តាល ខេត្តតាកែវ ខេត្តកំពត និងខេត្តកែប។ ផ្លូវទឹកនេះនឹងមានទទឹងមុខកាត់ផ្នែកខាងលើប្រវែង ១០០ម៉ែត្រ និងមុខកាត់ផ្នែកខាងក្រោមប្រមាណ ៨០ម៉ែត្រ និងជម្រៅទឹកប្រមាណ ៥,៤ម៉ែត្រ (ជម្រៅនាវាចរណ៍ ៤,៧ម៉ែត្រ និងគម្លាតសុវត្ថិភាព ០,៧ម៉ែត្រ) មានគន្លងនាវាចរណ៍ចំនួន ២គន្លង អាចចេញ-ចូល និងជៀសគ្នាបានដោយសុវត្ថិភាព ៕

To Top