ភ្នំពេញ៖ សហភាពពលកម្មជាតិកម្ពុជា (NLC) នៅថ្ងៃទី៣០ ខែមិថុនា បានដាក់ញាត្តិស្នើសុំទៅស្ថានទូតអាមេរិក ប្រចាំប្រទេសកម្ពុជា ពិនិត្យពិចារណាលើ របាយការណ៍ញុះញង់របស់អង្គការសង់ត្រាល់ ដែលធ្វើឱ្យមានការរើសអើង លាបពណ៌នាំឱ្យ មានការបែកបាក់ធ្ងន់ធ្ងរ និងនាំឱ្យមានការខូចខាតប្រយោជន៍ កម្មករនិយោជិតខ្មែរក្នុងវិស័យកាត់ដេរជិត១លាននាក់ ។
លោក តែប តុន អនុប្រធានសហភាពពលកម្មជាតិកម្ពុជា បានឱ្យដឹងថា គោលបំណង នៃរបាយការណ៍របស់ មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស ហៅកាត់ថា សង់ត្រាល់ បានបង្កឱ្យមានអស្ថេរភាព និងនាំឱ្យខាតប្រយោជន៍បងប្អូនកម្មករ និយោជិត និងសង្គមជាតិទាំងមូល។
លោកបញ្ជាក់ថា៖«ខ្លឹមសារទាំងនោះពាក់ព័ន្ធ និងរបាយការណ៍របស់អង្គការ ILO-BFC និងបញ្ហា ដែលកើត ឡើង រវាងសហជីព និងសហជីពក្នុងក្រុមហ៊ុនមួយ តែប៉ុណ្ណោះ»។
លោកថា ខ្លឹមសារនេះមិនស៊ីគ្នា និងចំណងជើង នៃរបាយការណ៍ទាល់តែសោះ ហើយពុំអាចចាត់ទុកថា ជាឧបសគ្គរារាំងភាពជា តំណាង សេរីភាពសហជីព ទាំងអស់នៅកម្ពុជាឡើយ អាចនិយាយបានថា ជារបាយការណ៍ចោទប្រកាន់ ឬបំប៉ោង បញ្ហាបំភ្លៃការពិតក្នុងហេតុផល កេងចំណេញផ្នែកនយោបាយ។
តំណាង NLC លោក តែប តុន សង្កេតឃើញថា មានសហព័ន្ធសហជីព និងអង្គការមួយចំនួន ស្ថិតនៅក្រោមការបង្គាប់ បញ្ជារបស់អង្គការសង្គមស៊ីវិល ដែលទទួលជំនួយពីបរទេស និង បម្រើនយោបាយឱ្យជនបរទេស ខិលខូចមួយចំនួននៅពី ក្រោយខ្នងទៀ ត ផងដែរ។ ពួកគេតែងញុះញង់ឱ្យសហព័ន្ធសហជីពទាំងនោះ បង្កើតនូវរូបភាព ឬបញ្ហាផ្សេងៗ ដែលពួកគេចង់បានដើម្បីបង្កាច់បង្អួចបំផ្លាញមុខមាត់ប្រទេសជាតិ ខ្លួនឯង លើឆាកអន្តរជាតិ បំផ្លាញសេដ្ឋកិច្ចជាតិ បំផ្លាញសេដ្ឋកិច្ចគ្រួសារ និងធ្វើឱ្យបងប្អូនកម្មករនិយោជិតជួបនូវហានិភ័យ បាត់បង់ការងារ ខាតបង់លុយកាក់។
លោកបញ្ជាក់ថា៖ «សហព័ន្ធសហជីព និងអង្គការ បែបនេះទើបគេឱ្យឈ្មោះថា សហព័ន្ធសហជីព និងអង្គការឯករាជ្យ ដែលទទួលស្គាល់ដោយក្រុមគេ មួយក្ដាប់តូចប៉ុណ្ណោះ។សហព័ន្ធ និងអង្គការប្រភេទនេះ តែងតែទទួលបាននូវជំនួយ ពីបរទេស ធ្វើការឱ្យបរទេស ដើម្បីបំផ្លាញផលប្រយោជន៍ រួមរបស់ជនរួមជាតិ និងបំផ្លាញមុខមាត់ប្រទេសជាតិខ្លួនឯង»។
ជាមួយគ្នានោះ សហភាពពលកម្មជាតិ កម្ពុជា (NLC) ចង់ឱ្យសង់ត្រាល់ ពិនិត្យមើលចំណងជើង របាយការណ៍ របស់ខ្លួនឡើងវិញ ជៀសវាងជៈឥទ្ធិពលអាក្រក់ ខ្លាំងដល់អារម្មណ៍ របស់អ្នកវិនិយោគទុន ដែលមានស្រាប់ និងប៉ះពាល់ដល់អារម្មណ៍ អ្នកវិនិយោគទុនមកថ្មី ដែលមានបំណង ចង់មកវិនិយោគទុន នៅប្រទេសកម្ពុជា៕