ព័ត៌មានជាតិ

សម្ដេចធិបតី ឲ្យក្រសួងរៀបចំដែនដី ជំរុញការចុះបញ្ជីដីរដ្ឋ ឲ្យបានឆាប់ ដើម្បីទប់ស្កាត់ចលនា ទន្ទ្រានកាន់កាប់ដីរដ្ឋ

កំពង់ចាម ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជា មានប្រសាសន៍ណែនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ត្រូវដឹកនាំ និងជំរុញគាំទ្រការចុះបញ្ជីដីរដ្ឋ ឲ្យបានឆាប់រហ័ស ដើម្បីទប់ស្កាត់ និងបង្ក្រាបចលនាទន្ទ្រានកាន់កាប់ដីរដ្ឋ។

នាឱកាសអញ្ជើញជាអធិបតី ទិវាមច្ឆជាតិ ១កក្កដា ២០២៤ នៅបឹងធំ ភូមិកំពង់សំណាញ់ ឃុំមៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម នៅថ្ងៃទី១ កក្កដា នេះ សម្តេចធិបតី ណែនាំរដ្ឋបាលជលផល ត្រូវបន្តពង្រឹងការអភិរក្សធនធានជលផល ព្រៃលិចទឹក និង ព្រៃកោងកាង ជាពិសេសការអភិរក្សត្រីមេពូជ សត្វផ្សោតទន្លេមេគង្គ និងវារីសត្វងាយរងគ្រោះឲ្យកាន់តែមានប្រសិទ្ធ ភាពខ្ពស់ ព្រមទាំងបន្តលែងកូនត្រី ត្រីមេពូជ និង វារីសត្វឲ្យកាន់តែច្រើនថែមទៀតទៅក្នុងទីជម្រកធម្មជាតិ។

ទន្ទឹមនេះ រដ្ឋបាលជលផលត្រូវសិក្សា កែលម្អ និងស្តារកន្លែងអភិរក្សត្រីមេពូជ និងទីជម្រកមច្ឆជាតិផ្សេងទៀតដែលគោករីងរាក់ ជាពិសេសនៅរដូវប្រាំង។

សម្តេចធិបតី លើកទឹកចិត្តឲ្យក្រសួង កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួងធនធានទឹក និង ឧតុនិយម បង្កើនកិច្ចសហការកាន់តែជិតស្និទ្ធថែមទៀត ដើម្បីការពារ និងសង្គ្រោះជម្រកត្រី ត្រីមេពូជ និង វារីសត្វងាយរងគ្រោះ។

សម្ដេចធិបតី នាយករដ្ឋមន្ដ្រី គូសបញ្ជាក់ថា «ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ត្រូវដឹកនាំ និង ជំរុញគាំទ្រការចុះបញ្ជីដីរដ្ឋឲ្យបានឆាប់រហ័ស ដើម្បីទប់ស្កាត់ និងបង្ក្រាបចលនាទន្ទ្រានកាន់កាប់ដីរដ្ឋ ជាពិសេសតំបន់ជុំវិញបឹងទន្លេសាប ដែលជាជម្រកត្រីពងកូន ជម្រកត្រី និង ជាកន្លែងស្វែងរកចំណី»។

ជាមួយគ្នានេះ សម្តេចធិបតី លើកទឹកចិត្តដល់ ក្រសួង-ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលថ្នាក់ក្រោមជាតិ និង ដៃគូអភិវឌ្ឍន៍ បន្តចូលរួមជំរុញចលនា ដាំព្រៃលិចទឹក និងព្រៃកោងកាងឡើងវិញ ដើម្បីផ្ដល់ជាជម្រកពងកូន សម្រាប់វារីសត្វគ្រប់ប្រភេទ និង ថែរក្សានិរន្តរភាពប្រព័ន្ធអេកូឡូស៊ី៕

To Top