ព័ត៌មានជាតិ

សម្តេច ឃួន សុដារី ស្នើម៉ាឡេស៊ី លើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគី រវាងរដ្ឋសភាប្រទេសទំាងពីរ និងជំរុញការវិនិយោគ

ភ្នំពេញ៖ សម្តេចធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា បានស្នើលោកស្សាហារ៉ូឌីន ប៊ីន អ៊ន (Shaharuddin Bin Onn) ឯកអគ្គរាជទូតថ្មីម៉ាឡេស៊ីប្រចាំនៅកម្ពុជា លើកកម្ពស់ទំនាក់ទំនងទ្វេភាគីរវាងរដ្ឋសភាកម្ពុជា-ម៉ាឡេស៊ី ឲ្យកាន់តែសកម្មនិងស៊ីជម្រៅឡើងថែមទៀត ដើម្បីបម្រើដល់ផលប្រយោជន៍ប្រជាពលរដ្ឋ ប្រទេសទំាងពីរនិងសហគមន៍អាស៊ាន ផងដែរ។

សម្តេចរដ្ឋសភាធិបតី បានលើកឡើងបែបនេះ ក្នុងឱកាសទទួលជួបពិភាក្សាការងារជាមួយ លោក ស្សាហារ៉ូឌីន ប៊ីន អ៊ន នាព្រឹកថ្ងៃ១ កក្កដា ។ ជាមួយគ្នានេះ សម្តេច បានស្នើឯកអគ្គរាជទូតជួយ ជំរុញបន្ថែមដល់ការវិនិយោគ ពាណិជ្ជកម្ម និងការបណ្តុះបណ្តាលធនធានមនុស្ស ជាពិសេសផ្នែកបច្ចេកវិទ្យាដល់យុវជនកម្ពុជា ឲ្យបានច្រើនបន្ថែមទៀត។

សម្តេចរដ្ឋសភាធិបតីគូសបញ្ជាក់ថា រដ្ឋសភាកម្ពុជាបើកទ្វារចំហស្វាគមន៍ ឯកអគ្គរាជទូត និងសហការីគ្រប់ពេលវេលានៅក្នុងការ សម្របសម្រួលនិងធ្វើកិច្ចសហប្រតិបត្តិការ ដើម្បីពង្រឹងពង្រីកចំណងមិត្តភាព កិច្ចសហប្រតិបត្តិការរឹងមាំនៃប្រទេសទំាងពីរ ដែលមានជាង៦០ឆ្នាំមកនេះ ឲ្យកាន់តែរឹងមាំថែមទៀតនៅលើគ្រប់វិស័យ ទំាងខាងស្ថាប័ននីតិប្បញ្ញត្តិនិងនីតិប្រតិបត្តិ ស្របតាមស្មារតីនៃកិច្ចព្រមព្រៀង ដែលរាជរដ្ឋាភិបាលប្រទេសទំាងពីរ ។

ចំពោះទំនាក់ទំនងរដ្ឋសភាប្រទេសទំាងពីរ សម្តេចសង្កត់ធ្ងន់ថា សភាប្រទេសទំាងពីរបានធ្វើកិច្ចសហប្រតិបត្តិការគ្នា ជាច្រើននៅក្នុងក្របខណ្ឌពហុភាគី ប៉ុន្តែនៅមានកម្រិតនៅក្នុងក្របខណ្ឌទ្វេភាគី ដែលត្រូវយកចិត្តទុកដាក់និងពង្រឹងពង្រីកបន្ថែមទៀត។ រដ្ឋសភាកម្ពុជាបានបង្កើត ក្រុមមិត្តភាពសភាកម្ពុជា-ម៉ាឡេស៊ី តំាងពីអាណត្តិទី១មក និងគួរបន្តជំរុញកិច្ចសហប្រតិបត្តិការសភាប្រទេសទំាងពីរឱ្យបានរឹងមាំស៊ីជម្រៅថែមទៀត តាមរយៈក្រុមមិត្តភាព សមាជិកសភាជាស្រ្តី សមាជិកសភាវ័យក្មេង និងកម្រិតអគ្គលេខាធិការដ្ឋាន ជាដើម។

ប្រធានរដ្ឋសភាថា កម្ពុជា-ម៉ាឡេស៊ីមានសក្តានុពលជាច្រើន ដែលអាចធ្វើការរួមគ្នា ដើម្បីបម្រើផលប្រយោជន៍ប្រជាជន និងប្រទេសទំាងសងខាង នៅក្នុងនោះមានដូចជា កម្ពុជាមានសក្តានុពលសម្រាប់ ការផលិតអាហារហាឡាល់ (Halal) សម្រាប់ប្រទេសម៉ាឡេស៊ីនាំចេញទៅក្រៅប្រទេស និងការបង្កើនចំនួនជើងហោះហើរត្រង់ រវាងប្រទេសទំាងពីរជាដើម។

លោក ស្សាហារ៉ូឌីន ប៊ីន អ៊ន បានគំាទ្រប្រសាសន៍លើកឡើង របស់សម្តេចរដ្ឋសភាធិបតី និងបានបញ្ជាក់ពីការប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ដែលមានស្រាប់ឲ្យកាន់តែរឹងមាំ និងធ្វើការជាមួយរដ្ឋាភិបាលកម្ពុជា ជាពិសេស បន្តអនុវត្តនូវគម្រោងនៃកិច្ចសហប្រតិបត្តិការ ដែលថ្នាក់ដឹកនាំនៃប្រទេសទាំងពីរបានកំណត់ ក្នុងដំណើរទស្សនកិច្ចរបស់ សម្ដេចធិបតីនាយករដ្ឋមន្រ្តី ទៅកាន់ប្រទេសម៉ាឡេស៊ីកាលពីចុងខែកុម្ភៈកន្លងទៅ ដូចជាវិស័យពាណិជ្ជកម្ម និងវិនិយោគ ការងារនិងការអប់រំ បណ្តុះបណ្តាលបច្ចេកទេសវិជ្ជាជីវៈ (TVET) ការតភ្ជាប់បច្ចេកវិទ្យាឌីជីថល និងឧស្សាហកម្មអាហារហាឡាល់ (Halal) ៕

To Top