ភ្នំពេញ ៖ កម្លាំងជំនាញនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន(ក៤) សហការជាមួយស្នងការដ្ឋានរាជធានីភ្នំពេញ កាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤ បានចុះស្រាវជ្រាវស៊ើបអង្កេតរហូតឈានទៅបង្ក្រាបករណីរក្សាទុក និងជួញដូរគ្រឿងញៀនដោយខុសច្បាប់ ស្ថិតនៅ បន្ទប់ជួល ផ្លូវ២៧១ ភូមិចំរើនផល សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានភ្នំពេញ ។
ជាលទ្ធផលចាប់ខ្លួនជនល្មើស ២នាក់, ១៖ ឈ្មោះ រិន ជាង ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិខ្មែរ និង២៖ ឈ្មោះ សំ វុទ្ធី ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិខ្មែរ។ វត្ថុតាងចាប់យករួមមាន៖ គ្រឿងញៀនប្រភេទមេតំហ្វេតាមីន(ICE) ទម្ងន់ ២០៩៨ក្រាម, គ្រឿងញៀនប្រភេទក្រាមអ៊ិចស្រ្តាស៊ី (MDMA) ទម្ងន់ ១៩,៤៤ ក្រាម។ វត្ថុតាងគ្រឿងញៀនសរុបទម្ងន់ ២១១៧.៤៤ក្រាម (២គីឡូ១១៧.៤៤ក្រាម)។
បច្ចុប្បន្នជនល្មើសខាងលើត្រូវបាន កសាងសំណុំរឿងបញ្ជូនខ្លួន និងវត្ថុតាង ទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី។
សូមជម្រាបថា រាជរដ្ឋាភិបាលនីតិកាលទី៧ ដែលដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានកំណត់យកការប្រយុទ្ធប្រឆាំង គ្រឿងញៀន ជាអាទិភាពបំផុត ដូច្នេះហើយទើបនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ឱ្យ មន្ទីរប្រឆាំងគ្រឿងញៀនប្រើកណ្តាប់ដៃដែក ដើម្បីបង្ក្រាបគ្រឿងញៀន ជាពិសេសនៅតាមក្លឹបកម្សាន្ត ដែលបង្កប់ការជួញដូរ និងប្រើប្រាស់គ្រឿងញៀន។ ដោយទទួលបានបទបញ្ជាដ៏ម៉ឺងម៉ាត់នេះ កម្លាំងជំនាញមន្ទីរប្រឆាំងគ្រឿងញៀន បានប្តេជ្ញាចិត្ត និងខិតខំចុះបង្ក្រាបគ្រឿងញៀន តាមបណ្ដារាជធានី-ខេត្ដ យ៉ាងសស្រាក់សស្រាំដូចភ្លៀងរលឹមជារៀងរាល់ថ្ងៃ ធ្វើយ៉ាងណាបង្ក្រាប ឱ្យដល់ឫសគល់នៃបទល្មើស ។
ជាការគត់សម្គាល់មន្ទីរប្រឆាំងគ្រឿងញៀន បង្ក្រាបបានបទល្មើសគ្រឿងធំៗជាបន្តបន្ទាប់ ដែលឧក្រិដ្ឋជនដឹកជញ្ជូន រក្សាទុក្ខ ក្នុងបរិមាណរាប់រយគីឡូក្រាម និងបានឃាត់ខ្លួនជនល្មើសជាច្រើននាក់ បញ្ជូនទៅផ្តន្ទាទោសនៅតុលាការ៕