ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ដ្រី ស សុខា រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានចាត់ទុកការងារបណ្តុះបណ្តាលមន្ដ្រី នគរបាលជាតិ គឺជាការងារចាំបាច់ ត្រូវតែបន្តធ្វើជាប់ជាប្រចាំ ដោយគ្មានទីបញ្ចប់នោះទេ ក្នុងគោលដៅធ្វើឲ្យកងកម្លាំងនគរបាលជាតិ មានចំណេះដឹងគ្រប់គ្រាន់។






នាឱកាសអញ្ជើញសម្ពោធសមិទ្ធផលនានា និងបិទវគ្គបណ្តុះបណ្តាលកម្រិតបឋមវិជ្ជាជីវៈនគរបាល នៅសាលានគរបាលជាតិភូមិភាគ២ នាថ្ងៃទី២ កក្កដា លោកឧបនាយករដ្ឋមន្ដ្រី ស សុខា បានបង្ហាញក្ដីសង្ឃឹមយ៉ាងមុតមាំថា សិស្សនគរបាលជ័យលាភីទាំងអស់ នឹងយកចំណេះដឹងដែលខ្លួនបានទទួលពីការបណ្តុះបណ្តាលនៅទីនេះ ទៅអនុវត្តជាក់ស្តែង ក្នុងន័យបម្រើឲ្យវឌ្ឍនភាព ក៏ដូចជាតម្រូវការរបស់អង្គភាព រៀងៗខ្លួន ក្នុងនោះសិស្សជ័យលាភីទាំងអស់ ក៏នឹងក្លាយទៅជាកម្លាំងនគរបាលជាតិ ប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ ចូលរួមចំណែកក្នុងការពារសន្តិភាព ស្ថិរភាព សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សុវត្ថិភាព សង្គម និងបម្រើផលប្រយោជន៍សង្គមជាតិទាំងមូល។
បើតាមលោកឧបនាយករដ្ឋមន្ដ្រី ប្រទេសជាតិមួយ ក្រសួងមួយ ឬអង្គភាពមួយ ដែលអាចរីកចម្រើនជឿនលឿនទៅបាន អាស្រ័យដោយមានធនធានមនុស្សគ្រប់គ្រាន់ ដែលជាមូលដ្ឋានគ្រឹះដ៏សំខាន់មិនអាចខ្វះបាន។

លោកឧបនាយករដ្ឋមន្ដ្រី គូសបញ្ជាក់ថា «សូមចាត់ទុកការងារបណ្តុះបណ្តាលមន្ដ្រីនគរបាលជាតិ គឺជាការងារចាំបាច់ ត្រូវតែបន្តធ្វើជាប់ជាប្រចាំ ដោយគ្មានទីបញ្ចប់នោះទេ ក្នុងគោលដៅធ្វើឱ្យកងកម្លាំងនគរបាលជាតិ មានចំណេះដឹងគ្រប់គ្រាន់លើផ្នែកទ្រឹស្តី សមត្ថភាពជំនាញ និងអាកប្បកិរិយាល្អក្នុងការរួមចំណែករក្សាឱ្យបានរឹងមាំនូវខឿនសន្តិសុខជាតិ និងសណ្ដាប់ធ្នាប់សង្គមល្អ ដែលជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងឆ្លើយតបទៅនឹងតម្រូវការជាក់ស្ដែងនៃអង្គភាពប្រើប្រាស់កងកម្លាំង ព្រមទាំងស្របតាមសភាពការណ៍សន្តិសុខជាតិ និងអន្តរជាតិ»។


ប្រមុខក្រសួងមហាផ្ទៃ ក៏បានបង្ហាញការចាប់អារម្មណ៍ ប្រកបដោយមោទនភាពយ៉ាងខ្លាំង អំពីការវិវត្តរីកចម្រើនរបស់បណ្ឌិត្យសភានគរបាលកម្ពុជា និងសាលានគរបាលជាតិភូមិភាគទាំងអស់ ជាក់ស្ដែងថ្ងៃនេះបានមកសម្ពោធដាក់ឲ្យប្រើប្រាស់នូវសមិទ្ធផលថ្មីៗមួយចំនួនទៀតនៅសាលានគរបាលជាតិភូមិភាគ២ ដែលជាស្នាដៃការងារថ្មីៗបន្ថែមទៀត ៕
