ភ្នំពេញ ៖ អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ទូច សុឃៈ បានលើកឡើងថា សមត្ថកិច្ចចាប់ខ្លួន ក្រុមយុវជនមាតាធម្មជាតិ៥រូប គឺអនុវត្តទោសទៅតាមផ្លូវច្បាប់ ទៅតាមដីកាសម្រេច របស់អង្គជំនុំជម្រះសាលាដំបូង រាជធានីភ្នំពេញ។
លោក ទូច សុឃៈ បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល នាថ្ងៃ២ កក្កដា ថា ការចាប់ខ្លួនពួកគេមិនមែនចេះតែចាប់នោះទេ ហើយក៏មិនមែនរំលោភសិទ្ធិមនុស្សដែរ គឺអនុវត្តទៅតាមដីកាសម្រេចរបស់អង្គជំនុំជម្រះ សាលាដំបូងរាជធានីភ្នំពេញពីបទប្រមាថព្រះមហាក្សត្រ និងរួមគំនិតក្បត់ ។
ចំពោះការចាប់ខ្លួន ក្រុមយុវជនមាតាធម្មជាតិ៥រូបនេះ ក៏មានការប្រៀបធៀបទៅនឹងអតីតឧកញ៉ាមួយរូប កាលពីពេលថ្មីនេះដែរ ថា មានការខុសគ្នា តែលោកទូច សុឃៈតបថា ការចាប់ខ្លួនអតីតឧកញ៉ារូបនោះ មុនដំបូងជាការសង្ស័យ ប៉ុន្តែពួកគេទាំង៥រូបនេះ គឺមានការចោទប្រកាន់ពីតុលាការតែម្តង។
សូមបញ្ជាក់ថា ក្រុមយុវជនមាតាធម្មជាតិ៥រូប ត្រូវបានសមត្ថកិច្ចចាប់ខ្លួន នៅថ្ងៃ២ កក្កដានេះ ក្នុងពេលពួកគេទៅស្តាប់ការប្រកាសសាលក្រមពីបទ ប្រមាថព្រះមហាក្សត្រ និងរួមគំនិតក្បត់៕