ពលរដ្ឋខ្មែរជាច្រើនតែងតែស្ដាប់បទ «លលកវាយំ» ដែលជាស្នាដៃនិពន្ធទំនុកច្រៀងដោយគរុវិជ្ជាចារ្យកវី វ៉ែន សុន និងច្រៀងដោយអ្នកស្រី សូ សាវឿន។ ក្នុងចំណោមអ្នកស្ដាប់នេះ ខ្លះបានដឹងពីប្រវត្តិអ្នកនិពន្ធ និងមួយចំនួនទៀតក៏មិនបានស្គាល់ច្បាស់ពីអ្នកនិពន្ធនៅឡើយ។
ម្ចាស់ពានរង្វាន់កវីនិពន្ធអាស៊ីអាគ្នេយ៍ ឆ្នាំ២០១៩ គរុវិជ្ជាចារ្យកវី វ៉ែន សុន កើតនៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ១៩៣៩។ លោកកំព្រាឪពុកតាំងពីអាយុ៦ឆ្នាំ។ លោកមានបងប្អូន ៣នាក់ (ស្រី ២នាក់)។ ក្រោយពីឪពុកស្លាប់ដោយជំងឺអាសន្នរោគចោលទៅ កុមារ វ៉ែន សុន ត្រូវជីតាអ៊ំខាងឪពុក ជាព្រះគ្រូចៅអធិការវត្តខ្យាងខាងជើង ព្រះនាម ម៉ៅ អៀម យកទៅឱ្យនៅរៀនសូត្រជាមួយ ដែលកាលនោះការរៀនសូត្រនៅវត្តអារាម។
វត្តខ្យាងខាងជើងស្ថិតនៅភូមិខ្យាង ឃុំស្វាយ ស្រុកកំពង់ត្រឡាច(បច្ចុប្បន្នស្រុកសាមគ្គីមានជ័យ) ខេត្តកំពង់ឆ្នាំង។ លោកមានទីលំនៅបច្ចុប្បន្នភូមិក្បាលទំនប់ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ លោកមានប្រពន្ធឈ្មោះ ណុប ណាគ្រី កើតឆ្នាំ១៩៥២។ មានកូន៨នាក់ (ស្រី៥, ប្រុស៣)។
តាមប្រភពឯកសារពីបណ្ឌិត ឡឹក ជំនោរ អនុប្រធានសមាគមអ្នកនិពន្ធខ្មែរ បានបញ្ជាក់ឱ្យដឹងថា គរុវិជ្ជាចារ្យកវី វ៉ែន សុន មានទេពកោសល្យនិពន្ធរឿងសម្រាប់កុមារដោយរូបភាព, និពន្ធកំណាព្យសម្រាប់កុមារ ដោយរូបភាព, សរសេរអក្សរភ្លេងអន្តរជាតិសម្រាប់និពន្ធបទភ្លេង និងនិពន្ធទំនុកច្រៀង។ លោកក៏ជាគ្រូបណ្តុះបណ្តាលអ្នកនិពន្ធនៅសមាគមអ្នកនិពន្ធខ្មែរ បាន៣៣វគ្គ និងបានបង្រៀនមុខវិជ្ជាកំណាព្យនេះ នៅមហាវិទ្យាល័យនាដសាស្ត្រនៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ។
ការងារស្រាវជ្រាវអំពីរបៀបនិពន្ធ និងសូត្រកំណាព្យខ្មែរ
ពីឆ្នាំ១៩៩១ ដល់ ឆ្នាំ២០០១ ចាប់ផ្តើមស្រាវតែម្នាក់ឯង លទ្ធផលរកឃើញ១បទ គឺ បទឥន្ទ្រជិត ឬ ឥន្ទជិត រកឃើញទាំងរបៀបសរសេរ ទាំងរបៀបស្មូត្រ ដោយរកឃើញពីលោកតាអាចារ្យ សួង គ្រុយ នៅវត្តហង្សឈូក ឃុំស្វាយ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។ លោកតាអាចារ្យញ្ជាក់ថា “គាត់ចេះចាំបទឥន្ទជិតឬ បទឥន្ទ្រជិតនេះតាំងពីអាយុ១០ឆ្នាំ នៅក្នុងសាស្ត្រស្លឹករឹតរឿងព្រះបាទវិនា ត្រង់ព្រះបាទវិនា ទ្រង់បញ្ជាឱ្យអាមាត្យចាត់ចែងធ្វើពិធីជញ្ជាត់ព្រលឹងថ្វាយព្រះនាងគោត្តមី ជាអគ្គមហេសីដែលនាងឆន្ទាបានច្រានទម្លាក់សមុទ្រ។ល។
ពីឆ្នាំ២០០១ ដល់ ឆ្នាំ២០០៣ សហការស្រាវជ្រាវ សមាសភាពរួមមាន លោក វ៉ែន សុន កាលនៅជាអនុប្រធានសមាគមអ្នកនិពន្ធខ្មែរ,លោក យ៉ាន់ បុរិន្ទ,អ្នកស្រី ម៉ម សុខលី, លោក ថី ចន្ទោ អ្នកសម្របសម្រួលសមាគម KamboKids ជាអ្នកឧបត្ថម្ភ។ លទ្ធផលទទួលបាន១បទ, រកឃើញវិធីសាស្រ្តនិពន្ធបទមូលដ្ឋានគ្រឹះបំបែកចេញពីច្បាប់ដើម(បទទ្វេមាត្រ) សរុប ៧៤បទ (នៅបាត់២ទៀតគឺ បទទន្សាយទីសទៀស, បទមាន់ទឹកមាន់ទឹកបណ្តើរកូន។ បន្ថែមពីនេះ រកឃើញបទស្មូត្រកំណាព្យ ៥៩បែប។ល។
ចំពោះស្នាដៃពីឆ្នាំ១៩៧៩ រហូតដល់សព្វថ្ងៃ និពន្ធបទភ្លេង និងទំនុកចម្រៀង១០បទ (ថតនៅហង្សមាស) និពន្ធរឿងល្ខោននិយាយ។ ក្រៅពីនេះនៅមាន រឿងចំណងដៃទឹកភ្នែក, រឿងផ្កាដុះលើថ្ម (ថតជាVideo), កំណាព្យបណ្តាំកវី(ទទួលជ័យលាភីលេខ១ ទទួលបានមេដាយមាសពីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ក្នុងមហោស្រពប្រឡងតែងនិពន្ធទូទាំងប្រទេស ឆ្នាំ១៩៩១), និពន្ធរឿងឋានសួគ៌ក្នុងសុបិន ជាប្រលោមកំណាព្យ ទទួលបានពានរង្វាន់«៧មករា» ពីសមាគមអ្នកនិពន្ធខ្មែរ ឆ្នាំ១៩៩៧, និពន្ធរឿងភ្នំព្រះនាងកែវ ជាកំណាព្យបែបប្រវតិ្តសាស្ត្រ ទទួលបានពានរង្វាន់អក្សរសិល្ប៍ទន្លេមេគង្គ ក្នុងឱកាសមហោស្រពអក្សរសិល្ប៍ប្រទេសទាំងបី នៅទីក្រុងវៀងច័ន្ទ ប្រទេសឡាវ កាលពីខែមីនា ឆ្នាំ២០១០។ល។ ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៣ ទទួលពានរង្វាន់ Sunthorn Phu ថ្នាក់កវីអាស៊ាន មកពីប្រទេសទាំង១០ នៅទីក្រុងបាងកក ព្រះរាជាណាចក្រថៃ គឺស្នាដៃកំណាព្យរបាំប្រពៃណីខ្មែរ។
ជាពិសេសបាននិពន្ធរឿង និងកំណាព្យសម្រាប់កុមារឱ្យអង្គការមួយចំនួន ដូចជាអង្គការ «Room to Read, Cambokids. SVA , អរិយធម៌ខ្មែរ និងគ្រឹះស្ថានបោះពុម្ពផ្សាយឯកជនមួយចំនួនទៀត។ល។
សូមរម្លឹកថា គរុវិជ្ជាចារ្យកវី វ៉ែន សុន ជាមន្ត្រីចូលនិវត្តន៍ បច្ចុប្បន្នមានវ័យ ៨៥ឆ្នាំ កំពុងសម្រាកព្យាបាលជំងឺនៅឯមន្ទីរពេទ្យមិត្តភាពកម្ពុជា-សូវៀត(ពេទ្យរុស្សី)៕
ដោយ៖ ហ៊ួន ស៊ីឡូន