កំពង់ឆ្នាំង៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នាថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៤ បានអញ្ជើញបើកការដ្ឋានកែលម្អផ្លូវជនបទ ១ខ្សែ ប្រវែង ១៧០០ម៉ែត្រ ទទឹង ៥ម៉ែត្រ ដោយសាកល្បងប្រើប្រាស់បច្ចេកវិទ្យាថ្មី(stabilizer) ស្ថិតនៅភូមិ ត្បែងខ្ពស់ ឃុំតាំងក្រសាំង ស្រុកទឹកផុស ។
បន្ទាប់ពីបានស្ដាប់មតិស្វាគមន៍ ដោយលោកមេឃុំតាំងក្រសាំង និងរបាយការណ៍សង្ខេបដោយលោក ជិន រដ្ឋា ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ឆ្នាំងរួចមក លោក ឆាយ ឫទ្ធិសែន បានមានមតិសំណេះសំណាល ព្រមទាំងពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ ប្រកបដោយមនោសញ្ចេតនា សេចក្តីនឹករលឹកយ៉ាងជ្រាលជ្រៅបំផុត និងពរសព្ទសាធុការពីសំណាក់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន មគ្គុទេសក៏ឯកនយោបាយឈ្នះឈ្នះ, បិតាស្ថាបនិកសន្តិភាព,និងជាប្រធានព្រឹទ្ធសភា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា, និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ជូនចំពោះឯកឧត្តម លោក លោកស្រី លោកតា លោកយាយ ពូមីង បងប្អូន នៃអង្គពិធីទាំងមូល។
លោករដ្ឋមន្ត្រី បានមានប្រសាសន៍ថា ការកែលម្អផ្លូវល្បាយក្រួស ដោយប្រើប្រាស់សាកល្បងនូវបច្ចេកវិទ្យាពង្រឹងគុណភាពដីល្បាយក្រួស (Stabilizer) នេះ គឺជាគម្រោងសាកល្បងប្រើប្រាស់ទឹកថ្នាំលាយជាមួយដីល្បាយក្រួស ដើម្បីបង្កើនភាពធន់ ជំនួសឱ្យវត្ថុធាតុដើមក្នុងស្រុកដែលកាន់តែក្រខ្សត់ទៅៗ និងមានតម្លៃថ្លៃផងដែរ។ ការជ្រើសរើសយកបច្ចេកវិទ្យាថ្មីនេះ ក៏ជាការខិតខំប្រឹងប្រែងក្នុងការពង្រឹង និងបង្កើនគុណភាពផ្លូវឱ្យកាន់តែរឹងមាំ និងមានភាពធន់ ដែលជាការចូលរួមចំណែកអនុវត្តតាមគោលការណ៍របស់រាជរដ្ឋាភិបាលកម្ពុជាដែលបានដាក់ចេញជាយុទ្ធសាស្រ្តពង្រឹងគុណភាព ៧០% និងពង្រីកបន្ថែម ៣០%។
លោករដ្ឋមន្ត្រី បានបន្ដថា រាជរដ្ឋាភិបាលបច្ចុប្បន្ន បាននិងកំពុងខិតខំអភិវឌ្ឍប្រទេសជាតិ លើគ្រប់វិស័យឱ្យកាន់តែមានភាពរីកចម្រើនទៅមុខបន្ថែមទៀត ដោយបានដាក់ចេញនូវ “យុទ្ធសាស្ត្របញ្ចកោណ” ដំណាក់កាលទី១ ដែលបានកំណត់អាទិភាពគន្លឹះ ៥គឺ៖មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យាឌីជីថល ក្រោមបាវចនាដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ក្នុងគោលដៅអភិវឌ្ឍប្រទេសឈានឆ្ពោះទៅសម្រេចចក្ខុវិស័យ “កម្ពុជាជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ ២០៥០ “។
បន្ទាប់ពីពិធីបើកការដ្ឋានរួច លោក ឆាយ ឫទ្ធិសែន និងគណៈប្រតិភូអមដំណើរ បានដឹកនាំមន្ដ្រីបច្ចេកទេសទៅពិនិត្យការដ្ឋានស្ថាបនាផ្លូវចំនួន ២ខ្សែ និងស្ពាន ១កន្លែង ដូចខាងក្រោម៖
– ខ្សែផ្លូវទី១ ជាផ្លូវក្រាលកៅស៊ូពីរជាន់ប្រភេទ (DBST) និងមានផ្នែកខ្លះជាប្រភេទបេតុងសរសៃដែក មានប្រវែងសរុប ១២,៤ គីឡូម៉ែត្រ ទទឹង ៨ម៉ែត្រ និងសំណង់សិល្បការ្យមួយចំនួន។ ផ្លូវនេះតភ្ជាប់ពីភូមិមានជ័យ ទៅដល់ភូមិកងមាស ឃុំគោកបន្ទាយ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ដែលបានបើកការដ្ឋានស្ថាបនានៅថ្ងៃទី ២៩ ខែឧសភា ឆ្នាំ២០២៣ គិតដល់ពេលនេះសម្រេចលទ្ធផលបាន ៨៧,៣៣% ហើយគ្រោងនឹងបញ្ចប់ការសាងសង់នៅក្នុងខែសីហា ឆ្នាំ២០២៤ ខាងមុខនេះ។
– ខ្សែផ្លូវទី២ ជាផ្លូវក្រាលកៅស៊ូពីរជាន់ប្រភេទ (DBST) និងមានផ្នែកខ្លះជាប្រភេទបេតុងសរសៃដែកមានប្រវែងសរុប ៨, ១៣០គីឡូម៉ែត្រ ទទឹង ៨ម៉ែត្រ និងសំណង់សិល្បការ្យមួយចំនួន។ ផ្លូវនេះតភ្ជាប់ពីភូមិអណ្ដូងជ្រៃ ឃុំអណ្ដូងស្នាយ ទៅដល់ភូមិមានជ័យ ឃុំគោកបន្ទាយ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំងដែលបានបើកការដ្ឋានស្ថាបនានៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤ គិតដល់ពេលនេះសម្រេចលទ្ធផលបាន ៣០% ហើយគ្រោងនឹងបញ្ចប់ការសាងសង់នៅក្នុងខែកញ្ញា ឆ្នាំ២០២៤។
– ពិនិត្យស្ថានភាពស្ពានបេតុង ១កន្លែងប្រវែង ៦០ម៉ែត្រ ទទឹង ៨ម៉ែត្រ ស្ថិតនៅក្នុងភូមិកងមាស ឃុំគោកបន្ទាយ ស្រុករលាប្អៀរ ដែលបានសា្ថបនារួចរាល់ជាស្ថាពរដោយនាយកដ្ឋានផ្លូវលំជនបទ ក្រសួងអភិវឌ្ឍន៍នៅក្នុងឆ្នាំ២០១៨។
ក្នុងឱកាសពិនិត្យការដ្ឋានផ្លូវខាងលើ លោករដ្ឋមន្ដ្រី បានណែនាំដល់ទីប្រឹក្សាបច្ចេកទេស និងក្រុមហ៊ុនទទួលការសាងសង់ ប្រចាំការនៅការដ្ឋានផ្ទាល់ យកចិត្តទុកដាក់អនុវត្ត ឱ្យបានត្រឹមត្រូវ តាមបទដ្ឋានបច្ចេកទេស ដើម្បីធានាគុណភាពផ្លូវជាប់ និងប្រើប្រាស់បានយូរអង្វែង។
លោករដ្ឋមន្ដ្រីបានមានផ្ដាំផ្ញើដល់អ្នកម៉ៅការសាងសង់ ត្រូវចាត់ទុកសមិទ្ធផលដែលបានស្ថាបនានាពេលនេះ ដូចជាទ្រព្យសម្បត្តិផ្ទាល់ខ្លួន ហើយសមិទ្ធផលទាំងនេះគឺដើម្បីបម្រើផលប្រយោជន៍របស់ប្រជាជនទៅក្នុងមូលដ្ឋានរបស់ខ្លួន ក្នុងគោលបំណងជំរុញកំណើនសេដ្ឋកិច្ចនៅមូលដ្ឋានឱ្យកាន់តែប្រសើរឡើង។
ជាមួយគ្នានោះ លោករដ្ឋមន្ដ្រី ក៏បានអញ្ជើញជួបសំណេះសំណាល និងសាកសួរសុខទុក្ខជាមួយបងប្អូនប្រជាពលរដ្ឋដែលរស់នៅអមសងខាងផ្លូវខាងលើ និងពិនិត្យស្ថានភាពការបង្កបង្កើនផលស្រូវនារដូវវស្សាដែលកន្លងមករងការបំផ្លាញពីដង្កូវហ្វូង របស់ប្រជាពលរដ្ឋនៅក្នុងភូមិឈើត្រាច ឃុំគោកបន្ទាយ ស្រុករលាប្អៀរដោយបានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសាកសួរសុខទុក្ខ ប្រកបដោយសេចក្តីនឹករលឹកពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ជូនដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ផងដែរ។
សូមបញ្ជាក់ថា ឃុំគោកបន្ទាយមានផ្ទៃដីសរុប ៦ ៣៩៦,១០ហិកតា ក្នុងនោះផ្ទៃដីកសិកម្ម ចំនួន ១ ៤៥០ហិកតា មានចំនួនគ្រួសារសរុប ១ ៧៩៩គ្រួសារ ខ្នងផ្ទះសរុប ១ ៥៤១ខ្នង ចំនួនប្រជាពលរដ្ឋសរុប ៧ ៩៩៣នាក់ ស្រី៣ ៧៣៣នាក់ ក្នុងនោះប្រជាពលរដ្ឋប្រមាណ ៨៥% ប្រកបរបរកសិកម្ម៕