ភ្នំពេញ ៖ អ្នកនាំពាក្យក្រសួងការពារជាតិ នាយឧត្តមសេនីយ៍ ឈុំ សុជាតិ បានច្រានចោលទាំងស្រុង ចំពោះការផ្សព្វផ្សាយថា នៅមូលដ្ឋានសមុទ្ររាម កងទ័ពជើងទឹកកម្ពុជា មានការបែងចែកតំបន់ សម្រាប់មូលដ្ឋាននាវាយោធាចិន និងតំបន់នាវាយោធាកម្ពុជា។
តាមរយៈគេហទំព័រហ្វេសប៊ុក នៅយប់ថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៤ នាយឧត្តមសេនីយ៍ ឈុំ សុជាត បានឆ្លើយតបនឹងសំណួរអ្នកសារព័ត៌មានមួយចំនួន ដែលបានចោទសួរពាក់ព័ន្ធនឹង ការចុះផ្សាយរបស់សារព័ត៌មាន Wall Street Journal កាលពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៤ ដោយចោទប្រកាន់លើ វត្តមាននាវាយោធា២គ្រឿងរបស់ចិន នៅមូលដ្ឋានសមុទ្ររាមកងទ័ពជើងទឹកកម្ពុជា, ក្នុងនាមអ្នកនាំពាក្យក្រសួងការពារជាតិលោក បានបញ្ជាក់ចំនួន ២ចំណុចដូចខាងក្រោម៖
១. នាវាយោធាចិន២គ្រឿងដែលបានចូលចត នៅមូលដ្ឋានសមុទ្ររាមកងទ័ពជើងទឹកកម្ពុជានោះ គឺទើបតែមកដល់នាថ្មីៗនេះប៉ុណ្ណោះ ដែលជានាវាផ្លាស់ប្តូរវេន ជាមួយនឹងនាវាយោធាចិនកន្លងទៅ តាមកិច្ចព្រមព្រៀងរវាងក្រសួងការពារជាតិប្រទេសទាំងពីរ ដើម្បីមកបណ្តុះបណ្តាល ជំនាញបច្ចេកទេស អំពីការប្រើប្រាស់នាវាដល់កងទ័ពជើងទឹកកម្ពុជា មិនដូចការចុះផ្សាយរបស់សារព័ត៌មាន Wall Street Journal ដែលថា នាវានេះ បានចូលចតរយៈពេល៦ខែ នោះឡើយ។
២. ខ្ញុំសូមច្រានចោលទាំងស្រុង ចំពោះការផ្សព្វផ្សាយថា នៅមូលដ្ឋានសមុទ្ររាមកងទ័ពជើងទឹកកម្ពុជា មានការបែងចែកតំបន់ សម្រាប់មូលដ្ឋាន នាវាយោធាចិន និងតំបន់នាវាយោធាកម្ពុជា។ ការផ្សព្វផ្សាយបែបនេះ ជាជាចេតនាបង្កឱ្យមានកាន់ច្រឡំ ហើយមិនមែនជាការពិតនោះឡើយ។ នៅមូលដ្ឋានសមុទ្ររាមកង ទ័ពជើងទឹកកម្ពុជា កំពុងធ្វើការអភិវឌ្ឍជាបន្តបន្ទាប់ដោយក្នុងនោះមានតំបន់ខ្លះកំពុងសាងសង់ តម្រូវឱ្យមានការហាមឃាត់ មិនឱ្យមានចេញចូលនោះឡើយ ដែលនេះជាកិច្ចការសម្ងាត់របស់កងទ័ព ស្របតាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា៕