ភ្នំពេញ ៖ ក្នុងឱកាសសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា អនុញ្ញាតចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នាថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៤នេះ លោកសាស្រ្តាចារ្យ Tetsuya Watanabe ប្រធានវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចអាស៊ាន និងអាស៊ីបូព៌ា (ERIA) បានប្ដេជ្ញាបន្តជំរុញ ពង្រឹង និងពង្រីក កិច្ចសហប្រតិបត្តិការរវាង ERIA និងរាជរដ្ឋាភិបាលកម្ពុជា ឱ្យកាន់តែរឹងមាំបន្ថែមទៀត ។

ក្នុងជំនួបជាមួយសម្តេចធិបតីនាឱកាសនេះ លោកសាស្រ្តាចារ្យ Tetsuya Watanabe ប្រធានវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចអាស៊ាន និងអាស៊ីបូព៌ា (ERIA) បានជម្រាបជូនសម្តេចធិបតីថា ក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចមកកម្ពុជា នាពេលនេះរូបលោក និងគណៈប្រតិភូ ERIA បានជួបពិភាក្សា ការងារ ជាមួយក្រសួងពាណិជ្ជកម្ម ធនាគារជាតិនៃកម្ពុជា និងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ។ តាមរយៈដំណើរទស្សនកិច្ចនេះ ERIA នឹងបន្តជំរុញពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាង ERIA និងរាជរដ្ឋាភិបាលកម្ពុជា ឱ្យកាន់តែរឹងមាំបន្ថែមទៀត ជាពិសេស ERIA នឹងបន្តផ្ដោតលើក្របខ័ណ្ឌ នៃកិច្ចសហប្រតិបត្តិការលើការជំរុញ ការអភិវឌ្ឍប្រទេសកម្ពុជា ជាពិសេសលើផែនការ អភិវឌ្ឍន៍វិស័យឧស្សាហកម្ម និងការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា។

បន្ថែមពីនេះ លោកសាស្ត្រចារ្យ Tetsuya Watanabe ក៍បានជម្រាបជូនអំពីបំណង ក្នុងការគោរពអញ្ជើញសម្តេចតេជោ ធ្វើជាវាគ្មិនពិសេស នៅERIA School of Government ដើម្បីចំណែករំលែកនូវបទពិសោធន៍ជោគជ័យ នៃដំណើរស្វែងរកសន្តិភាព និងបញ្ចប់សង្គ្រាមនៅកម្ពុជា ដល់សិក្ខាកាមដែលជាមន្ត្រីសាធារណៈ។ ជោគជ័យរបស់កម្ពុជា ក៏ជាការចូលរួមចំណែក ក្នុងការថែរក្សាសន្តិភាព និងស្ថិរភាពក្នុងតំបន់ផងដែរ។

ជាការឆ្លើយតប សម្ដេចធិបតីបានស្វាគមន៍ និងសម្តែងក្ដីសោមនស្សរីករាយ ដែលបានជួបពិភាក្សាការងារជាមួយលោក សាស្ត្រចារ្យ និងគណៈប្រតិភូ នាឱកាសនេះ និងបានវាយតម្លៃខ្ពស់ ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើររវាង ERIA និងរាជរដ្ឋាភិបាលកម្ពុជា ។
សម្ដេចធិបតី ក៏បានបញ្ជាក់ថា រាជរដ្ឋាភិបាលបានផ្ដោតជាសំខាន់ លើការអភិវឌ្ឍធនធានមនុស្សតាម រយៈការដាក់ចេញនូវគំនិតផ្តួចផ្តើមផ្សេងៗ ក្នុងវិស័យអប់រំ និងវិស័យសុខាភិបាល ក៏ដូចជាដាក់ចេញនូវវិធានការគន្លឹះ សម្រាប់ការកែទម្រង់ ក្នុងវិស័យអាទិភាពផ្សេងៗទៀត និងការជំរុញកំណើនសេដ្ឋកិច្ចជាតិ ដើម្បីឈានទៅសម្រេចបានចក្ខុវិស័យឆ្នាំ ២០៥០ ក្នុងការប្រែក្លាយកម្ពុជា ទៅជាប្រទេសមានចំណូលខ្ពស់ និងការត្រៀមលក្ខណៈ ចំពោះកត្តាប្រឈមដែលអាចកើតមានឡើង ខណៈដែលកម្ពុជាត្រៀមចាកចេញ ពីចំណាត់ថ្នាក់ក្រុមប្រទេសអភិវឌ្ឍន៍តិចតួច នៅឆ្នាំ ២០២៩។

ទន្ទឹមនឹងនេះ សម្ដេចធិបតីក៏បានគូសបញ្ជាក់ អំពីការបន្តយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ ការអភិវឌ្ឍសមត្ថភាពផលិតរបស់ពលរដ្ឋ ការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ ដើម្បីឆ្លើយតបទៅនឹងតម្រូវការជាក់ស្ដែង របស់កម្ពុជានាពេលបច្ចុប្បន្ន ជាពិសេសឆ្លើយតបទៅនឹងតម្រូវការ ធនធានមនុស្សលើវិស័យឧស្សាហកម្ម។
ជាទីបញ្ចប់ សម្ដេចធិបតី បានជូនពរ ERIA ឱ្យទទួលបានជោគជ័យក្នុងការ បំពេញបេសកកម្ម នៅព្រះរាជាណាចក្រកម្ពុជា និងបានលើកទឹកចិត្តដល់ ERIA បន្ដកិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធថែមទៀត ជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ របស់រាជរដ្ឋាភិបាលកម្ពុជា៕
