ព័ត៌មានជាតិ

រដ្ឋាភិបាលអាល្លឺម៉ង់​ នឹងបន្តគាំទ្រ ដល់ការរីកចម្រើន និងការអភិវឌ្ឍរបស់កម្ពុជា

ភ្នំពេញ៖ លោក Stefan Messerer ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ប្រចាំព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា រដ្ឋាភិបាលអាល្លឺម៉ង់ នឹងបន្តការគាំទ្រដល់ការរីកចម្រើន និងការអភិវឌ្ឍរបស់កម្ពុជា ស្របតាមយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ។

ការបញ្ជាក់របស់លោកឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ ខាងលើនេះ ធ្វើឡើងក្នុង​ឱកាសចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា​នាថ្ងៃទី២ ខែកក្កដា​ ឆ្នាំ២០២៤នេះ នៅវិមានសន្តិភាព ។

ក្នុងជំនួបនេះ លោកទូត បានរំឭកអំពីទំនាក់ទំនងទ្វេភាគីរវាង ប្រទេសទាំងពីរ ហើយក្នុងអាណត្តិការទូតរបស់លោករយៈពេលជាង២ឆ្នាំមកនេះ ទំនាក់ទំនងការទូត និងកិច្ចសហប្រតិបត្តិការរវាងអាល្លឺម៉ង់-កម្ពុជា មានការរីកចម្រើនគួរឱ្យកត់សម្គាល់ ។

ក្នុងនោះដែរ លោកStefan Messerer បានបញ្ជាក់ថា រដ្ឋាភិបាល អាល្លឺម៉ង់ នឹងបន្តការគាំទ្រដល់ការរីកចម្រើន និងការអភិវឌ្ឍរបស់កម្ពុជា ស្របតាមយុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា។

បន្ថែមលើនេះ លោកឯកអគ្គរដ្ឋទូត ក៏បានបញ្ជាក់ពីការប្តេជ្ញាចិត្ត របស់ឯខ្លួន ក្នុងការបន្តជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗ រួមមាន៖ ការចូលរួមចំណែក ក្នុងការអភិវឌ្ឍវិស័យសេដ្ឋកិច្ច របស់កម្ពុជា តាមរយៈការលើកទឹកចិត្ត និងជំរុញឱ្យ វិនិយោគិនអាល្លឺម៉ង់ មកវិនិយោគបន្ថែមទៀតនៅកម្ពុជា ក៏ដូចជាការលើកកម្ពស់វិស័យពាណិជ្ជកម្ម រវាងប្រទេសទាំងពីរ និងការចូលរួមចំណែកអភិវឌ្ឍន៍លើវិស័យ សុខាភិបាល និងវិស័យអប់រំ តាមរយៈការផ្តល់អាហារូបករណ៍​ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ដល់និស្សិតកម្ពុជា ក្នុងការបន្តការសិក្សានៅប្រទេសអាល្លឺម៉ង់។

ជាមួយគ្នានេះ លោកStefan Messerer ក៏បានគោរពជម្រាបជូនសម្តេចធិបតី អំពីការបើកស្ថានកុងស៊ុលកិត្តិយសអាល្លឺម៉ង់ ប្រចាំខេត្តសៀមរាប និងបានថ្លែងអំណរគុណដល់ រាជរដ្ឋាភិបាលកម្ពុជា ដែលបានឆ្លើយតបយ៉ាងឆាប់រហ័ស និងគាំទ្រលើការបើកស្ថានកុងស៊ុលនេះផងដែរ។

ជាការឆ្លើយតប សម្តេចធិបតី បានស្វាគមន៍ចំពោះលោក Stefan Messerer និងគណៈប្រតិភូ ព្រមទាំងបានបញ្ជាក់ថា តាមរយៈជំនួបនាថ្ងៃនេះគឺ ជាឱកាសដ៏ល្អមួយ សម្រាប់ពិភាក្សាអំពីការបន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាង ប្រទេសទាំងពីរ​ ឱ្យកាន់តែរឹងមាំបន្ថែមទៀត។

ទន្ទឹមនោះ សម្តេចធិបតី ក៏បានថ្លែងអំណរគុណ ដល់រដ្ឋាភិបាលអាល្លឺម៉ង់ ដែលបានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា នាពេលកន្លងមក និងបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការប្តេជ្ញាចិត្ត និងចក្ខុវិស័យរបស់លោកឯកអគ្គរដ្ឋទូត ក្នុងការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរបន្ថែមទៀតផងដែរ ។

បន្ថែមលើនេះ សម្តេចធិបតី ក៏បានសម្តែងនូវការស្វាគមន៍ ចំពោះរដ្ឋាភិបាលអាល្លឺម៉ង់ក្នុងការបង្កើតស្ថានកុងស៊ុល កិត្តិយសអាល្លឺម៉ង់ប្រចាំខេត្តសៀមរាប ដើម្បីសម្រួលការតភ្ជាប់រវាងប្រជាជន និងប្រជាជន, ជំរុញវិស័យទេសចរណ៍នៃប្រទេសទាំងពីរ ព្រមទាំងសម្រួលនូវវិស័យពាណិជ្ជកម្ម និងវិនិយោគផងដែរ។

មុននឹងបញ្ចប់ សម្តេចធិបតី និងលោកឯកអគ្គរដ្ឋទូត ក៏បានពិភាក្សាគ្នាអំពីកិច្ចសហប្រតិបត្តិការ លើវិស័យមួយចំនួនបន្ថែមទៀត ដូចជាការចុះអនុស្សរណៈ នៃការយោគយល់គ្នា ស្តីពីការអភិរក្ស ប្រាសាទបុរាណ ជាពិសេសប្រាសាទអង្គរវត្ត និងកិច្ចសហប្រតិបត្តិការ​ លើវិស័យបោះសម្អាតមីននៅកម្ពុជា។ ជាទីបញ្ចប់ សម្ដេចធិបតី បានជូនពរលោកឯកអគ្គរជ្ឋទូត ទទួលបានជោគជ័យក្នុងការបំពេញបេសកកម្ម ការទូតនៅព្រះរាជាណាចក្រកម្ពុជា និងសង្ឃឹមថា ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិរវាងប្រទេសពីរនឹង ត្រូវបានពង្រឹង និងពង្រីកឱ្យកាន់តែរឹងមាំបន្ថែមទៀត ៕

To Top