ភ្នំពេញ ៖ ក្នុងជំនួបសម្តែងការគួរសម និង ពិភាក្សាការងារ ជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នារសៀលថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៤នេះ លោក Lee Q. Shim ប្រធានក្រុមហ៊ុន Lee Li Holdings Group បានបង្ហាញ នូវចំណាប់អារម្មណ៍ ក្នុងការវិនិយោគ លើវិស័យសក្តានុពល មួយចំនួន នៅកម្ពុជា ។
ឆ្លៀតក្នុងឱកាសនេះ លោក Lee Q. Shim ប្រធានក្រុមហ៊ុន Lee Li Holdings Group បានជម្រាបជូនសម្ដេចធិបតី អំពីដំណើរការអាជីវកម្ម របស់ក្រុមហ៊ុននៅប្រទេសកាណាដា និងតាមបណ្តាប្រទេសមួយចំនួនផងដែរ ហើយក្នុងដំណើរទស្សនកិច្ចរបស់លោក មកកាន់ព្រះរាជាណាចក្រកម្ពុជា នាឱកាសនេះ គឺដើម្បីស្វែងរកឱកាសវិនិយោគ លើវិស័យសក្តានុពលមួយចំនួន រួមមាន៖ (១) វិស័យឧស្ម័ន និងប្រេង (២) វិស័យសុខាភិបាល (3) មជ្ឈមណ្ឌលវាយតម្លៃទទួលស្គាល់ សម្រាប់ការនាំចេញ (4) វិស័យកែច្នៃចំណីអាហារ និងឡូជីស្ទីក និង (5) វិស័យយានយន្ត។
ជាការឆ្លើយតប សម្តេចធិបតី បានស្វាគមន៍ចំពោះលោក Lee Q. Shim និងសហការី ព្រមទាំងបានសម្ដែងនូវក្តីរីករាយ ដែលក្រុមហ៊ុនមានចំណាប់អារម្មណ៍ ក្នុងការស្វែងរកឱកាសវិនិយោគ នៅព្រះរាជាណាចក្រកម្ពុជា។
សម្ដេចធិបតី ក៏បានគូសរំលេចផងដែរថា កម្ពុជាបានបង្កើតនូវតំណាង សភាពាណិជ្ជកម្មកម្ពុជាចំនួនពីរ នៅប្រទេសកាណាដា គឺនៅទីក្រុងតូរុនតូ (Toronto) និងទីក្រុងម៉ុងត្រេអាល់ (Montreal) ដើម្បីផ្សារភ្ជាប់ទំនាក់ទំនងពាណិជ្ជកម្ម រវាងប្រទេសកម្ពុជា និងកាណាដា ក៏ដូចជាជួយសម្របសម្រួលការនាំចេញ ផលិតផលពីប្រទេសកម្ពុជា ទៅកាន់ប្រទេសកាណាដា និងពីប្រទេសកាណាដាមកកាន់កម្ពុជាផងដែរ ហើយតាមរយៈដំណើរទស្សនកិច្ចរបស់ក្រុមហ៊ុន មកកាន់ព្រះរាជាណាចក្រកម្ពុជា នាឱកាសនេះ នឹងចូលរួមចំណែកបន្ថែមទៀត ក្នុងការជំរុញ ទំនាក់ទំនងពាណិជ្ជកម្ម រវាងប្រទេសទាំងពីរ។
សម្ដេចធិបតីបានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា តែងតែគាំទ្រដល់វិស័យឯកជន ដោយផ្តល់ការលើកទឹកចិត្ត និងជួយសម្របសម្រួលក្រុមហ៊ុន ដែលបោះទុនវិនិយោគនៅកម្ពុជា ឱ្យទទួលបានជោគជ័យ និងមានការរីកចម្រើនធំធាត់។ សម្តេចធិបតី ក៏បានលើកទឹកចិត្តឱ្យក្រុមហ៊ុន បន្តពិភាក្សាលម្អិតជាមួយនឹងក្រសួង-ស្ថាប័នពាក់ព័ន្ធរបស់រាជរដ្ឋាភិបាលកម្ពុជា ដូចជាក្រសួងរ៉ែ និងថាមពល ក្រសួងពាណិជ្ជកម្ម និងក្រសួងសុខាភិបាល៕