ព័ត៌មានជាតិ

អភិបាលខេត្តកំពង់ចាម ណែនាំមន្ត្រីនៃមន្ទីរកសិកម្មខេត្ត ឲ្យសហការជាមួយអាជ្ញាធរស្រុកព្រៃឈរ ដើម្បីទប់ស្កាត់បទល្មើសនេសាទ នៅចំណុចបឹងធំ

កំពង់ចាម៖ ដោយសារនៅចំណុចបឹងធំស្ថិតនៅក្នុងឃុំមៀន ស្រុកព្រៃឈរ ទើបតែបានប្រារព្ធទិវាមច្ឆាជាតិ ក្រោមអធិបតីភាពសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងបានលែងពូជកូនត្រីពូជល្អៗ យ៉ាងច្រើនចូលក្នុងបឹងនោះ ទើបអភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានណែនាំមន្ត្រីជំនាញនៃមន្ទីរកសិកម្មខេត្ត ដើម្បីមានវិធានការសហការជាមួយអាជ្ញាធរមូលដ្ឋាន ផ្សព្វផ្សាយណែនាំដល់ប្រជាពលរដ្ឋនៅក្នុងតំបន់នោះ ចៀសវាងមានករណីប្រព្រឹត្តបទល្មើសនេសាទ នៅចំណុចបឹងធំ។

លោកអភិបាលខេត្ត បានលើកឡើងដូច្នេះនៅព្រឹកថ្ងៃទី ៣ ខែកក្កដា ឆ្នាំ ២០២៤ នៅសាលាខេត្តកំពង់ចាម ក្នុងពេលដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ របាយការណ៍បូកសរុបលទ្ធផលការងារ ថា្នក់ជាតិចុះមូលដា្ឋន ប្រចាំឆមាសទី១ ឆ្នាំ២០២៤ និងទិសដៅអនុវត្តបន្ត និងរបាយការណ៍ ស្តីពីការគ្រប់គ្រងរដ្ឋបាល ការរៀបចំផនការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងការអភិវឌ្ឍមូលដ្ឋានរបស់រដ្ឋបាលខេត្តកំពង់ចាម ។

អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានលើកឡើងទៀតថា នៅចំណុចបឹងធំនោះ សូមឱ្យមន្ត្រីជំនាញនៃមន្ទីរកសិកម្ម សហការជាមួយអាជ្ញាធរស្រុកព្រៃឈរ ដើម្បីផ្សព្វផ្សាយណែនាំដល់ប្រជាពលរដ្ឋ ធ្វើយ៉ាងណា ឲ្យពួកគាត់បានយល់ដឹង អំពីច្បាប់ជលផល និងធ្វើការនេសាទ ទៅតាមច្បាប់អនុញ្ញាត ចៀសវាងការប្រើឧបករណ៍ខុសទំហ៊ុំ ខ្នាត និងពេលវេលា ដែលច្បាប់ជលផលហាមឃាត់ ។

លោកអភិបាលខេត្ត បានលើកឡើងផងដែរថា សូមឲ្យមន្ត្រីនៃមន្ទីរកសិកម្ម ណែនាំដល់អាជ្ញាធរមូលដ្ឋាន ភូមិ ឃុំ សូមកុំឲ្យពួកគាត់ចុះហត្ថលេខា លើឯកសារដីដែលពាក់ព័ន្ធ និងដីព្រៃលិចទឹក ៕

To Top