ភ្នំពេញ ៖ ពីវេទិកាអធិបតី នៃពិធីប្រកាសចូលកាន់មុខតំណែង លោក ជាម ច័ន្ទសោភ័ណ្ឌ អភិបាលខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៤នេះ លោកឧបនាយករដ្ឋមន្ដ្រី ស សុខា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានផ្ដល់គោលការណ៍ណែនាំឲ្យរដ្ឋបាលខេត្តកំពង់ស្ពឺ រួមទាំងខេត្តផ្សេងៗទៀត កុំអនុញ្ញាត និងទប់ស្កាត់ឲ្យបាននូវការផ្សព្វផ្សាយ ល្បែងស៊ីសងគ្រប់ប្រភេទតាមទីសាធារណៈ លើកលែងតែការផ្សព្វផ្សាយ នៅតាមទីតាំងឯកជន ដែលទទួលបានការអនុញ្ញាតតាមផ្លូវច្បាប់។

ទន្ទឹមនឹងភាពលេចធ្លោ ដែលទទួលបានការសាទរពីសាធារណជនខាងលើនេះ លោកឧបនាយករដ្ឋមន្ត្រី ក៏បានសរសើររដ្ឋបាលខេត្តកំពង់ស្ពឺ ដែលអនុវត្តគោលការណ៍តឹងរឹងមិនឲ្យផ្សព្វផ្សាយផ្សាយ ផលិតផលគ្រឿងស្រវឹងតាមទីសាធារណៈ ដែលជាស្នាដៃទាក់ទាញគម្រោងវិនិយោគតម្លៃក្រោម ៥លានដុល្លារ ដែលរាជរដ្ឋាភិបាល ទើបតែបានវិមជ្ឈការមកកាលចុងនីតិកាលទី៦ នៃរដ្ឋសភា។

ស្របពេល រដ្ឋបាលខេត្តកំពង់ស្ពឺ ទើបតែទទួលទាំងអភិបាលខេត្តថ្មី និងស្នងការថ្មី លោកឧបនាយករដ្ឋមន្ត្រី ក៏បានសង្កត់ធ្ងន់អំពីសារៈសំខាន់ នៃការយកចិត្តទុកដាក់លើការងារសន្តិសុខ និងសណ្ដាប់ធ្នាប់សាធារណៈ ជាពិសេសករណីគ្រឿងញៀន ជួញដូរមនុស្ស អាជីវកម្មផ្លូវភេទ ក្មេងទំនើង និងល្បែងស៊ីសង ដោយការងារនេះគណៈអភិបាលខេត្ត ត្រូវរៀបចំពេលវេលា ដើម្បីជួបនិងស្ដាប់សេចក្ដីរាយការណ៍ ពីសភាពការណ៍ទូទៅ ឲ្យបានទៀងទាត់ជាមួយថ្នាក់ដឹកនាំកម្លាំងអនុវត្តច្បាប់ រួមទាំងស្នងការខេត្ត។

ជាមួយគ្នានេះ ប្រមុខក្រសួងមហាផ្ទៃ ក៏បានស្នើឲ្យរដ្ឋបាលខេត្ត យកចិត្តទុកដាក់ឲ្យបានម៉ឺងម៉ាត់លើការធានាសុវត្ថិភាពឱសថ និងម្ហូបអាហារ ដើម្បីការពារសុខភាពប្រជាពលរដ្ឋ។

ក្នុងឱកាសនោះដែរ លោកឧបនាយករដ្ឋមន្ត្រី បានណែនាំឲ្យបន្តថែរក្សា និង ពង្រឹងសន្តិភាព ស្ថិរភាពនយោបាយ យកចិត្តទុកដាក់ពង្រឹង សភាពការណ៍មូលដ្ឋាន គ្រប់គ្រងឲ្យបានចំនួននិងសកម្មភាពអង្គការ សមាគម និងសហជីពផ្សេងៗ ស្របតាមច្បាប់ស្ដីពីគណបក្សនយោបាយ និងពង្រីកសក្ដានុពលសេដ្ឋកិច្ចមូលដ្ឋាន ៕


