ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានសង្កត់ធ្ងន់ថា ការអនុវត្តច្បាប់ចរាចរណ៍ ត្រូវពិនិត្យឲ្យបានច្បាស់លាស់ ដោយត្រូវបញ្ឈប់នូវការពួនស្ទាក់ចាប់ប្រជាពលរដ្ឋ ដែលងាយនឹងមានបាតុភាពនានា កើតឡើង។

នាឱកាសអញ្ជើញដឹកនាំកិច្ចប្រជុំ ដកពិសោធន៍ការងារ រឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក នៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៤ នាយឧត្តមសេនីយ៍ ស ថេត បានដាក់បទបញ្ជាយ៉ាងម៉ឺងមាត់ ដល់ស្នងការនគរបាលរាជធានី-ខេត្ត ត្រូវតែចាត់វិធានការបន្ទាន់ ក្នុងការរឹតបន្ដឹងច្បាប់ចរាចរណ៍ផ្លូវគោក ព្រោះមានតែការរឹតបន្ដឹងច្បាប់ ចរាចរណ៍នោះទេ ទើបអាចកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍បាន ។

បទបញ្ជារបស់នាយឧត្តមសេនីយ៍ ស ថេតធ្វើឡើងក្រោយមើលឃើញថា ស្ថានភាពគ្រោះថ្នាក់ចរាចរណ៍ក្នុងរយៈពេលចុងក្រោយនេះពិសេស ៦ខែ ឆ្នាំ២០២៤ ហាក់មានការកើនឡើងគួរឲ្យព្រួយបារម្ភ និងបណ្ដាលឲ្យស្លាប់បាត់បង់ជីវិតប្រជាពលរដ្ឋជាច្រើននាក់ បើធៀបឆ្នាំកន្លងទៅ។
នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ កត់សម្គាល់ថា បើពឹងផ្អែកតែយន្ដការផ្សព្វផ្សាយ អប់រំ ច្បាស់ណាស់មិនអាចកាត់បន្ថយបានឡើយ។

នាយឧត្តមសេនីយ៍ សង្កត់ធ្ងន់ថា «ការអនុវត្តច្បាប់ចរាចរណ៍នេះ ត្រូវពិនិត្យឲ្យបានច្បាស់លាស់ ដោយត្រូវបញ្ឈប់នូវការពួនស្ទាក់ ដែលងាយនឹងមានបាតុភាពនានា កើតឡើង។ ការអនុវត្តនេះ ត្រូវធ្វើដោយបើកជំហរ ក្នុងនោះមានទាំងការត្រួតពិនិត្យការប្រើប្រាស់ល្បឿន និងការត្រួតពិនិត្យជាតិស្រវឹងជាដើម» ។

នាយឧត្តមសេនីយ៍គូសបញ្ជាក់ទៀតថា ចាប់ពីពេលនេះទៅស្នងការនគរបាលរាជធានី-ខេត្ត ត្រូវធ្វើផែនការ អនុវត្តឲ្យបានច្បាស់លាស់ តាមអ្វីដែលជាការណែនាំ ហើយអគ្គស្នងការដ្ឋាននគរបាលជាតិ តាមរយៈសេនាធិការនឹងធ្វើការតាមដានជាប់ជាប្រចាំ។ ប៉ុន្ដែមុននឹងអនុវត្តការរឹងបន្ដឹងច្បាប់ ត្រូវតែផ្សព្វផ្សាយដល់ប្រជាពលរដ្ឋជាមុន តាមមធ្យោបាយនានា ពិសេសតាមបណ្ដាញផ្សព្វផ្សាយសង្គម ។
របាយការណ៍របស់អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា រយៈពេល៦ខែ ឆ្នាំ២០២៤ គ្រោះថ្នាក់កើតឡើងចំនួន១,៥៣៤លើក (យប់៥៥%) បណ្តាលឲ្យស្លាប់ចំនួន៧៩៣នាក់ កើន៣៧នាក់ ស្មើ៥% (បុណ្យចូលឆ្នាំខ្មែរកើន១៥នាក់) និងរបួសចំនួន២,១១៦នាក់ (ធ្ងន់១,២៤៣នាក់) កើន៤៤នាក់ ស្មើ២%៕
