ភ្នំពេញ ៖ លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម នារសៀលថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៤នេះ បានអនុញ្ញាតឱ្យលោកស្រី Anna Wellenstein នាយិកាប្រចាំតំបន់ អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក ទទួលបន្ទុកកិច្ចការអភិវឌ្ឍ ប្រកបដោយចីរភាព របស់ធនាគារពិភពលោក ដឹកនាំគណៈប្រតិភូ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។
ក្នុងជំនួបនេះ លោករដ្ឋមន្ត្រី បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះគណៈប្រតិភូធនាគារពិភពលោក លោកស្រី Anna Wellenstein នាយិកាប្រចាំតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិកទទួលបន្ទុកកិច្ចការអភិវឌ្ឍប្រកបដោយចីរភាពរបស់ធនាគារពិភពលោក និងលោកស្រី Maryam Salim នាយិកាធនាគារពិភពលោកប្រចាំកម្ពុជា និងសហការី ព្រមទាំងតំណាងទីភ្នាក់ងារអង្គការ សហប្រជាជាតិ ទទួលបន្ទុកកម្មវិធី Early Warning 4 all ដែលបានឆ្លៀតពេលដ៏មានតម្លៃ ដើម្បីជួបពិភាក្សាអំពីកិច្ចសហប្រតិបត្តិការ លើវិស័យធនធានទឹក និងឧតុនិយមនៅកម្ពុជា ។
ឯកឧត្តមរដ្ឋមន្ត្រីបានជម្រាប ជូនគណៈប្រតិភូធនាគារពិភពលោកថា រាជរដ្ឋាភិបាលអាណត្តិថ្មី ក្រោមការដឹកនាំប្រកបដោយភាពមោះមុត ស្វាហាប់ មានយុទ្ធសាស្ត្រច្បាស់លាស់ របស់សម្តេចធិបតីនាយករដ្ឋមន្ត្រីនៃ ព្រះរាជណាចក្រកម្ពុជា ក្រសួងធនធានទឹក និងឧតុនិយមនៅតែបន្តអភិវឌ្ឍន៍ និងពង្រឹងវិស័យជលសាស្រ្ត និងឧតុនិយម ដើម្បីឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ និងជាចលករជំរុញដល់កំណើនសេដ្ឋកិច្ច កាត់បន្ថយភាពក្រីក្រ លើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន ឈានឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០។
ទន្ទឹមនឹងនោះ លោករដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ ចំពោះកិច្ចសហប្រតិបត្តិការនាពេលកន្លងមក និងបានទទួលស្គាល់នូវភាពជាដៃគូដ៏សំខាន់ រវាងក្រសួងធនធានទឹក និង ឧតុនិយម និងធនាគារពិភពលោក ព្រមទាំងបណ្តាទីភ្នាក់ងារអង្គការសហប្រជាជាតិ ក្នុងការកសាង និងការអភិវឌ្ឍធនធានទឹក រយៈពេលវែងនៅកម្ពុជា ។
លោករដ្ឋមន្ត្រី បានលើកឡើងពីកិច្ចសហប្រតិបត្តិការ រវាងក្រសួងធនធានទឹក និងឧតុនិយម ជាមួយបណ្តាទីភ្នាក់ងារអង្គការ សហប្រជាជាតិ ជាពិសេសកិច្ចសហប្រតិបត្តិការជាមួយ CREWS ក្នុងការបណ្តុះបណ្តាលមន្ត្រីនាយកដ្ឋានឧតុនិយម និងនាយកដ្ឋានជលសាស្ត្រ និងការងារទន្លេ ការដំឡើងSoftwareប្រព័ន្ធគ្រប់គ្រងទិន្នន័យនៅលើ Server និងការអភិវឌ្ឍប្រព័ន្ធព្យាករណ៍ទឹកជំនន់ និងផ្តល់ដំណឹងជាមុននៅអាងស្ទឹងព្រែកត្នោត ស្ទឹងសែន និងស្ទឹងពោធិ៍សាត់(កំពុងដំណើរការ) ជាដើម ។
តំណាងគណៈប្រតិភូ លោកស្រី Anna Wellenstein បានថ្លែងអំណរគុណចំពោះ លោករដ្ឋមន្រ្តី ដែលបានអនុញ្ញាត ឱ្យគណៈប្រតិភូធនាគារ ពិភពលោក(WB) បានជួបសម្តែងការគួរសម និង ពិភាក្សាការងារ អំពីបញ្ហាទឹក និងអាទិភាពនៃការអភិវឌ្ឍ ព្រមទាំងបញ្ហាប្រឈមរបស់ប្រទេសកម្ពុជា ក្នុងវិស័យធនធានទឹក ក៏ដូចជាបន្តកិច្ចសន្ទនា លើបញ្ហាសន្តិសុខទឹក និងអាងទន្លេសាប ដែលត្រូវបានពិភាក្សាក្នុងវេទិកាទឹកពិភពលោកលើកទី១០ នៅកោះបាលី ប្រទេសឥណ្ឌូនេស៊ី កាលពីពេលថ្មីៗនេះ ។
ជាមួយគ្នានេះ តំណាងធនាគារពិភពលោកក៏បានគូសបញ្ជាក់ពីការបន្តពង្រឹងកិច្ចសហប្រតិបត្តិការ ដើម្បីជួយដល់ការអភិវឌ្ឍវិស័យធនធានទឹក និងឧតុនិយមនៅកម្ពុជាឱ្យកាន់តែប្រសើរឡើងផងដែរ។
សូមបញ្ជាក់ថា ធនាគារពិភពលោក (World Bank) កាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤ បានប្រកាសអនុម័ត ការវិនិយោគថ្មីមួយ លើគម្រោងកែលម្អសន្តិសុខទឹក នៅកម្ពុជា ដែលរំពឹងថានឹងផ្តល់អត្ថប្រយោជន៍ ដល់ប្រជាជនកម្ពុជាជាង ១១៣ ០០០នាក់ ។
ការវិនិយោគនេះ គឺក្រោមជំនួយឥណទានចំនួន ១៤៥ លានដុល្លារអាមេរិកពីសមាគមអភិវឌ្ឍន៍អន្តរជាតិ (IDA) របស់ធនាគារពិភពលោក ក្នុងគោលបំណងធ្វើឱ្យសន្តិសុខទឹក នៅប្រទេសកម្ពុជាកាន់តែមានភាពប្រសើរឡើង ជួយបង្កើនផលិតភាពកសិកម្ម និងកសាងភាពធន់ទៅនឹងហានិភ័យ អាកាសធាតុ ។ គម្រោងនេះនឹងត្រូវអនុវត្ត ក្នុងរយៈពេលប្រាំឆ្នាំ ដោយក្រសួងធនធានទឹក និងឧតុនិយម និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងខេត្តចំនួន៤ គឺខេត្តមណ្ឌលគិរី ខេត្តក្រចេះ ខេត្តកំពង់ធំ និងខេត្តព្រះវិហារ ៕