ភ្នំពេញ ៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅថ្ងៃពុធ ទី៣ ខែកក្កដា ឆ្នាំ២០២៤នេះ បានជួបពិភាក្សាការងារជាមួយលោក Tetsuya Watanabe ប្រធានវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចអាស៊ាន និងអាស៊ីបូព៌ា(ERIA) និងគណៈប្រតិភូនៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

ក្នុងនោះ លោករដ្ឋមន្ត្រី បានគូសបញ្ជាក់ ទៅកាន់គណៈប្រធានវិទ្យាស្ថាន ERIA អំពីសក្តានុពល នៃការបណ្តុះបណ្តាលជំនាញវិជ្ជាជីៈ និងបច្ចេកទេស ដែលរាជរដ្ឋាភិបាលអាណត្តិទី៧ បានដាក់ចេញ នូវផែនការថ្នាក់ជាតិ ក្នុងការបំពាក់បំប៉នជំនាញដល់យុវជន និងប្រជាពលរដ្ឋ ឱ្យមានជំនាញច្បាស់លាស់ ដើម្បីបម្រើទៅតាមតម្រូវការទីផ្សារ ដែលជាគន្លឹះក្នុងការបន្តទាក់ទាញការវិនិយោគបន្ថែមមកកម្ពុជា។

ជាមួយគ្នានេះ លោករដ្ឋមន្ត្រី បានចែករំលែកដល់សមភាគីស្តីពីចក្ខុវិស័យ នៃផែនការ៥ឆ្នាំរបស់ក្រសួងជាពិសេសលើការបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈដែលជាផែនការ អាទិភាពមួយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការផ្តល់ជំនាញដល់ប្រជាពលរដ្ឋខ្មែរ និងក្រុមយុវជន។

ទន្ទឹមនឹងនេះ លោក Tetsuya Watanabe បានទទួលស្គាល់ពីតួនាទី យ៉ាងសំខាន់របស់ក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ លើការបណ្តុះបណ្តាល ជំនាញ យល់យុវជន និងប្រជាពលរដ្ឋ ដែលជាកម្លាំងដ៏សំខាន់ក្នុងទីផ្សារការងារ ។
បន្ថែមពីនេះ លោករដ្ឋមន្ត្រី បានគូសបញ្ជាក់ពីការយកចិត្តទុកដាក់ របស់រាជរដ្ឋាភិបាល លើការបណ្តុះបណ្តាលជំនាញបច្ចេកទេសវិជ្ជាជីវៈ ដែលជាគន្លឹះមួយដ៏សំខាន់ក្នុងការប្រែក្លាយសេដ្ឋកិច្ចកម្ពុជាឱ្យក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងប្រទេស ដែលមានចំណូលខ្ពស់នៅឆ្នាំ២០៥០។

យ៉ាងណាក៏ដោយ លោករដ្ឋមន្ត្រី ក៏បានស្នើឱ្យវិទ្យាស្ថាន ស្រាវជ្រាវសេដ្ឋកិច្ចអាស៊ាន និងអាស៊ីបូព៌ាជួយជំរុញ និងផ្សព្វផ្សាយឱ្យអ្នកវិនិយោគ ក្នុងតំបន់និងអន្តរជាតិងាកមកចាប់អារម្មណ៍ នៅកម្ពុជាដែលកំពុងមានសក្តានុពល លើកកម្លាំងពលកម្មនិងភាពអនុគ្រោះជាច្រើន៕






