ភ្នំពេញ ៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានឲ្យដឹងថា វត្ថុបុរាណខ្មែរចំនួន១៤រូប ត្រូវបានបញ្ជូនពីសារមន្ទីរ Metropolitan Museum of Art (MET) នៅសហរដ្ឋអាមេរិក មកដល់សារមន្ទីរជាតិកម្ពុជាហើយ នៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៤ ។
យោងតាមសេចក្ដីជូនព័ត៌មានរបស់ក្រសួងវប្បធម៌ នាថ្ងៃទី៣ កក្កដា បានបញ្ជាក់ថា «ការបញ្ជូនត្រឡប់មកវិញ ជាប្រវត្តិសាស្ត្រនូវរតនសម្បត្តិជាតិរបស់យើង ពីសារមន្ទីរ MET ដែលជាស្ថាប័នវប្បធម៌ដ៏ធំបំផុតមួយក្នុងពិភពលោក គឺតាមរយៈដំណើរការចរចាអស់ជាច្រើនឆ្នាំរវាង ក្រុមការងារក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកម្ពុជា ការិយាល័យរដ្ឋអាជ្ញាសហរដ្ឋអាមេរិកប្រចាំសង្កាត់ភាគខាងត្បូងក្រុងញូវយ៉ក (SDNY) ការិយាល័យស៊ើបអង្កេតសន្តិសុខមាតុភូមិសហរដ្ឋអាមេរិក (HSI) និងតំណាងសារមន្ទីរ MET»។
សូមរំលឹកថា វត្ថុបុរាណខ្មែរទាំងនេះ មានដូចជា ទេពស្រី (នាងឧមា) ធ្វើពីថ្មភក់ សតវត្សរ៍ទី១០គ.ស. ដែលជារូបចម្លាក់ដ៏ល្អឯកមួយមានប្រភពមកពីរាជធានីកោះកេរ។ នៅឆ្នាំ២០២១ ក្រសួងវប្បធម៌ បានរកឃើញប្រអប់ជើងនៃបដិមានេះនៅរមណីយដ្ឋានប្រាសាទកោះកេរ និងដោយផ្អែកលើសក្ខីកម្មពីអតីតបុគ្គលដែលបានលួចបញ្ជាក់ថា បដិមានេះត្រូវបានលួចយកចេញនៅឆ្នាំ១៩៩៧។ ទីបំផុត រូបចម្លាក់នាងឧមាអាចផ្តុំជាមួយគ្នាឡើងវិញជារូបបដិមាតែមួយ ពេញលេញ និងល្អវិចិត្រ។
ចម្លាក់ដ៏កម្រ និងជាស្នាដៃឯកមួយទៀត គឺបដិមាព្រះលោកេសូរ ធ្វើពីសំលោហៈ ចុងសតវត្សរ៍ទី១០ ដើម១១គ.ស ដែលសារមន្ទីរ MET បានទិញបដិមានេះពីលោក Douglas Latchford នៅក្នុងឆ្នាំ១៩៩២។ វត្ថុបុរាណដ៏សំខាន់មួយទៀតនោះ គឺព្រះកេសព្រះលោកេសូរ ធ្វើពីសំរឹទ្ធ សតវត្សរ៍ទី១០គ.ស. ដែលកម្ពុជាតែងព្យាយាមស្វែងរក ដើម្បីយកមកផ្តុំឡើងវិញជាមួយនឹងដងខ្លួន បច្ចុប្បន្នកំពុងដាក់តាំងនៅសារមន្ទីរជាតិកម្ពុជា។ ព្រះកេសនេះប្រហែលត្រូវបានគេលួចនៅក្នុងទសវត្សរ៍១៩៩០ រីឯដងខ្លួនត្រូវបានគេរកឃើញនៅក្នុងស្ទឹងមួយក្នុងទសវត្សរ៍១៩៣០ ក្នុងខេត្តបាត់ដំបង៕