ព័ត៌មានជាតិ

សម្ដេចធិបតី ឲ្យរដ្ឋមន្រ្តីពាក់ព័ន្ធគិត គូរផ្តល់ប្រាក់ឧបត្ថម្ភ ដល់ស្ត្រីមានផ្ទៃពោះ និងអ្នកមានកូន នៅជាមួយ ជាអ្នកទោស

ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជា បានណែនាំឲ្យបណ្តារដ្ឋមន្រ្តី និងស្ថាប័នពាក់ព័ន្ធ ត្រូវគិតគូរអំពីការផ្តល់ប្រាក់ឧបត្ថម្ភ ដល់ស្ត្រីមានផ្ទៃពោះ ជាអ្នកទោសកំពុងជាប់ពន្ធនាគារ ដើម្បីទទួលបានអត្ថប្រយោជន៍ តាមប្រព័ន្ធគាំពារសង្គម។

នាឱកាសអញ្ជើញជាអធិបតីប្រគល់សញ្ញាបត្រជូនដល់គរុនិស្សិត គរុសិស្ស នៃវិទ្យាស្ថានជាតិគរុកោសល្យរាជធានីភ្នំពេញ នៅព្រឹកថ្ងៃ៤ កក្កដា សម្ដេចធិបតី បានណែនាំលោក ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្ដុះបណ្ដាល វិជ្ជាជីវៈ , លោក ជា សុមេធី រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា, ព្រមទាំងបេឡាជាតិសន្តិសុខសង្គម (ប.ស.ស) ត្រូវជួបពិភាក្សាគ្នា ដើម្បីរៀបចំអត្ថប្រយោជន៍ផ្សេងៗដល់ស្ត្រីមានផ្ទៃពោះដែលកំពុងជាប់ឃុំនៅតាមពន្ធនាគារ ដើម្បីទទួលបានអត្ថប្រយោជន៍តាមប្រព័ន្ធគាំពារសង្គម។

សម្ដេចធិបតីមានប្រសាសន៍ថា «ខ្ញុំ សូមឲ្យឯកឧត្តម ហេង សួរ ហើយជាមួយខាងសង្គមកិច្ច គិតគូរផងរឿងស្ដ្រីមាន ផ្ទៃពោះនេះ ។ យើងមានសម្រាប់កម្មករ-កម្មការិនី មន្ដ្រីរាជការ ឥឡូវគិតគូរផងពីពិរុទ្ធជននៅក្នុងគុក។ ឃើញ លោកជំទាវ អ៊ឹង កន្ថាផាវី ថា អ្នកនៅក្នុងគុកខ្លះ មានទំងន់ ម្ដាយធ្វើខុស តែកូនអត់ខុសទេ ហើយកន្លងទៅ សម្ដេចតេជោក៏បាន លើកគោលការណ៍បែបនេះ គិតគូរអំពីអត្ថប្រយោជន៍ផ្ដល់ការឧបត្ថម្ភស្ដ្រីដែលជាប់ទោស ប៉ុន្ដែសម្រាប់អ្នកមានទំងន់ ហើយកើតកូននៅក្នុងនោះ យើងឧបត្ថម្ភដូចប្រជាពលរដ្ឋ ដូចមន្ដ្រីរាជការ»

ពាក់ព័ន្ធទៅនឹងករណីស្រ្តីមានផ្ទៃពោះកំពុងជាប់ពន្ធាគារនេះដែរ កាលពីថ្ងៃ៣ កក្កដា សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាបានជួបពិភាក្សាជាមួយ លោកស្រី អ៊ឹង កន្ថាផាវី ប្រតិភូក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី ។ ដោយក្នុងជំនួបនោះសម្ដេចតេជោ បានស្នើរដ្ឋមន្ដ្រីក្រសួងយុត្តិធម៌ លោកឧបនាយករដ្ឋមន្រ្តី កើត រិទ្ធ, រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ លោកឧបនាយករដ្ឋមន្រ្តី ស សុខា ឲ្យយកចិត្តទុកដាក់ដើម្បីធ្វើយ៉ាងណា បានសម្រួលបញ្ហាមួយចំនួន ដែលស្ត្រីជាអ្នកទោសមានផ្ទៃពោះ ពិសេសអ្នកមានកូននៅជាមួយកំពុងជាប់ពន្ធនាគារ។

បើតាមលោកស្រី អ៊ឹង កន្ថា ផាវី គឺក្រុមប្រឹក្សាជាតិ ដើម្បីស្ត្រី បានចុះជួបទណ្ឌិត និងពិរុទ្ធជនជាស្ត្រីជាប់ឃុំ នៅក្នុងពន្ធនាគារ ក្នុងខេត្តចំនួន៧ ដើម្បីស្វែងយល់ពីស្ថានភាព និងផ្ដល់សេវាជំនួយផ្សេងៗ ក្នុងនោះក្នុងចំនួនស្ត្រីជាប់ឃុំទាំងនោះ មានស្ត្រីមានផ្ទៃពោះចំនួន ២៧នាក់ និងស្ត្រីដែលមានកូនតាមម្ដាយចំនួន១១៥ នាក់ផងដែរ៕

To Top