ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសបញ្ជាក់ថា ការគិតគូរពីជីវភាពគ្រូបង្រៀនជារឿងសំខាន់ ហេតុនេះហើយ ទើបបានជារាជរដ្ឋាភិបាល បានសម្រេចតម្លើងប្រាក់ឧបត្ថម្ភរបស់គរុសិស្ស-និស្សិត មកជាការផ្តល់ប្រាក់បៀវត្ស រហូតទទួលបាន ៧០% នៃក្របខណ្ឌនីមួយៗ ដើម្បីជាការឆ្លើយតបចំពោះការតាំងចិត្តខ្ពស់ បើផ្អែកលើអត្រានៃការលះបង់របស់ពួកគាត់។
ថ្លែងក្នុងពិធីប្រគល់សញ្ញាបត្រ បរិញ្ញាបត្រអប់រំ ជូនដល់គរុនិស្សិតជំនាន់ទី២ និងគរុសិស្សជំនាន់ទី៣១ នៅព្រឹកថ្ងៃ៤ កក្កដា សម្តេចធិបតី បានលើកឡើងថា ការគិតគូពីជីវភាពរស់នៅរបស់គ្រូបង្រៀន ជាពិសេសបៀវត្ស មិនមែនជាគោលដៅតែមួយនេះទេ ផ្ទុយទៅវិញ រាជរដ្ឋាភិបាលបានខិតខំគិតគូរ ដើម្បីបន្ធូរបន្ថយ ការចំណាយរបស់លោកគ្រូ អ្នកគ្រូផងដែរ តាមរយៈការផ្តល់ប.ស.ស. សម្រាប់សុខភាព ការជួយទៅដល់អ្នកគ្រូមានផ្ទៃពោះជាដើម ។
ដោយសារតែធនធានមនុស្សជាកិច្ចការ សំខាន់ដែលត្រូវវិនិយោគ ហេតុនេះហើយ ដើម្បីកុំឲ្យមានការពិបាកក្នុងការសម្រេចចិត្ត រវាងការចូលបម្រើជាមន្ត្រីរាជការ ដែលជាអ្នកប្រតិបត្តិ និងក្របខណ្ឌគ្រូបង្រៀន ដែលមានភាពខុសគ្នា លើប្រាក់បៀវត្សនោះ ត្រូវបានសម្តេចធិបតីកែប្រែពីការផ្តល់ប្រាក់ឧត្ថម្ភ មកជាប្រាក់បៀវត្ស ដូចទៅនឹងមន្ត្រីរាជការដែរ សម្រាប់គរុសិស្ស និងគរុនិស្សិត។
សម្តេចធិបតី បានមានប្រសាសន៍ថា “សម្រាប់គរុសិស្សឆ្នាំនេះ ប្រហែលជាអាចដឹង គរុសិស្សរបស់យើង គ្រូយើង គន្លងអាជីពគ្រូខុសពីគន្លងអាជីពរបស់មន្ត្រីរាជការផ្សេងៗ មន្ត្រីរាជការផ្សេង ពេលប្រឡងចប់ គេទៅកម្មសិក្សា១ឆ្នាំ ហើយបានតាំងស៊ុប ហើយបៀវត្ស កាលមុនរៀងខុសគ្នាបន្តិច ខ្ញុំឲ្យគោលការណ៍ គឺស្មើគ្នាហើយ ។ ពីមុនកម្មសិក្សាការី បានតែប៉ុន្មានភាគរយនៃតាំងស៊ុបទេ ឥឡូវឲ្យស្មើតែម្តង ប៉ុន្តែគ្រូយើងអត់ទេ យើងប្រឡងចប់ យើងអត់ទៅកម្មសិក្សាការីទេ យើងជាសិស្ស យើងប្រឡងចប់ បានន័យថាប្រឡងបានអាហារូបករណ៍ ចូលរៀននៅក្នុងសាលា ដើម្បីទៅជាគ្រូ ព្រោះគ្រូខុសពីអ្នកប្រតិបត្តិ អ្នកផ្សេងអ្នកប្រតិបត្តិ អ្នកផ្សេងចេញទៅធ្វើការរៀននៅនឹងកន្លែង ព្រោះមានមន្ត្រីចាស់ទុំ បង្រៀននៅនឹងកន្លែង តែយើង(គរុសិស្ស) ចេញទៅគឺបង្រៀនគេ ចឹងត្រូវចូលមកដើម្បីរៀនធ្វើជាគ្រូ ចឹងហើយបានជាកន្លងទៅ យើងអត់មានបៀវត្សទេ តែមានអាហារូបករណ៍ ឬប្រាក់ឧបត្ថម្ភ ។ ហើយប្រាក់ឧបត្ថម្ភនេះ កន្លងទៅអត់ដូចជាប្រាក់បៀវត្សនោះទេ ហើយយើងមានតិចតួច ដោយសារលទ្ធភាពថវិការបស់យើង កាលមុនដូចមានតែ៤ម៉ឺនទេ ប៉ុន្តែឆ្នាំ២ពាន់ជាង សម្តេចតេជោ លោកបានតម្លើងម្តង កាលនោះដូចឆ្នាំ២០២២-២០២៣ អីហ្នឹងយើងបានក្របខណ្ឌខពី៥៣ម៉ឺន ក្របខណ្ឌគ៥៦ម៉ឺនជាង ដល់ក្របខណ្ឌក ៦០ម៉ឺន បានច្រើនជាងមុន” ។
សម្តេចនាយករដ្ឋមន្ត្រីបន្ថែមថា “ថ្ងៃ៥ ខែ១០ សម្រេចតម្លើងម្តងទៀត គិតគូរជាមួយឯកឧត្តម ហង់ ជួនណារ៉ុន ថាឥឡូវលោកគ្រូ អ្នកគ្រូ គាត់សំខាន់ ហើយលោកគ្រូអ្នកគ្រូ គាត់ត្រូវការចំណាយ៤ឆ្នាំ ហើយតស៊ូ ។ ពិតណាស់ យើងអត់រាប់ជាមន្ត្រីរាជការទេ ចឹងប្រាក់ឧត្ថម្ភ ឥឡូវបានច្រើនល្អប្រសើរ សម្តេចតេជោ លោកបានតម្លើង ប៉ុន្តែយើងប្រឈមមួយនៅក្នុងការទាញយកបេក្ខជន ព្រោះបើបេក្ខជនល្អៗ ជួនកាលគាត់មករៀននេះ ឬមួយចូលក្រសួងនោះ ប្រឡងជាប់២ គាត់ទៅណា គាត់ទៅនោះ បានប្រាក់ខែពេញ គាត់មកនេះ ត្រូវ៤ឆ្នាំទៀត ចឹងកន្លងទៅ ឯកឧត្តម ហង់ ជួនណារ៉ុន ក៏គិតគូរ គួរតែជំរុញបន្តិចម្តង ដើម្បីជួយឲ្យការលើកទឹកចិត្ត ទៅដល់បេក្ខជនដែលមានគុណវុឌ្ឍខ្ពស់ ប្រឡងជាប់ធ្វើជាគ្រូ ។ ចឹងបានយើងចេញអនុក្រឹត្យ ហើយបានអនុវត្តពីខែ១មក ចឹងបានតម្លើង ខ្ញុំឲ្យគិតប្រាក់ឧបត្ថម្ភ អាហារូបករណ៍របស់គរុសិស្ស គឺស្មើនឹង៧០% តម្លើងទៅ៧០% នៃបៀវត្សនៅក្នុងក្របខណ្ឌនីមួយៗតែម្តង ចឹងយើងបានអនុវត្តពីខែ១ហើយ” ៕