ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានធ្វើការគូសបញ្ជាក់ថា ការជ្រើសរើសនាយកសាលា គឺជារឿងសំខាន់ ដែលយកចិត្តទុកដាក់ ព្រោះបើរើសយកមកហើយមិនបានល្អ គ្រូបង្រៀនក៏មិនតម្រង់ទិសសម្រាប់សិស្សដែរ ដូច្នេះត្រូវគិតគូរបានល្អិតល្អន់ មិនត្រូវឲ្យខុសគោលការណ៍នោះទេ បើទោះបី១% ក៏ពិបាកដែរ ។
ក្នុងពិធីប្រគល់សញ្ញាបត្រ បរិញ្ញាបត្រអប់រំ ជូនដល់គរុនិស្សិតជំនាន់ទី២ និងគរុសិស្សជំនាន់ទី៣១ នៅព្រឹកថ្ងៃទី៤ កក្កដា សម្តេចធិបតីបានធ្វើការរំលឹកនូវការសាកល្បង ក្នុងការជ្រើសរើសនាយកសាលាបឋមសិក្សា ដែលកាលនោះ មានចន្លោះប្រហោងខ្លះ ពោលបើគិតជា% ក្នុងចំណោម១០០% មាន៣០% រើសខុសគោលការណ៍ ។
សម្តេចធិបតីមានប្រសាសន៍ថា “ការរើសនាយកសាលាក៏ត្រូវមានស្តង់ដារ ការរើសត្រូវមាន ។ ពិតណាស់វិមជ្ឈការ ទៅឲ្យខេត្ត រើសអនុវិទ្យាល័យ រើសវិទ្យាល័យ ហើយមន្ទីរអប់រំជាសេនាធិការ ត្រូវធ្វើតាមសុឆន្ទៈករ និងនិយាមដែលក្រសួងដាក់ឲ្យដើម្បីបានឯកភាព” ។
ជាមួយគ្នានេះ សម្តេចធិបតីក៏បានលើកឡើង ពីការសាកល្បងរើស នាយកសាលានៅបាត់ដំបងដែរ ។ ដោយសម្តេចបញ្ជាក់ថា “ការរើសនាយកបឋម ឲ្យទៅសាកដល់ស្រុក ចឹងឯកឧត្តម ស សុខា បានធ្វើបទបង្ហាញ ហើយបានធ្វើជោគជ័យ ប៉ុន្តែមិនបាន១០០% ដូចបាន៦០-៧០% , ៣០% គឺរើសខុសគោលការណ៍សម្រាប់ខ្ញុំតែ១% ក៏ពិបាកដែរ សម្រាប់ធ្វើនាយកសាលា ព្រោះនាយកសាលា គឺជាអ្នកដឹកនាំស្ថាប័នសំខាន់ បើមេស្ថាប័នគាត់ច្បាស់ គ្រូនៅក្នុងនឹងក៏គាត់តម្រង់ទិស ហើយបើនាយកអត់ មានចក្ខុវិស័យច្បាស់ រើសខុស គ្រូៗគាត់មានគំនិតច្នៃប្រឌិត យ៉ាងម៉េចក៏ដោយ ជួនកាលនាយកមិនឲ្យធ្វើទៀត ពិបាកហត់ពេក” ។
បន្ថែមលើនេះ សម្តេចនាយករដ្ឋមន្ត្រី អះអាងថា “ចឹងបានខ្ញុំថា ផ្អាកសិន យើងមកឲ្យខេត្តរើសដដែល និយាមរើសព្រោះសំខាន់ យើងបន្ត មិនមែនថាមិនទុកចិត្ត ប៉ុន្តែគិតមើលនៅក្នុងខេត្តមួយដែលយើងមាន៣០%, ៧០%រើសតាមនិយាមត្រឹមត្រូវ តែ៣០% យើងវាយតម្លៃនៅចន្លោះប្រហោង ចុះបើគុណអាហ្នឹងជាមួយ៧ពាន់សាលា គ្រាន់តែបឋមសិក្សាទូទាំងប្រទេស ៣០%នៃ៧ពាន់សាលាយើងគុណទៅ ចូល៧០០សាលាជាង ដែលយើងមានហានិភ័យ នៃការរើសនាយកខុស”៕