ព័ត៌មានជាតិ

អភិបាលខេត្តកំពង់ចាម ដឹកនាំមន្ត្រីពាក់ព័ន្ធ ចុះពិនិត្យវឌ្ឍនភាពការសាងសង់ ទីលានចាក់សំរាមថ្មី ក្នុងស្រុកកំពង់សៀម

កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា នៅព្រឹកថ្ងៃទី ៤ ខែកក្កដាឆ្នាំ ២០២៤ នេះ បានដឹកនាំមន្ត្រីអង្គភាព ពាក់ព័ន្ធ ចុះពិនិត្យវឌ្ឍនភាព ការសាងសង់ទីលានចាក់សម្រាមថ្មី ស្ថិតនៅក្នុងភូមិកោះរកាក្នុង ឃុំកោះរកា ស្រុកកំពង់សៀម ។

ទាក់ទិនទៅនឹងវឌ្ឍនភាព នៃការសាងសង់ទីលានចាក់សំរាមថ្មីនេះ បើតាមមន្ត្រី នៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ចាមបានឲ្យដឹងថា លទ្ធផលសម្រេច នៃការសាងសង់មកដលពេលនេះបាន ៨៧.៤៧% ហើយ ។

មន្ត្រីដដែលបានឲ្យដឹងទៀតថា គម្រោងសាងសង់ទីលានទុកដាក់សំរាមថ្មីនេះ សាងសង់លើផ្ទៃដី ទំហំ ៨.១៣ ហិកតា ក្នុងនោះ ទីលានទុកដាក់សំរាមទំហំ ១.៣ ហិកតា អាងប្រព្រឹត្តិកម្មទឹកកខ្វក់ ចំនួន ៤អាង សាងសង់ផ្លូវចូលទីលានចាក់សំរាម ១ខ្សែប្រវែង ជាង ២,០០០ម៉ែត្រ និងសាងសង់ផ្លូវបេតុងនៅក្នុងទីលាន ជាង ១,០០០ម៉ែត្រ សាងសង់ច្រកចូល និងរបងមានអាគារការិយាល័យ និងអគារស្នាក់នៅកម្ពស់ ២ជាន់ កន្លែងថ្លឹងរថយន្ត អាគារសម្រាប់ញែកសំរាម អាគាររោងជាង អាគារស្តុកទុកកាកសំណល់ដែលគ្រោះថ្នាក់បណ្ដោះអាសន្ន អាគារផ្គត់ផ្គង់ថាមពលអគ្គិសនី និងទឹក កន្លែងលាងសម្អាតរថយន្ត អាគារសម្រាប់ធ្វើជាកំប៉ុស រណ្ដៅទុកដាក់សំរាមសំណល់គ្រោះថ្នាក់ និងដាក់ប្រព័ន្ធសូឡាថាមពលអគ្គិសនីព្រះអាទិត្យផងដែរ។

មន្ត្រីដដែលបានបញ្ជាក់ថា គម្រោងនេះ ទទួលការសាងសង់ដោយក្រុមហ៊ុន ប៊ីអេម. ខនស្ត្រាក់ហ្សិន និងធេឡិចទ្រិច ខូអិលធីឌី គម្រោងនេះត្រូវប្រើរយៈពេលសាងសង់ ១៧ខែ ដោយចាប់ដំណើរការសាងសង់នៅថ្ងៃទី៥ ខែមករា ឆ្នាំ២០២៤ និងបញ្ចប់ការសាងសង់នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥៕


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top