ព័ត៌មានជាតិ

កិច្ចប្រជុំលើកដំបូង​​ របស់ក្រុមការងារ​ សហប្រតិបត្តិការ ជាមួយអង្គការ សហប្រជាជាតិ និងដៃគូអភិវឌ្ឍន៍ សម្រាប់ការអនុវត្តមុខងារសេសសល់ របស់ អ.វ.ត.ក.

ភ្នំពេញ៖​ លោក វង្សី វិស្សុត ឧបនាយករដ្ឋមន្ដ្រីប្រចាំការ រដ្ឋមន្ដ្រីទទួលបន្ទុក ទីស្ដីការគណៈរដ្ឋមន្ដ្រី និងជាប្រធានក្រុមការងារ សហប្រតិបត្តិការជាមួយអង្គការ សហប្រជាជាតិ និងដៃគូអភិវឌ្ឍ សម្រាប់ការអនុវត្តមុខងារសេសសល់ នៃ អ.វ.ត.ក. កាលពីថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៤ បានដឹកនាំកិច្ចប្រជុំក្រុមការងារជាលើកដំបូង នៅអគារអនុវត្តមុខងារសេសសល់ របស់អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក.) ដោយមានការអញ្ជើញចូលរួមពី លោក កែវ រ៉េមី ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និង ជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា, លោក នេត្រ ភត្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន រួមទាំងថ្នាក់ដឹកនាំតំណាង ក្រសួងស្ថាប័នពាក់ព័ន្ធ និង តំណាងអង្គការសហប្រជាជាតិ ដែលជាសមាជិក-សមាជិកាជាច្រើនរូប ។

ក្នុងនោះ លោកឧបនាយករដ្ឋមន្ត្រីប្រចាំការ បានបង្ហាញនូវការដឹងគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាអតីតនាយករដ្ឋមន្ត្រី ដែលជាអគ្គមគ្គុទេសក៍នៃ អ.វ.ត.ក. ចាប់តាំងពីគំនិតផ្តួចផ្តើម ក្នុងការបង្កើតតុលាការ រហូតដល់ដំណើរការនិងការបញ្ចប់ទាំងស្រុង នូវដំណើរការកាត់សេចក្តីដោយរលូន និងមានការទទួលស្គាល់ជាអន្តរជាតិ។ លោកឧបនាយករដ្ឋមន្ត្រីប្រចាំការ ក៏បានបង្ហាញនូវការគោរព និងកោតសរសើរដល់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានបង្ហាញនូវការប្តេជ្ញា ថែរក្សាកេរដំណែលរបស់ អ.វ.ត.ក. និងជាពិសេសបានយកចិត្តទុកដាក់ខ្ពស់ លើការងារអប់រំ និងផ្សព្វផ្សាយ ក្នុងស្មារតីឱ្យយុវជនជំនាន់ក្រោយ ទទួលបានព័ត៌មានពេញលេញ លើប្រវត្តិសាស្រ្តរបស់ខ្លួន ដើម្បីរក្សាឱ្យបាននូវសុខសន្តិភាព ពង្រឹងដល់ការចងចាំ និងការទប់ស្កាត់មិនឱ្យរបបឃោរឃៅបែបនេះ វិលត្រលប់មកវិញនៅក្នុងសង្គមជាតិ។

លោកឧបនាយករដ្ឋមន្រ្តីប្រចាំការ បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលរបស់ អ.វ.ត.ក. និងបានលើកឡើងថា ដំណើរការកាត់សេចក្តីរបស់ អ.វ.ត.ក. បានបន្សល់ទុកនូវកេរដំណែលដ៏សំខាន់ ទាំងរូបី និង អរូបី និងមានគុណតម្លៃខ្ពស់ ក្នុងការថែរក្សាសន្តិភាព ការបង្រួបបង្រួមជាតិ និងយុត្តិធម៌ទាំងក្នុងកម្រិតជាតិ និងអន្តរជាតិ។ លទ្ធផលនៃ អ.វ.ត.ក. ក៏បានឆ្លុះបញ្ចាំងឱ្យឃើញជាក់ស្តែង នូវសមិទ្ធផលនៃគោលនយោបាយឈ្នះ ឈ្នះ របស់រាជរដ្ឋាភិបាល ដែលរក្សាបាននូវសុខសន្តិភាព ជូនប្រជាពលរដ្ឋនៅទូទាំងប្រទេស ការផ្សះផ្សាជាតិនៅតាមមូលដ្ឋាន ការផ្តល់យុត្តិធម៌ដល់ជនរងគ្រោះ នៃរបបខ្មែរក្រហម ការចងចាំ និងការទប់ស្កាត់ការវិលត្រលប់មកវិញ នៃរបបប្រល័យពូជសាសន៍។

ជាមួយគ្នានេះ លោកឧបនាយករដ្ឋមន្រ្តីប្រចាំការ ក៏បានគូសបញ្ជាក់ថា ក្រៅពីឯកសារពាក់ព័ន្ធបណ្ណសារតុលាការ ប្រមាណ ២,៤លានទំព័រ អ.វ.ត.ក. ក៏បានចូលរួមចំណែកដោយផ្ទាល់ ដល់កំណែទម្រង់វិស័យច្បាប់និងយុត្តិធម៌ តាមរយៈការអភិវឌ្ឍ និងធ្វើឱ្យប្រសើរឡើងនូវសមត្ថភាពមន្រ្តីតុលាការ និងមន្រ្តីច្បាប់ ដូចជាការផ្ទេរចំណេះដឹង ចំណេះធ្វើ និងបទពិសោធជាច្រើនពី អ.វ.ត.ក. ទៅដល់ប្រព័ន្ធតុលាការជាតិ និងទៅដល់ស្ថាប័នពាក់ព័ន្ធផ្សេងៗទៀត។
លើសពីនេះ អ.វ.ត.ក. ក៏បានក្លាយជាតុលាការគំរូ និងពិសេសមួយសម្រាប់តំបន់ និងសកលលោក ដែលប្រើយុត្តាធិការរបស់ប្រទេសជាម្ចាស់បញ្ហា ហើយប្រើច្បាប់ចម្រុះទាំងប្រព័ន្ធ Common Law ទាំងប្រព័ន្ធ Civil Law ហើយឆ្លុះបញ្ចាំងអំពីសក្តានុភាព នៃនីតិវិធីតុលាការរបស់កម្ពុជា ក្នុងការបង្រួបបង្រួមជាតិ ផ្សះផ្សារជាតិ សម្រេចបានយុត្តិធម៌ជូនជនរងគ្រោះ និងធានាបាននូវនិរន្តរភាព នៃសុខសន្តិភាពជូនជាតិមាតុភូមិ។

ដើម្បីថែរក្សាកេរដំណែលរបស់ អ.វ.ត.ក. លោកឧបនាយករដ្ឋមន្ត្រី បានផ្តល់ការណែនាំមួយចំនួនពាក់ព័ន្ធ នឹងការរៀបចំបង្កើតវិទ្យាស្ថានកេរដំណែល របស់ អ.វ.ត.ក. តាមការណែនាំរបស់ សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី ក្នុងគោលដៅថែរក្សាសន្តិភាព, យុត្តិធម៌អន្តរកាល និងការបង្ការ និងទប់ស្កាត់អំពើប្រល័យពូជសាសន៍ និងការពង្រឹងសន្តិភាពយូរអង្វែងនៅកម្ពុជា ព្រមទាំងការថែរក្សាទុកឱ្យបានត្រឹមត្រូវ និងស្តង់ដាខ្ពស់នៃបណ្ណសារ និងការប្រើប្រាស់សមិទ្ធផល បទពិសោធ និងកេរដំណែលដ៏មានតម្លៃរបស់ អ.វ.ត.ក. ប្រកបដោយប្រសិទ្ធភាព គុណភាព និងតម្លាភាព សម្រាប់ជាអង្គចងចាំសំខាន់មួយ ជូនកូនខ្មែរជំនាន់ក្រោយ។

នៅចុងបញ្ចប់ លោក វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ បានបញ្ជាក់បន្ថែមថា វប្បធម៌សន្តិភាព បង្រួមបង្រួមជាតិ និងការផ្តល់យុត្តិធម៌ នឹងត្រូវបន្តតាមរយៈការខិតខំទាំងអស់គ្នា ក្នុងការអប់រំនិងការផ្សព្វផ្សាយ ដើម្បីបង្ការនូវការត្រលប់មកវិញ នូវរបបប្រល័យពូជសាសន៍ ដើម្បីធានាការអភិវឌ្ឍ ប្រកបដោយគុណតម្លៃ និងនិរន្តរភាពសម្រាប់សង្គមជាតិ និង យុវជនជំនាន់ក្រោយ៕

To Top