ព័ត៌មានជាតិ

គម្រោងស្តារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤ សម្រេចបានជាង៥០% គ្រោងបញ្ចប់ ចុងឆ្នាំ២០២៦

ភ្នំពេញ៖ គម្រោងស្តារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤ (ភ្នំពេញ-ព្រះសីហនុ) សម្រេចបាន ៥៤,៨០% គិតត្រឹមបំណាច់ខែមិថុនា ឆ្នាំ២០២៤ ខណៈគ្រោងបញ្ចប់នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៦ខាងមុខ។ នេះបើយោងតាមគេហទំព័រហ្វេសប៊ុក ក្រសួងសាធារណការ និងដឹកជញ្ជូន។

គម្រោងស្តារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤ ស្ថិតនៅក្រោមការអនុវត្តគម្រោង និងកម្មវិធីហិរញ្ញប្បទានដោយធនាគារពិភពលោក (WB) ដែលមានទឹកប្រាក់ចំនួន ១១០លានដុល្លារដោយគ្រោងនឹងអនុវត្តចំនួន៨ឆ្នាំ (២០១៨-២០២៦) និងអនុវត្តដោយក្រសួងសាធារណការ ។ ហិរញ្ញប្បទាននេះ ប្រើប្រាស់សម្រាប់ជួសជុល និងថែទាំផ្លូវជាតិលេខ៤ ប្រវែង១៩៦,១០គីឡូម៉ែត្រ ដោយពង្រីកតួផ្លូវ ជីកប្រឡាយ និងជួសជុលស្ពានចាស់ សាងសង់ស្ពានថ្មី និងប្រើប្រាស់សម្រាប់ធ្វើបច្ចុប្បន្នភាព ប្រព័ន្ធគ្រប់គ្រងទិន្នន័យផ្លូវថ្នល់ ព្រមទាំងបណ្តុះបណ្តាបច្ចេកទេសដល់ស្ថាប័នរដ្ឋ។

លោក ផែង សុវិជ្ជានោ រដ្ឋលេខាធិការ និងប្រធានគម្រោងស្តារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤ បានឲ្យដឹងថា គម្រោងគ្រោងនឹងស្តារ និងថែទាំផ្លូវជាតិលេខ៤ សរុបប្រវែង១៩៦,១០គីឡូម៉ែត្រ រួមមាន៖

១- កំណាត់ទី១៖ គីឡូម៉ែត្រលេខ១៩+៧០០ ដល់គីឡូម៉ែត្រលេខ៦០+០០០ ក្នុងខេត្តកណ្តាល និងខេត្តកំពង់ស្ពឺ។ ផ្លូវ៤គន្លងមានប្រវែង២៨,៨០គីឡូម៉ែត្រ និងផ្លូវ២គន្លងមានប្រវែង១១,៥០គីឡូម៉ែត្រ ប្រវែងសរុប៤០,៣០គីឡូម៉ែត្រ ។

២-កំណាត់ទី២៖ គីឡូម៉ែត្រលេខ៦០+០០០ ដល់គីឡូម៉ែត្រលេខ១០១+០០០ ក្នុងខេត្តកំពង់ស្ពឺ។ ផ្លូវ៤គន្លងមានប្រវែង២,៦៨គីឡូម៉ែត្រ និងផ្លូវ២គន្លងមានប្រវែង៣៨,៣២គីឡូម៉ែត្រ ប្រវែងសរុប៤១,០០គីឡូម៉ែត្រ ។

៣-កំណាត់ទី៣៖ គីឡូម៉ែត្រលេខ១០១+០០០ ដល់គីឡូម៉ែត្រលេខ១៤៣+០០០ ក្នុងខេត្តកំពង់ស្ពឺ និងខេត្តកោះកុង។ ផ្លូវ៤គន្លងមានប្រវែង០,៣០គីឡូម៉ែត្រ និងផ្លូវ២គន្លងមានប្រវែង៤១,៧០គីឡូម៉ែត្រ ប្រវែងសរុប៤២,០០គីឡូម៉ែត្រ ។

៤-កំណាត់ទី៤៖ គីឡូម៉ែត្រលេខ១៤៣+០០០ ដល់គីឡូម៉ែត្រលេខ១៨៦+០០០ ក្នុងខេត្តកោះកុង និងខេត្តព្រះសីហនុ។ ផ្លូវ៤គន្លងមានប្រវែង០,៩៣គីឡូម៉ែត្រ និងផ្លូវ២គន្លងមានប្រវែង៤២,០៧គីឡូម៉ែត្រ ប្រវែងសរុប ៤៣,០០គីឡូម៉ែត្រ ។ កំណាត់ទី៤ នេះបានត្រូវពន្យារពេលដោយក្រុមហ៊ុនម៉ៅការ មិនបានស្ថាបនាទៅតាមពេលវេលាគ្រោងទុក ហេតុនេះក្រសួងបានលុបកិច្ចសន្យារ ហើយបានរឹបអូសយកប្រាក់កក់ចំនួនប្រមាណ ៨០០.០០០០(ប្រាំបីរយពាន់)ដុល្លាអាមេរិក។ ក្រសួងនឹងធ្វើលទ្ធកម្មកំណាត់ទី៤ នេះជាថ្មីនៅខែសីហាខាងមុខនេះ។

៥-កំណាត់ទី៥៖ គីឡូម៉ែត្រលេខ១៨៦+០០០ ដល់គីឡូម៉ែត្រលេខ២១៥+៨០០ ក្នុងខេត្តព្រះសីហនុ។ ផ្លូវ៤គន្លងមានប្រវែង៧,៣០គីឡូម៉ែត្រ និងផ្លូវ២គន្លងមានប្រវែង២២,៥០គីឡូម៉ែត្រ ប្រវែងសរុប២៩,៨០គីឡូម៉ែត្រ ។

៦- កញ្ចប់ទី៦៖ គីឡូម៉ែត្រលេខ៤៨+៦៩៥ ដល់គីឡូម៉ែត្រលេខ២០២+៦៨៨ ជួសជុលស្ពានចាស់ចំនួន២៤ លូប្រអប់ចំនួន៨ លូមូលចំនួន៩ និងផ្លាស់ប្តូរគ្រឿងបង្គុំស្ពានចាស់ចំនួន៥ ក្នុងខេត្តកំពង់ស្ពឺ កោះកុង ខេត្តព្រះសីហនុ។

៧-កញ្ចប់ទី៧៖ គីឡូម៉ែត្រលេខ៣៨+០៧៦ ដល់គីឡូម៉ែត្រលេខ២០៤+៩៧៣ សាងសង់ស្ពានថ្មីចំនួន៨ ក្នុងខេត្ត កំពង់ស្ពឺ កោះកុង និងខេត្តព្រះសីហនុ៕

To Top