ភ្នំពេញ ៖ លោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និង ដឹកជញ្ជូនបដិសេធ ចំពោះមតិរិះគន់ លើការធ្វើផ្លូវបេតុងមួយខ្សែ ដោយពុំដាក់ដែក តាមបច្ចេកទេសនោះថា គឺមិនមែនស្ថិតនៅកម្ពុជា គឺនៅខេត្តមួយរបស់ប្រទេសថៃ។

ហ្វេសប៊ុករបស់លោក ផន រឹម នាថ្ងៃ៥ កក្កដា បានឲ្យដឹងថា ប៉ុន្មានថ្ងៃថ្មីៗនេះ មានការចែករំលែករូបភាពតៗគ្នា តាមបណ្តាញសង្គម ដោយភ្ជាប់ខ្លឹមសាររិះគន់ ជេរប្រមាថ និងប្រើប្រាស់ពាក្យធ្ងន់ៗ ដោយទម្លាក់កំហុសពីអំពើពុករលួយ នៃការធ្វើផ្លូវបេតុងមួយខ្សែនៅទីជនបទមួយ (មិនមានប្រភពបញ្ជាក់ច្បាស់លាស់) ដែលមតិខ្លះអះអាងថា «ជាសកម្មភាពធ្វើនៅកម្ពុជា» ។

ប៉ុន្តែករណីនេះលោកថា ក្រុមការងារបានប្រឹងប្រែងស្វែងរកប្រភព នៃរូបភាពនោះ ក៏ប្រទះឃើញការចុះផ្សាយមួយលើទំព័រ facebook ជាភាសាថៃ(ដូចរូបភាព) ។
យោងតាមការបញ្ចេញមតិ (Commment) លើការផ្សាយនោះបង្ហាញព័ត៌មានថា «វាជាសកម្មភាពធ្វើផ្លូវបេតុង នៅជនបទក្នុងឃុំឡាំផាយ៉ា ស្រុកបាងលេន ខេត្តណាខនផាថម ប្រទេសថៃ ។
ទោះបីជាយ៉ាងណាលោកអះអាងថា ក្រុមការងារក្រសួងនឹងប្រឹងប្រែង រកប្រភពមកផ្ទៀងផ្ទាត់បន្ថែមទៀត៕


