កវីមានប្រជាប្រិយនៃកាព្យខ្មែរ ដែលនៅតែមានឈ្មោះល្បីល្បាញ ក្នុងស្រទាប់មហាជននោះ ត្រូវគេស្គាល់ថា ជាកវីក្រមង៉ុយ។ លោកត្រូវអ្នកសិក្សាអក្សរសិល្ប៍ ចាត់ទុកថាជាអ្នកប្រាជ្ញមួយផង ដ្បិតថាគ្រប់មាត់ គ្រប់សម្ដីនៃឃ្លាកាព្យរបស់លោក បានទូន្មានប្រៀនប្រដៅ ពន្យល់មនុស្សឱ្យប្រកាន់យកនូវសច្ចភាព ជឿជាក់លើខ្លួនឯង និងត្រូវចេះពិចារណាឱ្យ បានល្អិតល្អន់មុននឹងធ្វើអ្វីមួយ។
ជាក់ស្ដែងក្នុងច្បាប់ល្បើកថ្មី និពន្ធក្នុងឆ្នាំ១៩២២ ពីល្បះ ៧៨ ដល់ ល្បះ៨២ លោកបានណែនាំឱ្យកូនខ្មែរចេះរើស រកគូស្រករប្រកបដោយភាពឈ្លាសវៃ និងប្រុងប្រយត្ន។ សេចក្ដីនោះ កវី ក្រមង៉ុយ បានប្រដៅដល់កូនចៅប្រុសស្រីទាំងអស់ថា ប្រសិនជាកូនចៅទាំងប្រុស ស្រីចង់រកប្រពន្ធ គួររកស្រុកជិត ព្រោះល្អជាងយើងទៅរកស្រុកឆ្ងាយ ម្យ៉ាងអ្នកស្រុកជិតអាចជាញាតិផៅរបស់យើង ឬជាញាតិមិត្តភូមិផងរបងជាមួយគ្នា យើងអាចស្គាល់ពីពូជពង្ស ចរិតលក្ខណៈរបស់គេបានល្អជាងអ្នក ដែលនៅស្រុកឆ្ងាយដែលយើងមិនអាចដឹង និងស្គាល់បានអស់ពីចរិត ពូជពង្សរបស់គេនោះ។ ប្រសិនណាជាយើងរកប្រពន្ធប្ដីស្រុកឆ្ងាយវិញ គួរណាស់តែឱ្យម្ដាយទៅពិនិត្យឱ្យដឹង និងស្គាល់ពីពូជពង្សរបស់គេ ថាជាប្រភេទមនុស្សបែបណា ចរិតបែបណាជាដើម កុំឱ្យបានគ្នាហើយទើបថាខុស។
បន្ថែមពីនេះ កវីព្យាយាមបង្ហាញដល់កូនចៅខ្មែរទាំងអស់ថា កុំសូវជឿទៅលើក្បួនតម្រា ជឿទៅលើខែឆ្នាំ ព្រោះរឿងទាំងអស់នេះវាកើតមកពីមាត់មនុស្ស ឬពីមនុស្សជាអ្នកចារកំណត់មកទេ ដែលតាំងពីដូនតាមកគេចេះតែនាំគ្នាសម្គាល់ ឃើញថាបែបនេះ ឬបែបនោះតែប៉ុណ្ណោះ។ អ្វីដែលលោកចង់ប្រាប់ និងបង្ហាញ គឺឱ្យកូនចៅទាំងអស់គ្នាជឿតែលើពូជអម្បូរវិញទើបត្រឹមត្រូវជាង ដូចជាលោកតាបានបង្ហាញថា អម្បូរធ្លាប់ខូច វាតែងខូចជានិច្ច, ពូជមាន គឺមាន, ពូជទ័លគឺទ័ល, ពូជល្បែង, ពូជភ្លេងអារក្ខ ជាដើម គឺយើងមើលមិនជាក់ទេ ទើបលោកតម្រូវឱ្យយើង សង្កេតលើពូជនេះជាសំខាន់ជាង។
សូមរម្លឹកថា អ្នកភិរម្យភាសាអ៊ូ ហៅង៉ុយ លោកប្រសូតនៅឆ្នាំ១៨៦៥ ត្រូវនឹងពុទ្ធសករាជ២៤០៨ នៅភូមិព្រៃអណ្ដូងស្វាយ ឃុំកំបូល ស្រុកភ្នំពេញ (បច្ចុប្បន្នស្រុកអង្គស្នួល) ខេត្តកណ្ដាល។ លោកមានឈ្មោះកំណើត អ៊ុក អ៊ូ ហៅង៉ុយ។ អ្នកភិរម្យភាសាអ៊ូ ហៅង៉ុយ(ក្រមង៉ុយ) គឺជាគោរមងារមួយដែលហ្លួង ស៊ីសុវត្ថិ ប្រទានឱ្យកវី អ៊ុក អ៊ូ ហៅង៉ុយ។ គោរមងារនេះ អ្នកមុខអ្នកការទាំងឡាយតែង ហៅលោកថាអ្នកភិរម្យភាសាអ៊ូ ហៅង៉ុយ ព្រោះដើម្បីកុំឲ្យច្រឡំនឹងនាយក្រុមវាំងម្នាក់ នាសម័យនោះដែលមានឈ្មោះ អ៊ូ ដែរ។ ប៉ុន្តែឈ្មោះខ្លីដែលអ្នកស្រុកចូលចិត្តហៅ ហើយបន្តស្ថិតស្ថេរមកដល់ពេលនេះគឺឈ្មោះ ក្រមង៉ុយ។អ្នកភិរម្យភាសាអ៊ូ អនិច្ចកម្មនៅថ្ងៃសុក្រ ៦កើត ខែមិគសិរ ព.ស. ២៤៧៩ គ.ស. ១៩៣៦ ក្នុងជន្មាយុ៧១ឆ្នាំ ដោយជំងឺទល់លាមក៕
ដោយ៖ ហ៊ួន ស៊ីឡូន