ភ្នំពេញ ៖ យុវជនកម្ពុជា ឱ្យតម្លៃខ្ពស់ ចំពោះភាសាចិន ហើយចង់សិក្សារៀនភាសានេះ ដើម្បីងាយស្រួលស្វែងរកការងារធ្វើ និងពង្រីកទំនាក់ទំនង រវាងប្រទេសកម្ពុជា និងចិនឱ្យកាន់តែរឹងមាំទ្វេដង ខណៈដែលប្រទេសកម្ពុជា និងចិនមានកិច្ចសហប្រតិបត្តិការល្អ លើគ្រប់វិស័យ ។ ដូច្នេះអ្នកចេះភាសាចិន មានអាទិភាពខ្ពស់ក្នុងការទទួលបានការងារ នៅក្នុងវិស័យពាណិជ្ជកម្ម សេដ្ឋកិច្ច ទំនាក់ទំនងការងាររដ្ឋ និងរដ្ឋជាដើម ។
កញ្ញាអៀង សុជាតា ជានិស្សិតផ្នែកទំនាក់ទំនងអន្តរជាតិ នៃសកលវិទ្យាល័យភូមិន្ទភ្នំពេញ បានបង្ហាញនូវសារ សំខាន់ចំពោះភាសាចិន សម្រាប់រៀនសូត្រស្រាវជ្រាវ ហើយមានតម្រូវការទីផ្សារ ការងារនៅកម្ពុជា ៖
កញ្ញាសុជាតា បន្ថែមយ៉ាងដូច្នេះ ៖ «ខ្ញុំគិតថា សន្ទុះនៃការរៀនភាសាចិន ឥឡូវច្រើនមែនទែន ដោយសារតែឥឡូវហ្នឹង មិនថាក្មេងៗ ឬវ័យកណ្តាលទេ ពួកគាត់បានរៀនភាសាចិនជាច្រើន ។ ដោយសារតែសេដ្ឋកិច្ច ទីផ្សារយើងឥឡូវនេះ មានចិនចូលមកច្រើន អ៊ីចឹងយើងក៏រៀនភាសាចិន ហ្នឹងជាភាសាទីពីរ។ សម្រាប់ខ្ញុំផ្ទាល់ ខ្ញុំគិតថា មានការងារសម្រាប់អ្នកចេះភាសាចិនច្រើន ។ »
ជាមួយគ្នានេះ កញ្ញាឈួនសុភាវត្តីជានិស្សិតមួយរូបទៀត បានលើកឡើងដែរថា ភាសាចិននាពេលបច្ចុប្បន្ននេះ មានទីផ្សារខ្ពស់ ព្រោះមានវិនិយោគទុនចិន ជាច្រើនបានមកបណ្តាក់ទុន រកស៊ីនៅប្រទេសយើង ៖
កញ្ញាលើកឡើងថា៖ «ខ្ញុំមើលឃើញថា ភាសាចិននៅកម្ពុជាឥឡូវ មានការរីកចម្រើន ទូលំទូលាយជាងមុន ព្រោះប្រជាជនខ្មែរយើង ឬឪពុកម្តាយភាគច្រើន ពួកគាត់ឱ្យកូនរៀនភាសាចិន តាំងពីនៅតូចៗ ហើយពេលគាត់ធំឡើង នឹងមានភាពងាយស្រួល ទំនាក់ទំនងជាមួយជនជាតិចិន ព្រោះកម្ពុជាយើង មានទំនាក់ទំនង ជាមួយប្រទេសចិនខ្លាំង ។ បើយើងចេះភាសាចិនពីឥឡូវទៅក៏ល្អដែរ ។ »
លោកហេង ពិសិដ្ឋ អតីតនិស្សិតបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រនៅប្រទេសចិន ហើយបច្ចុប្បន្ន កំពុងបំពេញតួនាទីជាអ្នកបកប្រែភាសាចិនបានឱ្យដឹងថា ការចេះភាសាចិនគឺមានភាពងាយស្រួល ក្នុងការសិក្សាស្រាវជ្រាវពីប្រទេសចិន និងស្រួលរកការងារធ្វើនៅកម្ពុជា ៖
លោកបញ្ជាក់ដូច្នេះថា ៖ « ប្រទេសចិន គឺជាប្រទេសធំ មានប្រជាជនច្រើន មានប្រវត្តិសាស្ត្រ និងវប្បធម៌ ដ៏សម្បូរបែប ។ ពេលខ្ញុំចេះភាសាចិន ខ្ញុំអាចប្រាស្រ័យទាក់ទងជាមួយជនជាតិចិន ទូទាំងពិភពលោកយ៉ាងរលូន និងអាចស្វែងយល់ពីប្រវត្តិសាស្ត្រ វប្បធម៌ នៃអរិយប្រទេសដ៏ចំណាស់នេះ ។ ចំណុចសំខាន់មួយទៀតដោយសារនៅកម្ពុជា មានក្រុមហ៊ុនសហគ្រាសចិន មកវិនិយោគជាច្រើនខ្ញុំស្រួលរកការងារធ្វើទទួលបានប្រាក់បៀវត្សខ្ពស់ ធ្វើសេដ្ឋកិច្ចក្រុមគ្រួសារបានល្អប្រសើរ ។»
ជាការពិតណាស់ គេឃើញ មានយុវជនកម្ពុជា កាន់តែច្រើនបានរៀនភាសាចិនទាំងថ្នាក់ពេញម៉ោង និងថ្នាក់ក្រៅម៉ោង ទាំងនៅទីក្រុង និងជនបទព្រោះភាសាចិន មានតម្រូវការទីផ្សារការងារខ្ពស់មិនចំណាយពេលវេលាច្រើនសម្រាប់រៀនដូចជំនាញផ្សេងៗ។
សរុបសេចក្តីមក គ្រប់ជំនាញ គ្រប់ភាសាអន្តរជាតិទាំងអស់សុទ្ធតែសំខាន់ដូចគ្នា។ ក្នុងនោះភាសាចិន ក៏កំពុងតែមានទីផ្សារការងារនៅកម្ពុជាច្រើនផងដែរ។ ប្រសិនបើយើងមានជំនាញវិជ្ជាជីវៈមួយច្បាស់លាស់ បូកបន្ថែមជាមួយភាសាចិន គឺមានអាទិភាពក្នុងការជាប់ងារ ហើយមានប្រាក់ខែខ្ពស់។ យុវជននៅតាមខេត្តនានា បើទោះបីជាពួកគេ មិនបានរៀនចប់មធ្យមសិក្សាទុតិយភូមិឬបញ្ចប់ថ្នាក់ទី១២ក្តី ក៏ពួកគេមាន ឱកាសទទួលបានការងារ សមរម្យមានប្រាក់ខែខ្ពស់ដែរ ប្រសិនបើចេះភាសាចិន ព្រោះថា តាមរោងចក្រ សហគ្រាស ក្រុមហ៊ុនជាច្រើន មានថៅកែជាជនជាតិចិន ហើយសម្ភារៈភាគច្រើន ក៏សរសេរជាភាសាចិនដែរ ។ ដូច្នេះច្បាស់ណាស់គេ ត្រូវការកម្មករជំនាញ អាចចេះបកប្រែ និងនិយាយទំនាក់ទំនងគ្នា ជាភាសាចិនជាដើម ៕ ដោយលោកចេម វឌ្ឍនា វិទ្យុមិត្តភាពកម្ពុជាចិន