ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានណែនាំគ្រប់ភាគីពាក់ព័ន្ធ ត្រូវពង្រឹងកិច្ចសហការ ក្នុងការចុះអន្តរាគមន៍ ដល់ប្រជាជនរងគ្រោះ និងត្រូវគិតគូរលើភាពចាំបាច់ នៃការផ្តល់ជំនួយ ដល់ប្រជាកសិកររងគ្រោះ ដោយសារសត្វល្អិតចង្រៃ ដែលកំពុងបង្កផលប៉ះពាល់ ដល់ផលដំណាំកសិករ ។ នេះបេីយោងតាមសេចក្ដីប្រកាសព័ត៌មាន ស្ដីពី លទ្ធផលសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ដ្រី នាថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៤ នៅវិមានសន្តិភាព ។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានជម្រាបជូនអង្គប្រជុំគណៈរដ្ឋមន្ត្រីអំពីការផ្ទុះ ឡើងនូវសត្វល្អិតចង្រៃ ដែលកំពុងបង្កផលប៉ះពាល់ ដល់ផលដំណាំប្រជាកសិករ នៅតាមបណ្តាខេត្តមួយចំនួន។
សម្ដេចធិបតី បន្ដថា រាជរដ្ឋាភិបាល តាមរយៈក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាននិងកំពុងដាក់ចេញនូវវិធានការអន្តរាគមន៍ ជាច្រើន ដើម្បីកាត់បន្ថយផលប៉ះពាល់ និងព្យាយាមការពារការរីករាលដាលទៅកាន់ទីកន្លែងដទៃ។
សម្តេចធិបតី បានណែនាំឱ្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អាជ្ញាធរដែនដី ព្រមទាំងក្រសួង ស្ថាប័នពាក់ព័ន្ធ ពង្រឹងកិច្ចសហការក្នុងការចុះអន្តរាគមន៍ដល់ប្រជាជនរងគ្រោះ និងត្រូវគិតគូរលើភាពចាំបាច់នៃការផ្តល់ជំនួយ ដូចជា គ្រាប់ពូជ ឬ ធនធានចាំបាច់ដទៃទៀត ដល់ប្រជាកសិកររងគ្រោះ ដើម្បីឱ្យពួកគាត់អាចបន្តការដាំដុះឡើងវិញបាន និងសូមឱ្យបណ្តាក្រុមការងាររាជរដ្ឋាភិបាលចុះ មូលដ្ឋាននៅតាមទីតាំងដែលរងគ្រោះពីការផ្ទុះឡើងនូវសត្វល្អិតចង្រៃនេះ ពង្រឹងការចុះមូលដ្ឋានដើម្បីស្វែងយល់ ពីផលប៉ះពាល់ជាក់ស្តែង ព្រមទាំងរាយការណ៍ និងលើកជាអនុសាសន៍ជាក់លាក់ជូនរាជរដ្ឋាភិបាលតាមការចាំបាច់៕