ភ្នំពេញ៖ លោក ឃួង ស្រេង ប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ បានស្នេីឱ្យលោក ជិន ប៊ុនធឿន ដែលត្រូវបានតែងតាំង ជាប្រធានគណៈកម្មាធិការ គណបក្ស ប្រជាជន កម្ពុជាខណ្ឌឬស្សីកែវ និងក្នុងនាមជា ប្រធាន គណៈបញ្ជាការឯកភាពខណ្ឌ ត្រូវបន្តយកចិត្តទុកដាក់ ថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ពិសេសធ្វើយ៉ាងណាឱ្យភូមិ សង្កាត់ មានសុវត្ថិភាព ។

ការស្នេីរបស់លោក ឃួង ស្រេង ខាងលេីនេះធ្វេីឡេីង ក្នុងពិធីប្រកាសតែងតាំងលោក ជិន ប៊ុនធឿន ជាប្រធានគណៈកម្មាធិការ គណបក្ស ប្រជាជន កម្ពុជាខណ្ឌឬស្សីកែវ ជំនួសលោក ឯក ឃុនដឿន នាព្រឹកថ្ងៃទី០៦ ខែកក្កដាឆ្នាំ២០២៤នេះ នៅមជ្ឈមណ្ឌលម៉ូឌែន៥ សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ។

ក្ក្នុងឱកាសនោះ លោក ឃួង ស្រេង បានណែនាំ ឱ្យបន្តរឹតបន្តឹងច្បាប់ចរាចរណ៍ បង្រ្កាបគ្រឿងញៀន និងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ទៅតាមអនុសាសន៍ណែនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។

បន្ថែមពីនេះលោក ឃួង ស្រេង ក៏បានជំរុញឱ្យគណបក្សខណ្ឌ សង្កាត់ ត្រូវផ្ដល់សេវាជូនប្រជាពលរដ្ឋ ឱ្យបានលឿន និងមានតម្លាភាព ដើម្បីឱ្យប្រជាពលរដ្ឋ គោរពស្រលាញ់ ហើយបោះឆ្នោត ជូនគណបក្សប្រជាជនកម្ពុជា មានឱកាសអភិវឌ្ឍន៍ប្រទេស សម្រេចបាន នូវចក្ខុវិស័យក្លាយជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងក្លាយជាប្រទេសចំណូលខ្ពស់ នៅឆ្នាំ២០៥០។

លោក ឃួង ស្រេង ក៏បានសូមឱ្យគាំទ្រយ៉ាងពេញ ទំហឹងចំពោះគម្រោងព្រែកជីកហ្វូណនតេជោ អោយក្លាយជាចលនា ឯកភាពជាតិតែមួយ ដោយគម្រោង “ព្រែកជីកហ្វូណនតេជោ” មិនមែនជាទ្រព្យសម្បត្តិរបស់នរណាម្នាក់នោះទេ តែជាទ្រព្យរបស់ជាតិ និងប្រជាពលរដ្ឋកម្ពុជា យើងទាំងអស់គ្នា។

ដោយឡែកលោក ជិន ប៊ុនធឿន បានប្តេជ្ញាចិត្ត អនុវត្តដាច់ខាត តាមសេចក្តីសម្រេចរបស់សន្និបាតគណៈកម្មាធិការកណ្តាល នៃគណបក្សប្រជាជនកម្ពុជា និងប្តេជ្ញាការពារដាច់ខាតនូវសន្តិភាព ស្ថិរភាពនយោបាយ និងទប់ស្កាត់រាល់ការប៉ុងប៉ងបង្កនូវ ភាពចលាចលក្នុងសង្គមពីសំណាក់ក្រុមជ្រុលនិយម និងមជ្ឈដ្ឋានអគតិនានា។

ជាមួយគ្នានេះ លោកក៏បានប្តេជ្ញាយកចិត្តទុកដាក់ចុះជាប់ចលនាមហាជន សំដៅប្រមូលផ្តុំបាននូវកម្លាំងដ៏ធំទូលាយ និង ចូលរួមរាល់សកម្មភាព របស់គណបក្ស ។ ខិតខំដឹកនាំពង្រឹងដល់គណៈកម្មាធិការគណបក្ស ដែលត្រូវបានប្រគល់ ភារកិច្ចឱ្យទទួលបន្ទុកការងារនៅតាមមូលដ្ឋាន។ បង្កើនការកសាង និងពង្រឹងការងារគណបក្ស អំពីនយោបាយ សតិអារម្មណ៍ ចាត់តាំង លើកកម្ពស់សមត្ថភាព គុណភាពការងារ រក្សាសាមគ្គីភាព ឯកភាពផ្ទៃក្នុង និងពង្រីកអំពើល្អផងដែរ ៕





