ព័ត៌មានជាតិ

អគ្គនាយក ARDB ចូលរួមលើកទឹកចិត្ត និងទស្សនាផ្ទាល់ការប្រកួតបាល់ទាត់ ​ដណ្តើមពានរង្វាន់ លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន នៅស្រុកខ្សាច់កណ្តាល

រូបភាព៖ ហ្វេសប៊ុកផេក ARDB Bank

ភ្នំពេញ៖ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម​ (ARDB) និងសហការី នៅព្រឹកថ្ងៃទី៦​ ខែកក្កដា​ ឆ្នាំ២០២៤​នេះ​ បានចូលរួមទស្សនាការប្រកួតកីឡាបាល់ទាត់ ​ដណ្តើមពានរង្វាន់​ លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ វគ្គដណ្តើមលេខ៣​ និងលេខ៤​ រវាងក្រុមកីឡាយុវជនឃុំសន្លុង​ ប្រកួតជាមួយក្រុមកីឡាយុវជនឃុំកោះចូរ៉ាម​ នៅទីលានបាល់ទាត់​ នៃវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេស សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន រ៉ូតាខ្សាច់កណ្ដាល ដើម្បីលើកទឹកចិត្ត​ដល់ប្អូនៗកីឡាករ​។

ការប្រកួតនេះ ត្រូវបានធ្វើឡើង នៅស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ។ ដោយឡែកចំពោះលទ្ធផលនៃការប្រកួតព្រឹកនេះ​ បានទៅលើក្រុមកីឡាយុវជនឃុំកោះចូរ៉ាម ៣​ ទល់នឹង​ ១​ (គ្រាប់បាល់ប៉េណាំងទី)​​ ។ ការប្រកួតនៅព្រឹកនេះ​ គឺមានការចូលរួមទស្សនា យ៉ាងច្រើនកុះករ ពីសំណាក់យុវជន​ សិស្សានុសិស្ស​ និងបងប្អូនប្រជាពលរដ្ឋ​ ប្រកបដោយភាពសប្បាយរីករាយយ៉ាងខ្លាំង។

សូមជម្រាបថា​ នៅព្រឹកថ្ងៃអាទិត្យ​ ទី៧​ ខែកក្កដា​ ឆ្នាំ២០២៤​ ស្អែកនេះ​ គឺជាការប្រកួតវគ្គផ្តាច់ព្រ័ត្រ ដណ្តើមលេខ​ ១​ និង​ លេខ​ ២​ រវាងក្រុមកីឡាយុវជនឃុំវិហារសួគ៌​ និងឃុំពុកឫស្សី​ និងបិទវគ្គ​ប្រកួត​ ព្រមទាំងផ្តល់រង្វាន់ជ័យលាភី។

សូមរំលឹកថា ការរៀបចំឱ្យកម្មវិធីប្រកួតកី ឡាយុវជនជារៀងរាល់ឆ្នាំនេះ គឺជាការគិតគូរយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ របស់លោកអគ្គបណ្ឌិតសភាចារ្យ​ ឧបនាយករដ្ឋមន្រ្តី​ ក្នុងគោលបំណង (១)លើកកម្ពស់វិស័យកីឡា ឱ្យកាន់តែមានការីកចម្រើន, (២)បង្កើតឱ្យមានកម្មវិធីសប្បាយរីករាយ និង(៣)ផ្តល់ឱកាសឱ្យយុវជនក្នុងមូលដ្ឋាន បានជួបជុំស្គាល់គ្នា បង្កើតសាមគ្គីភាព មិត្តភាព រវាងយុវជនក្នុងឃុំជាមួយគ្នា និងយុវជនមកពីឃុំផ្សេងគ្នា និងជាពិសេសបំផុសស្មារតីយុវជន ឱ្យចូលចិត្តលេងកីឡា ពីព្រោះ ការលេងកីឡានាំមកនូវសុខភាពល្អ ជួយដល់យុវជនចៀសឆ្ងាយពីគ្រឿងញៀន ល្បែងស៊ីសង និងអំពើអបាយមុខគ្រប់ប្រភេទ, និង(៤)ផ្តល់ឱកាសដល់យុវជនធ្វើការអភិវឌ្ឍខ្លួន និងពង្រឹងសមត្ថភាពទាំងកាយសម្បទា រួមទាំងចំណេះដឹងជំនាញ ដើម្បីក្លាយជាទំពាំងដ៏មានសក្តានុពល សម្រាប់បន្តវេន ចូលរួមចំណែកក្នុងការអភិវឌ្ឍជាតិ ឱ្យកាន់តែរីកចម្រើន៕

To Top