ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ឱ្យដឹងថា ទោះបីជាមានការផ្លាស់ប្ដូរនាយករដ្ឋមន្ត្រី ក៏ដោយ ក៏ទំនាក់ទំនងកម្ពុជា-ជប៉ុន ពុំមានការផ្លាស់ប្ដូរទេ ផ្ទុយទៅវិញ មានតែជំរុញទំនាក់ទំនងនេះ ឱ្យកាន់តែល្អប្រសើរបន្ថែមទៀត។

ការបញ្ជាក់នេះ ធ្វើឡើងក្នុងពេលដែលសម្ដេច អនុញ្ញាតឱ្យលោកស្រី KAMIKAWA Yoko រដ្ឋមន្ត្រីការបរទេសជប៉ុន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៤ ។
សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ថា «កម្ពុជាតែងតែគាំទ្រ ចំពោះគំនិតផ្តួចផ្តើមរបស់ជប៉ុន ។ កម្ពុជាជាប្រទេសដំបូងគេ ដែលបានគាំទ្រ គំនិតផ្តួចផ្តើម ឥណ្ឌូ-ប៉ាស៊ីហ្វិក សេរីនិងបើកចំហរ (FOIP) របស់ជប៉ុន ហើយបានកត់សម្គាល់ថា កម្ពុជាមានជំហរមិនឆ្ងាយពីជប៉ុនទេ នៅក្នុងបញ្ហាអន្តរជាតិ និងក្នុងការរក្សា ឱ្យបាននូវផលប្រយោជន៍សម្រាប់ សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍន៍ក្នុងតំបន់»។

ចំពោះលោកស្រី KAMIKAWA Yoko បានបញ្ជាក់ពីបំណងចង់ឱ្យកម្ពុជា បន្តនិរន្តរភាពនៃការរីកចម្រើន នៅក្នុងកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់៣ រួមមាន ទី១ វិស័យហេដ្ឋារចនាសម្ព័ន្ធទឹក ដូចជា ទឹកស្អាត ប្រព័ន្ធចម្រោះទឹកកខ្វក់ ទី២ វិស័យឌីជីថល ដែលវិវត្តឥតឈប់ ដូចជា ប្រព័ន្ធ5G សន្តិសុខអ៊ីនធឺណិត (cyber security)…។ល។ ទី៣ ការតភ្ជាប់សមុទ្រ ដូចជា កិច្ចសហប្រតិបត្តិការផែសមុទ្រ ។
លោកស្រី បានគូសបញ្ជាក់ពីសារៈសំខាន់ នៃវិស័យសេដ្ឋកិច្ច និង បង្ហាញពីបំណងចង់ផ្សព្វផ្សាយ ពីសក្កានុពលសេដ្ឋកិច្ចរបស់កម្ពុជា ដើម្បីអាចទាក់ទាញក្រុមហ៊ុន វិនិយោគជប៉ុន បន្ថែមទៀតមកកម្ពុជា៕
