តាកែវ៖ ប្រជាពលរដ្ឋចំនួន៥៧ភូមិ នៃឃុំចំនួន៥ ក្នុងស្រុកសំរោង ខេត្តតាកែវ នឹងលែងមានបញ្ហាប្រឈមការខ្វះទឹកស្អាត សម្រាប់ប្រើប្រាស់ ដូចរៀងរាល់ឆ្នាំ ខណៈការស្ដារបឹងបត់រការ សម្រេចបានជិត៤ហិកតា ។ នេះបើតាមការបញ្ជាក់ពី ម្ចាស់សិប្បកម្មទឹកស្អាតបត់រកា។

សូមរំលឹកថា រាជរដ្ឋាភិបាល ដែលមានក្រសួងធនធានទឹកនិងឧតុនិយម ជាសេនាធិការ កាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៤កន្លងទៅថ្មីៗនេះ បានសម្រេចអនុញ្ញាត ឱ្យម្ចាស់សិប្បកម្មផលិតទឹកស្អាតបត់រកា ស្តារអាងទឹកបត់រកាចំនួន៥ហិកតា ដើម្បីរក្សាទឹកសម្រាប់ផលិតទឹកស្អាតផ្គត់ផ្គង់ ជូនប្រជាពលរដ្ឋនៅរដូវប្រាំង។

បើតាមលោក ហែម ម៉ាច ដែលជាម្ចាស់សិប្បកម្ម បានឱ្យដឹងថា គិតត្រឹមថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៤ ទំហំបរិមាណនៃការស្ដារបឹង សម្រេចបានប្រមាណជិត៤ហិកតា ហើយនឹងបន្តស្ដារបន្ថែមទៀតនាពេលខាងមុខ ឱ្យសម្រេចបានតាមផែនការ ដែលរាជរដ្ឋាភិបាលបានអនុញ្ញាត ។
លោកបញ្ជាក់ថា «បើតាមបរិមាណនៃការស្ដារបានក្នុងឆ្នាំនេះ ឆ្នាំក្រោយៗ អាចនឹងមិនប្រឈមនូវការខ្វះទឹកស្អាតសម្រាប់ប្រើប្រាស់ ទៀតនោះទេ»៕

