ភ្នំពេញ ៖ អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា លោក ប៉ែន បូណា បានរំលឹកថា ថ្នាក់ដឹកនាំកម្ពុជាមិនយកអធិបតេយ្យភាពខ្លួនទៅប្តូរយកជំនួយ ឬក៏ការអនុគ្រោះពន្ធណាមួយនោះទេ ដូច្នេះកុំព្យាយាមដាក់បន្ទុកលើកម្ពុជា។
ការលើកឡើងរបស់លោកប៉ែន បូណា ធ្វើឡើងបន្ទាប់ពីវិទ្យុបរទេសមួយបានផ្សាយកាលពីថ្ងៃ៦ កក្កដាថា សហភាពអឺរ៉ុបបង្ហាញការសោកស្ដាយ និងចាត់ទុកថាជារឿងអយុត្តិធម៌ ក្រោយតុលាការបានកាត់ទោសក្រុមយុវជនចលនាមាតាធម្មជាតិ៥រូប ឲ្យជាប់ពន្ធនាគារពី៦ទៅ៨ឆ្នាំ ពីបទរួមគំនិតក្បត់ និងប្រមាថព្រះមហាក្សត្រ ហើយបានបញ្ជូនពួកគេទៅដាក់ឃុំក្នុងពន្ធនាគារតាមខេត្តផ្សេងៗគ្នា ដោយសហភាពអឺរ៉ុបរំលឹកពីការដកហូតប្រព័ន្ធអនុគ្រោះពន្ធ EBA ២០% ពីកម្ពុជាកាលពីខែសីហា ឆ្នាំ២០២០ ដោយអះអាងថានេះ ជាការរំលោភសិទ្ធិមនុស្ស ។
ចំពោះករណីនេះ លោកប៉ែន បូណាតាមរយៈមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលនាថ្ងៃ៨ កក្កដា បានឆ្លើយតបទៅវិញ នូវចំណុចសំខាន់ៗ៤ ប៉ុន្តែទាក់ទងទៅនឹង EBA លោកសង្កត់ធ្ងន់ថា “ថ្នាក់ដឹកនាំកម្ពុជាយើងធ្លាប់បានបញ្ជាក់ជារឿយៗថា កម្ពុជាមិនយកអធិបតេយ្យរបស់ខ្លួន ទៅប្តូរជាមួយជំនួយ ឬការអនុគ្រោះពន្ធណាមួយទេ” ។
សម្រាប់៣ចំណុចផ្សេងទៀត ពាក់ព័ន្ធទៅនឹងផ្នែកច្បាប់វិញ លោកអះអាងទៀតថា កម្ពុជាគឺជារដ្ឋអធិបតេយ្យ ដែលមានប្រព័ន្ធតុលាការ ជាអ្នកអនុវត្តច្បាប់ក្នុងគោលដៅពង្រឹងនីតិរដ្ឋ ។ ការវិនិច្ឆ័យលើសំណុំរឿងណាមួយជំនួស ឲ្យប្រព័ន្ធតុលាការគឺជារឿងមួយមិនសមរម្យនោះទេ។
ចំពោះវិស័យបរិស្ថានលោកថា ក៏មានបុគ្គលជាច្រើនធ្វើការផ្នែកនេះ ដែរ ក្នុងក្របខណ្ឌច្បាប់យ៉ាងត្រឹមត្រូវ មិនមែនមានតែយុវជនមាតាធម្មតាជាតិ តែប៉ុន្មាននាក់នោះ ដែលដើរផ្ទុយពីច្បាប់ ហើយត្រូវបានក្រុមប្រឆាំងនាំគ្នា លើកតម្កើងនោះទេ ៕